FN ៖ ជាមួយនឹងការប្រកាសអំពីការបើកកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅរសៀលនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ឱ្យរីកចម្រើនព្រមៗគ្នា ដោយសន្យាមិនទុកឱ្យប្រទេសណាមួយនៅពីក្រោយឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖ កម្ពុជាអរគុណមិត្តចិនដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ដោយសន្យាមិនទុកឲ្យប្រទេសណាមួយនៅពីក្រោយឡើយ គឺយើងរីកចម្រើនទៅមុខទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ កម្ពុជារីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង។
លោកបណ្ឌិតសេដ្ឋកិច្ច សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាឧត្តមមន្រ្តីកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពន្យល់ថា ការរៀបចំព្រឹត្តិការណ៍មេគង្គ-ឡានឆាង នៅកម្ពុជាពេលនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាចំណេញច្រើនជាងខាត ដោយសារតែព្រឹត្តិការណ៍នេះមានគោលដៅ កាត់បន្ថយគម្លាតអភិវឌ្ឍរវាងអាស៊ានចាស់ និងអាស៊ានថ្មី។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏នឹងពិភាក្សាផ្តោតសំខាន់ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុមាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកសារសំខាន់ៗចំនួន៤ ត្រូវបានគេរំពឹងថា នឹងសម្រេចបានក្នុងកិច្ចប្រជុំនេះ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២
២៖ ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)
៣៖ បញ្ជីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាលទី២
៤៖ របាយការណ៍ស្តីពីវឌ្ឍនភាពរបស់ក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦
តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ចិនបានផ្តល់ជំនួយជាង ៧.៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោងសំខាន់ចំនួន១៦ នៅកម្ពុជាក្នុងដំណាក់កាលទី១៕