សុន្ទរកថា និងប្រសាសន៍ក្រៅសន្ទរកថា, ពិធីបិទសន្និបាតបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ឆ្នាំ ២០១៥-២០១៦ និងទិសដៅការងារឆ្នាំ ២០១៦-២០១៧
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនតំណាងកសិករ និង អង្គសន្និបាតទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៥-២០១៦ និងទិសដៅការងារ ឆ្នាំ ២០១៦-២០១៧» នាពេលនេះ។ ជាបឋមខ្ញុំសូមសំដែងនូវការស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និង បងបូនតំណាងកសិករ ឆ្នើមទូទាំងប្រទេស ដែលបានអញ្ជើញចូលរួម ក្នុងពិធីបិទសន្និបាតដ៏មានអត្ថន័យនេះ ។ តាមរយៈរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅឆ្នាំ ២០១៥ កន្លងទៅនេះ ទោះបីជាប្រទេសយើងបានទទួលរងនូវបាតុភូតគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួត ដែលបានអូសបន្លាយ កាលពីដើមរដូវវស្សារយៈពេលយូរក៏ដោយ ក៏វិស័យកសិកម្មយើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង យើងទទួលបានផលិតផលស្រូវសរុបក្នុងបរិមាណជាង ៩,៣៣ លានតោន និងអតិរេកស្បៀង ប្រមាណ ៤,៦…