FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា។ ការជួបសំណេះសំណាលគឺជាការ ផ្តល់កិត្តិយស និងកម្លាំងចិត្តដល់កីឡាការិនីខ្មែរ ដែលបានប្រឹងប្រែងប្រកួតដណ្តើម មេដាយមាសកម្រិតពិភពលោក។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានរាជរដ្ឋាភិបាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទេវតាឆ្នាំមិនធ្វើឲ្យកម្ពុជាខកបំណងនោះទេ តែបើពឹងផ្អែក និងផ្តេកផ្តួលតែលើទេវតា ក៏ប្រហែលកម្ពុជា មិនអាចទទួលបានមេដាយមាសពិភពលោកនោះឡើយ។ សម្តេចតេជោ បានថ្លែងថា កីឡាការិនី អ៊ុក ស្រីមុំ បាននាំយកមកនូវមោទនភាពជាតិមួយ តាមរយៈការដណ្តើម មេដាយមាសកម្រិតពិភពលោកនេះ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែអំណរគុណដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំពោះការប្រឹងប្រែងរហូតនាំមកនូវមោទនភាព និងកិត្តិយសជូនជាតិ តែក៏រំពឹងប្រឹងប្រែងបន្តទៀត ដើម្បីនាំមកនូវជ័យជម្នះថ្មីៗបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការជ្រើសយកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើជាប្រធានសហព័ន្ធកីឡាប៉េតង់ ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដើម្បីជំរុញកីឡាប៉េតង់នេះ ឈានទៅភាពកាន់តែល្អប្រសើរ។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាកំពុងបានទទួលជោគជ័យជាបណ្តើរៗ និងឈានទៅរកភាពស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ។ សម្តេចថា ការទទួលបាន ជោគជ័យលើផ្នែកកីឡានេះ មិនពឹងផ្អែកលើប្រទេសធំ ឬ ប្រទេសតូចនោះទេ តែគឺពឹងផ្អែកលើការខិតខំដោយផ្ទាល់របស់កីឡាករ កីឡាការិនី។
* សម្តេចតេជោ ហ៊ុន សែន បានហៅការជួបជុំពិសាអាហាររវាងសម្តេច ជាមួយក្រុមកីឡាករ និងកីឡាការិនី គឺជាការបំបែកកំណត់ត្រាមួយ ដែលមិនធ្លាប់មាន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកធ្លាប់ឧបត្ថម្ភគាំទ្រដល់វិស័យកីឡា ឲ្យបន្តជួយគាំទ្រដល់វិស័យកីឡា។
* សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចមិនមានទម្លាប់សន្យាហើយទុកចោលនោះទេ គឺសម្តេចតែងតែធ្វើនូវអ្វីដែលសម្តេចបាននិយាយ។
* ឆ្លើយតបការរិះគន់ថា សម្តេចលំអៀងយកចិត្តតែកីឡាបាល់ទាត់ មិនយកចិត្តលើកីឡាប្រដាល់នោះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា សម្តេចជាអ្នកបានយកចិត្តទុកដាក់មុនគេលើកីឡាប្រដាល់នេះ ហើយភរិយាសម្តេចតែងមានការឧបត្ថម្ភចំពោះកីឡាករប្រដាល់ដែលជួបបញ្ហាផងដែរ។ តែការជួយឧបត្ថម្ភនោះ មិនដែលប្រកាសឲ្យដឹងនោះទេ។ សម្តេចបានរំលឹកថា សម្តេចយកចិត្តទុកដាក់ស្មើៗគ្នា លើគ្រប់ប្រភេទកីឡាទាំងអស់។
* ឆ្លើយតបចម្ងល់មួយចំនួនថា តម្លៃខ្លួនកីឡាករខ្មែរ មិនដូចតម្លៃខ្លួនកីឡាករបរទេសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើចង់បានតម្លៃខ្លួនដូចកីឡាករ ម៉ែននី ប៉ាគីអាវ វាយឲ្យល្បី និងឲ្យខ្លាំងដូច ប៉ាកគីអាវ ទៅនឹងបានតម្លៃខ្លួនថ្លៃដែរហើយ។
* ប្រមុខរដ្ឋាភិបាលសម្រេចផ្តល់ប្រាក់លើទឹកចិត្តដល់កីឡាការិនី អ៊ុក ស្រីមុំ ចំនួន១២០លានរៀល និងប្រាក់ឧបត្ថម្ភ១ម៉ឺនដុល្លារផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតុំ។ លោក សុខ មុំ គ្រូបង្វឹក ទទួលបានថវិកាពីរដ្ឋ ១២០លានរៀល និងទទួលបានការឧបត្ថម្ភពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៣ពាន់ដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ដល់ក្រុមអ្នកនយោបាយក្រៅរដ្ឋាភិបាល ដែលមិនមានផ្ញើសារសាទរចំពោះកីឡាករ កីឡាការិនីខ្មែរ ទទួលបានមេដាយកម្រិតពិភពលោក។ សម្តេចបានលើកឡើងថា បើមិនទទួលស្គាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាល កើតពីគណបក្សប្រជាជនកម្ពុជា វាជារឿងធម្មតា តែអ្វីរឿងកីឡាជារឿងជាតិទាំងមូល ក៏មិនមានការសាទរដែរ។
* ថ្លែងដោយមិនចំពោះ តែគេដឹងបានថា សម្តៅដល់លោក សម រង្ស៊ី នោះ សម្តេចតេជោ បានហៅលោក សម រង្ស៊ី ជាអ្នកនយោបាយឆោតល្ងង់មួយរូប ដោយមិនចេះប្រើ ឱកាសដើម្បីផ្សះផ្សារទំនាស់។ សម្តេចតេជោ ថ្លែងថា បើឆ្លៀតក្នុងឱកាសសម្តេចទទួលបានពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយផ្ញើសារជូនពរសម្តេច នោះនឹងធ្វើឲ្យសម្តេចពិបាកក្នុងសម្រេចចិត្តថា ត្រូវឆ្លើយ ឬមិនឆ្លើយលើសារជូនពរនោះ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បោះឆ្នោតឲ្យគណបក្សប្រជាជន គឺរក្សាបាននូវសន្តិភាព ប្រជាពលរដ្ឋអាចរស់នៅដោយសុខដុមនាទាំងអស់គ្នា, តើគួរបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា កាន់អំណាច បន្តទៀតឬយ៉ាងណា ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនកាន់អំណាច មិនប្រាកដថា សន្តិភាពរក្សានោះទេ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នេះមិនមែនសារឃោសនាបោះឆ្នោតនោះទេ គ្រាន់តែជាការរំលឹកដាស់តឿនក្នុងការពិចារណាសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិមានសន្តិភាព មិនមែនសង់ឡើងសម្រាប់តែសម្តេចធ្វើការនោះទេ ពោលគឺសង់ឡើងសម្រាប់ខ្មែរគ្រប់រូប ជាពិសេសអ្នកដែលឡើងកាន់ ការប្រទេសជាតិជំនាន់ក្រោយៗទៀត។