FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែង សូមស្វាគមន៍គម្រោងហោះហើរ របស់អាកាសចរណ៍ដ៏ល្បី របស់ពិភពលោក Emirates Airline នៅក្នុងខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានបញ្ជាក់ថា កំណើនភ្ញៀវទេសចរមកកម្ពុជា កំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយព្រលានយន្តហោះកម្ពុជា ក៏កំពុងរៀបចំពង្រីក និងកែលម្អបំពាក់ដោយឧបករណ៍ទំនើបៗ ដែលបង្កលក្ខណៈកាន់តែងាយស្រួល ដល់អ្នកទេសចរ និងពាណិជ្ជករមកកម្ពុជា។
សម្តេចតេជោបន្ថែមឲ្យដឹងថា កម្ពុជាកំពុងទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍បរទេស ជាច្រើនមកវិនិយោគ នៅប្រទេសកម្ពុជា បន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន សរសេរលើ Facebook យ៉ាងដូច្នេះថា «ប្រទេសកម្ពុជាយើង ចាប់តាំងពីទទួលបានសន្តិភាពមក គឺប្រជាពលរដ្ឋរស់នៅសុខសប្បាយ ហើយមានឱកាសគ្រប់ៗគ្នា។ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ គឺបានទាក់ទាញ វិនិយោគទុនជាតិ និងអន្តរជាតិយ៉ាងច្រើនមកបណ្តាក់ទុន។ កំណើនទេចរណ៍ ក៏កំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយព្រលាន យន្តហោះកម្ពុជា ក៏កំពុងរៀបចំពង្រីក និងកែលម្អបំពាក់ ដោយឧបករណ៍ទំនើបៗ ដែលបង្កលក្ខណៈកាន់តែងាយស្រួល ដល់អ្នកទេសចរ និងពាណិជ្ជករមកកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើន មកវិនិយោគនៅប្រទេសយើងទៀតផង។ កម្ពុជាសូមស្វាគមន៍ គម្រោងហោះហើរ នៃអាកាសចរណ៍ Air Emirates មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ!»។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បី របស់ពិភពលោក គឺក្រុមហ៊ុន Emirates Ariline បានប្រកាសថា ខ្លួននឹងបើកដំណើរការ ជើងហោះហើរ ជាលើកដំបូង មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជានៅខែកក្កដា ឆ្នាំំ២០១៧ ខាងមុខនេះ។
ក្រុមហ៊ុននេះបានលើកឡើងថា ទីក្រុងភ្នំពេញ នៅប្រទេសកម្ពុជានឹងក្លាយជា ទិសដៅថ្មីបំផុតរបស់ខ្លួន ដោយត្រូវធ្វើការបំរើសេវា ជើងហោះហើរ ចាប់ពីខែកក្កដា ក្នុងឆ្នាំនេះទៅ ដោយប្រើយន្តហោះ Boeing 777-300ER មានថ្នាក់២ប្រភេទ។ ខ្សែជើងហោះហើរថ្មី ពីទីក្រុងឌូបៃទៅទីក្រុងយ៉ាងហ្គន និងទៅដល់ទីក្រុងភ្នំពេញ ក៏នឹងផ្តល់លទ្ធភាពឲ្យអ្នកធ្វើដំណើរដទៃ មកពីទីក្រុងយ៉ាងហ្គនធ្វើដំណើរ មកទីក្រុងភ្នំពេញ និងត្រឡប់ទៅវិញផងដែរ។
ក្រុមហ៊ុន Emirates នឹងក្លាយក្រុមហ៊ុនអ៊ែរឡាញតែមួយគត់ ដែលមានជើងហោះហើរផ្ទាល់ ភ្ជាប់ទីក្រុងទាំងពីរខាងលើនេះ៕