រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម ក្រោយដកចេញពីវិក្កយបត្រអគ្គិសនីកម្ពុជា
FN ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូនេះ បានចេញសេចក្តីណែនាំ ស្តីពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។ ក្នុងសេចក្តីណែនាំបានបញ្ជាក់ថា អនុលោមតាមបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា, រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និង សំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ។ រដ្ឋាបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់ ឱ្យដំណើរការពេញលេញ នូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង តទៅទៀតទេ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្នជាបណ្តោះអាសន្នសិន និងសូមប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃ សេវាប្រមូលសំរាម និងសំណល់រឹងដែលបានបង់រួចហើយកាលពីខែតុលា…