រដ្ឋមន្ដ្រី ស៊ុយ សែម ចាត់ទុកថា ការជីករណ្ដៅរ៉ែមាសដែលនាំឲ្យបាក់ដីសង្កត់មនុស្សស្លាប់ និងរបួស នៅស្រុកសំបូរ ជាសកម្មភាពខុសច្បាប់ ហាមមិនស្ដាប់, ក្រសួងនឹងបង្កើន វិធានការទប់ស្កាត់ទៀត
FN ៖ ករណីជីករករ៉ែមាសដែលនាំឲ្យបាក់ដីសង្កត់មនុស្សស្លាប់ និងរបួស នៅចំណុចត្រូន ភូមិអូរពារ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់មិញនោះត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ចាត់ទុកថា ជាសកម្មភាពខុសច្បាប់ទាំងស្រុង ហាមមិនដែលស្ដាប់នោះឡើយ។ ចំពោះវិធានការ នៅចំពោះមុខនេះ លោករដ្ឋមន្ដ្រី នឹងបង្កើនការទប់ស្កាត់បន្ដទៀត ដោយបញ្ជាឲ្យមន្ទីររ៉ែ និងថាមពលខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅអប់រំ និងពិនិត្យមើលជាក់ស្ដែង។ លោក ស៊ុយ សែម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា សកម្មភាពជីករករ៉ែ ដែលនាំឲ្យគ្រោះថ្នាក់ដាក់ដីស្លាប់ និងរបួសបែបនេះ គឺដោយសារតែជាសកម្មភាពខុសច្បាប់ មិនមានសុំការអនុញ្ញាតិពីមន្ដ្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធនោះឡើយ ហើយករណីនេះលោកទើបតែដឹងតាមការផ្សព្វផ្សាយ នាព្រឹកមិញនេះដែរ។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវតែជួយសហការ និងទប់ស្កាត់ ពីព្រោះសកម្មភាពលួចលាក់ដោយខុសច្បាប់បែបនេះ គឺនាំឲ្យមានគ្រោះថ្នាក់ហើយ។ បើតាមលោករដ្ឋមន្ដ្រី ការជីករករ៉ែ និងធនធានធម្មជាតិ នៅក្នុងដីនោះ ក្រសួងអនុញ្ញាតឲ្យត្រឹមតែ២០ម៉ែត្រប៉ុណ្ណោះ បើជ្រៅជាងនេះនឹងធ្វើឲ្យមានគ្រោះថ្នាក់ជាក់ជាមិនខានឡើយ…