FN ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបង្ហាញថា នៅឆ្នាំ២០១៦ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួន «៥,០១១,៧១២នាក់» ដែលកើនឡើង ៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥។ ចំណែកភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសវិញនោះ មានចំនួន «១,៤៣៤,០៣០នាក់» គឺកើនឡើង ២០.១ភាគរយ។
របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០១៦ គឺនៅតែជាភ្ញៀវជនជាតិវៀតណាម ដែលមានចំនួន ៩៥៩,៦៦៣នាក់ តែមានការថយចុះ ២.៨ភាគរយ ខណៈភ្ញៀវជនជាតិចិន មានចំនួន ៨៣០,០០៣នាក់ កើនឡើង ១៩.៥ភាគរយ។ ក្នុងនោះភ្ញៀវទេសចរ មកតាមផ្លូវអាកាសមានចំនួន ២,៧០៤,៣៦៧នាក់ កើនឡើង ៩.២ភាគរយ ផ្លូវគោកចំនួន ២,១៥៣,៩៣២នាក់ និងផ្លូវទឹក មានចំនួន ១៥៣,៤១៣នាក់។