សម្តេចតេជោ ហ៊ុន សែន៖ ២៩ ខែធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់ ដែលខ្មែរគ្រប់និន្នាការនយោបាយ «ឈ្នះទាំងអស់គ្នា»
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកនយោបាយ «ឈ្នះ-ឈ្នះ» បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលខ្មែរគ្រប់និន្នាការនយោបាយបាន «ឈ្នះទាំងអស់គ្នា»។ សម្តេចតេជោ ហ៊ុន សែន ដែលជារដ្ឋបុរសមួយរូបប្រឹងប្រែងស្វែងរកសុខសន្តិភាពនៅកម្ពុជា បានគូសបញ្ជាក់លើទំព័រ Facebook ថា ទោះបីយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏ភាគីកម្ពុជាប្រជាធិបតេយ្យ ឬហៅថាខ្មែរក្រហមនោះ នៅបន្តគ្រប់គ្រងតំបន់មួយចំនួនដែលពួកគេកាន់កាប់ជាមួយគ្រឿងអាវុធយុទ្ធភ័ណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយខ្មែរក្រហមបានបន្តបង្កសកម្មភាពគ្រោះថ្នាក់ជាច្រើនដល់ប្រទេសជាតិ និងបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរបរទេសផងដែរ។ បុរសដែលបានហែលឆ្លងក្នុងសមរភូមិសង្គ្រាមតាំងពីទសវត្សរ៍ឆ្នាំ៧០រូបនេះ បានថ្លែងបញ្ជាក់ថា «ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិទាំងមូលទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខ្ញុំបានសម្រេចដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ដែលធានាដល់អាយុជីវិត និងកម្មសិទ្ធិនានារបស់ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅពេលពួកគេទម្លាក់អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូលនៃរាជរដ្ឋាភិបាលតែមួយ និងនាយករដ្ឋមន្រ្តីតែមួយ ទើបបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញរហូតមកទល់សព្វថ្ងៃនេះ»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ…