FN ៖ ខណៈដែលប្រទេសឡាវ មិនមានកំពង់ផែ ដើម្បីដឹកទំនិញតាមសមុទ្រនោះ កម្ពុជាបានសម្រេចបើកផ្លូវឱ្យមិត្តជិត ខាងមួយនេះ ប្រើប្រាស់កំពង់ផែ ផ្លូវទឹក និងផ្លូវគោករបស់ខ្លួន ដើម្បីដឹកទំនិញចេញចូល។
ការបើកផ្លូវឱ្យភាគីឡាវប្រើប្រាស់ កំពង់ផែ ផ្លូវទឹក និងផ្លូវគោកកម្ពុជានេះ ត្រូវបានបញ្ជាក់ជាថ្មីដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈជួបពិភាក្សាជាមួយ ប្រធានរដ្ឋឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅវិមានសន្តិភាពកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ស្តីអំពីលទ្ធផលផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីឡាវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃខ្ពស់របស់ ប្រធានរដ្ឋឡាវ និងបានបញ្ជាក់ជាថ្មីថា កម្ពុជានឹងអនុញ្ញាតឱ្យប្រទេសប្រទេសឡាវជាមិត្តប្រើប្រាស់កំពង់ផែ និងផ្លូវទឹក ផ្លូវគោកកម្ពុជា សម្រាប់ការដឹកទំនិញចេញចូល ដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស នៅភាគខាងត្បូងនៃប្រទេសឡាវ និងនៅភាគឦសាននៃកម្ពុជា ឱ្យកាន់តែរីកចំរើន»។
ភាគីទាំងពី ក៏បង្ហាញអំពីភាពរីករាយចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ប្រសើរ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ ដែលមិត្តភាពនេះ បានផ្តល់ប្រយោជន៍ សម្រាប់ប្រជាជនទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដូចជាវិស័យអប់រំ ពាណិជ្ជកម្ម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការកាប់ឈើខុសច្បាប់ជាដើម។
កម្ពុជា-ឡាវ ក៏បានបង្ហាញអំពីលទ្ធផល នៃភាគីទាំងពីរសម្រេចបាននាថ្មីៗនេះ ផងដែឬ ក្នុងនោះមានដូចជា ការដាក់ឱ្យប្រើប្រាស់ប័ណ្ណឆ្លងកាត់ព្រំដែន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ និង ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវច្រកទ្វារអន្តរជាតិ និងអគារត្រួតពិនិត្យត្រពាំងក្រៀល-ណងណុកខៀន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ផងដែរ។
ការប្រើប្រាស់ប័ណ្ណឆ្លងកាត់ព្រំដែន និងការសម្ពោធច្រកអន្តរជាតិនេះ មិនត្រឹមតែជួយសម្រួលការឆ្លងកាត់ព្រំដែន របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពាណិជ្ជកម្ម និងទេសចរ៕