សេចក្តីដកស្រង់សង្កថា ក្នុងពិធីកាត់ប្ញសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផល ក្នុងវត្តព្រែកប្រា
ជ្រើសរើសពេលខ្នើតល្អជាងរនោច សម្រាប់បញ្ចុះ និងកាត់ឫសសីមា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួម ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យ ក៏ដូចជាសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលផ្សេងទៀត នៅក្នុងទីអារាមវត្តព្រែកប្រារបស់យើងនេះ។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវអំណរព្រះគុណ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទចំណុះជើងវត្ត ពិសេសសប្បុរសជនដែលបានចូលរួមកសាងនូវទីអារាម ព្រះវិហារ និងសមិទ្ធផលផ្សេងៗទៀត ដែលថ្ងៃនេះ យើងនឹងកាត់ឫសសីមា ហើយសម្ពោធដាក់ អោយប្រើប្រាស់។ ពិតណាស់ថា ឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ កំណត់ត្រឹមតែពីរវត្តតែប៉ុណ្ណោះ (ដើម្បីចូលរួម) កាត់ឫសសីមា។ ជាការគាប់ជួនដែលឯកឧត្តម អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានទៅជួប ខ្ញុំព្រះករុណាខ្ញុំ ដើម្បីសុំអោយមានការមកកាត់ឫសសីមានៅវត្តនេះ ហើយក៏បានរើសចំថ្ងៃ ១២ កើត ខែ មាឃ មុនពេលមាឃបូជាមកដល់។ តាមទម្លាប់របស់ ខ្ញុំព្រះករុណាខ្ញុំ មានវិធីជ្រើសរើសការធ្វើបុណ្យធ្វើទាន។ យកខ្នើត? មិនយករនោចទេ។ អានេះត្រូវជឿខ្លះផង អាហ្នឹងគេថា អាគមន៍ផ្សំអាយូស។ អញ្ចឹងទេ យើង ១២ កើត…