សារសម្លេងសម្ដេចតេជោ ហ៊ុន សែន បកស្រាយបញ្ហាសំបុត្រចូលទស្សនាការបើក/បិទ និងការចូលទស្សនាការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! នៅសល់តែ ២ ថ្ងៃទៀតទេ ស៊ីហ្គេមនឹងចាប់ផ្តើមជាផ្លូវការ។ ប៉ុន្តែ មុនស៊ីហ្គេមបើកប្រកាសជាផ្លូវការ ក៏មានការប្រកួតមួយចំនួន ជាពិសេស គឺកីឡាបាល់ទាត់ និងវិញ្ញាសាខ្លះទៀតបាននិងកំពុងប្រកួតរួចមកហើយ។ បញ្ហាទាក់ទងនឹងសំបុត្រចូលមើល ចូលរួមបើក ចូលរួមបិទ និងការចូលមើលកីឡាបាល់ទាត់ បានក្លាយទៅជាប្រធានបទនៃការវែកញែក។ ក្នុងចំណុចនេះ អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិជាទីស្រឡាញ់ ព្រោះបញ្ហានេះ វាជាកត្តាសត្យានុម័តដែលយើងមិនអាចដោះស្រាយបាន ដោយសារតែស្តាដយើងជាស្តាដចាស់ អាចទទួលបានក្នុងកម្រិត ៣-៤ ម៉ឺននាក់ ក្នុងពេលដែលមនុស្សចង់ចូលមើលជាង ៣០ ម៉ឺននាក់ ឬ ៥០ ម៉ឺននាក់ឯណោះ។ ស្តាដថ្មីដែលនឹងត្រូវធ្វើពិធីបើក និងពិធីបិទ ដាក់ត្រឹមចំណុះ ៦ ម៉ឺន ឬ ៧ ម៉ឺននាក់ ក៏ប៉ុន្តែ មនុស្សមើល គឺឈានដល់កម្រិតអ្នកដែលចង់ចូលកន្លះលាននាក់។ ដូច្នេះអ្នកដែលបានទទួល(សំបុត្រ)ពិតជាសប្បាយរីករាយ អ្នកដែលមិនបានទទួល គឺពិបាកចិត្ត ហើយពេលខ្លះក៏មានការរិះគន់តាមរយៈហ្វេសប៊ុក មកលើអ្នកចាត់ការ។ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ថា យើងគ្មានជម្រើសឲ្យល្អជាងនេះទៀតទេ។ យើងទីធ្លាមានត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្តែមនុស្សចង់ចូលមើល គឺច្រើន។ ……