សេចក្ដីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ៥៥ និងប្រកាសបើកការដ្ឋាន ផ្លូវជាតិ លេខ១០
រីករាយចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ ៥៥ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Wang WenTian អគ្គរដ្ឋទូតវិស្សមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រិយមិត្តចិន។ សម្តេច ឯកឧត្តម និងលោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម។ សូមគោរពចំពោះលោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ជាទីគោរព ស្រលាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវលេខ ៥៥ ប្រវែង ១៨២ គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ប្រវែង ១៩៨ គីឡូម៉ែត្រ។ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់នេះនិយាយដោយឡែក។ «អរគុណសន្តិភាព» … ស្រុកវាលវែង ជួរភ្នំក្រវាញ កម្រត្រួតត្រាបានដោយរដ្ឋាភិបាល មុនចូលដល់បញ្ហាទាក់ទិនជាមួយនឹងបញ្ហានិយាយដល់ផ្លូវនេះ ខ្ញុំព្រះករុណាខ្ញុំ គួរតែស្រែកថា «អរគុណ សន្តិភាព» ហើយក៏សុំនិទានរឿងបន្តិចទាក់ទងនឹងតំបន់នេះ និងការតភ្ជាប់ពីតំបន់នេះ តើស្ថានភាពវាបែបណា។ ហើយថ្ងៃនេះកាលពីអតីតកាលស្ថានភាពបែបណា?…