FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា ក្រសួងសង្គមកិច្ចដែលជា សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា លើផែនការសកម្មភាពជាតិ ចូលរួមកាត់បន្ថយកុមារដែលរស់នៅ តាមមណ្ឌលកុមារកំព្រារយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ឲ្យបាន៣០ភាគរយ ដើម្បីបង្ការ ការបញ្ចូលកុមារងាយរងគ្រោះ ទៅមណ្ឌលថែទាំ ក្នុងគោលបំណងទប់ស្កាត់ អំពើរំលោភបំពាននានា ឲ្យបានល្អប្រសើរទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក វង សូត បានបន្ថែមទៀតថា ផែនការសកម្មភាពនេះ នឹងគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការគ្រប់គ្រង មណ្ឌលថែទាំកុមារ ដែលជាសមិទ្ធផលគោលនយោបាយ ដ៏មានសារៈសំខាន់មួយ ដើម្បីគ្រប់គ្រងការថែទាំកុមារ តាមមណ្ឌលនៅកម្ពុជា។
ផែនការសកម្មភាពនេះ មានយុទ្ធសាស្រ្តសំខាន់ៗចំនួន១១ រួមមានជុំវិញការពង្រឹងក្របខណ្ឌបទដ្ឋានគតិយុត្តិ ការពង្រីកសេវាបង្ការ និងឆ្លើយតបប្រកបដោយគុណភាព ការកសាងប្រព័ន្ធសង្គមកិច្ច ការពង្រីកប្រព័ន្ធពិនិត្យតាមដាន និងអធិការកិច្ច ការលើកកម្ពស់សមត្ថភាពរដ្ឋបាល នៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តផែនការនេះ និងកសាងនូវ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលរឹងមាំ។
ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ នូវបាយការណ៍ស្តីពីការកំណត់ ទីតាំងកន្លែង ថែទាំកុមារ ក្នុងរាជធានីខេត្តទាំង២៥ នៃប្រទេសកម្ពុជា និងផែនការពង្រឹងការថែទាំកុមារ និងសមាហរណកម្មកុមារចំនួន៣០ភាគរយ ពីមណ្ឌលថែទាំកុមារ ទៅកាន់គ្រួសារប្រកបដោយសុវត្ថិភាពពីឆ្នាំ២០១៦ ទៅឆ្នាំ២០១៨ រៀបចំធ្វើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ។
ជាការកត់សំគាល់ ផែនការសមាហរណកម្មកុមារចំនួន៣០ភាគរយ ពីមណ្ឌលទៅកាន់គ្រួសារ និងសហគមន៍វិញ ប្រកបដោយសុវត្ថិភាព ត្រូវបានរៀបចំឡើងស្របតាមផែន ការយុទ្ធសាស្រ្តរបស់ក្រសួង ក៏ដូចជាលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ធានាសំដៅគ្រប់គ្រងមណ្ឌលថែទាំកុមារ និងប្រគល់មុខងារគ្រប់គ្រង មណ្ឌលថែទាំកុមាររបស់រដ្ឋ ឲ្យទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ប្រកបដោយប្រសិទ្ធភាព។
ប្រមុខក្រសួងសង្គមកិច្ច បានប្តេជ្ញាចិត្តអនុវត្តផែនការនេះ ប្រកបដោយប្រសិទ្ធភាព ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ «ឧត្តមប្រយោជន៍កុមារ» «ការមិនបង្កការឈឺចាប់ដល់កុមារ» និង «សមធម៌» ផងដែរ។
កាលពីខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីមានកិច្ចពិគ្រោះយោបល់ ជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ កន្លងមក ផែនការនេះមានគោលបំណងកែលម្អប្រព័ន្ធថែទាំជំនួសជាពិសេសការកាត់បន្ថយ ចំនួនកុមាររស់នៅក្រៅការថែទាំពីគ្រួសារ និង កុមារននៅតាមមណ្ឌលថែទាំនានា។
គួរបញ្ជាក់ថា កុមារចំនួន ១៦,៥៧៩នាក់ (កុមារី៤៧ភាគរយ) កំពុងរស់នៅក្នុងមណ្ឌលថែទាំកុមារចំនួន ៤០៦កន្លែង មានមណ្ឌលថែទាំកុមារចំនួន ២៦៧ កន្លែងដែលមានកុមារស្នាក់នៅចំនួន ១១,៧៨៨ នាក់ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
ក្រសួងបានសម្រេចជ្រើសរើសយករាជធានីភ្នំពេញ និងខេត្តទាំង៤ នេះជាចំណុចសាកល្បង ក្នុងការធ្វើសមាហរណកម្ម កុមារពីមណ្ឌលថែទាំឲ្យបានចំនួន ៣០ភាគរយ ទៅកាន់គ្រួសារ និង សហគមន៍ នៅចុងឆ្នាំ២០១៨។ រីឯបណ្តាលខេត្តផ្សេងៗទៀត ក្រសួង និងអង្គការជាដៃគូរ បាននិងកំពុងសិក្សាដើម្បីធានាថា កុមារត្រូវបានទុកដាក់ប្រកប ដោយសុវត្ថិភាព និងមានភាពកក់ក្តៅ៕