សន្និសីទកាសែត ស្តីពីការបើកឲ្យប្រើប្រាស់ កម្មវិធីមូលនិធិហិរញ្ញវត្ថុរួមគ្នា
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដោយសារតែគ្នាយើងមិនច្រើនពេក ខ្ញុំគិតថាសុន្ទរកថាព្រៀងទុករបស់ខ្ញុំទុកចែកជូនអស់លោក លោកស្រី ជាក្រោយ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដោយសារតែជាប្រទេសអាស៊ីទី ១ ដែលបានចូលរួមនៅក្នុងយន្តការថ្មីរបស់យើង។ ពិតណាស់ហើយ បញ្ហាប្រឈមធំនៃប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសដែលកំពុងងើបឡើង គឺពាក់ព័ន្ធធំជាងគេលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនេះឯង។ បើសិនជាយើងពិនិត្យមើលទៅលើគម្រោងដែលយើងធ្លាប់មានពីបណ្តាប្រទេសនានា ប្រហែលជានៅមានគំនរផែនទីយ៉ាងធំ យ៉ាងខ្ពស់នៅក្នុងឃ្លាំង តែគេពុំមានថវិកាគ្រប់គ្រាន់ដើម្បីនឹងធ្វើនោះទេ។ យើងគ្រាន់តែលើកអំពីបញ្ហាទាក់ទងនឹងអាស៊ី គឺថា មាន Highway អាស៊ី មាន Highway អាស៊ាន មានផ្លូវដែកអាស៊ាន សាំងហ្គាពួរ-គួនមីង។ បើយើងនិយាយពីប្រមូលសុន្ទរកថារបស់ប្រមុខរដ្ឋៗ នៃបណ្តាប្រទេស និងផែនទីដែលបានគូសគម្រោងការផ្លូវនោះ គឺប្រហែលជាយើងមាន ២ ទៅ ៣ ឃ្លាំងឯណោះ ក៏ប៉ុន្តែ បញ្ហាធំតើវានៅត្រង់ណា? គឺត្រង់ហិរញ្ញប្បទាន ដែលនឹងត្រូវផ្តល់សម្រាប់ការអនុវត្តគម្រោងនោះឯង។ ជាភ័ព្វសំណាង នៅប្រទេសមួយចំនួនដែលចិនបានដាក់ចេញ នូវខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ ហើយដែលបន្ថែមនូវមូលនិធិផ្លូវសូត្រ ជាថវិកា ៤០ ពាន់លានដុល្លារអាមេរិកតែម្តង បន្ថែមទៅដោយការបង្កើតឡើងនូវធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ប៉ុន្តែ បញ្ហានេះ ខ្ញុំគិតថាវាមិនគ្រប់គ្រាន់ទេ វាទាមទារនូវការចូលរួមនូវវិស័យឯកជន ទើបអាចប្រមូលនូវធនធានធ្វើហេដ្ឋារចនាសម្ព័ន្ធបានគ្រប់គ្រាន់។…