សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ខួបលើកទី ១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា
– សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ – បងប្អូនអតីតយុទ្ធជនទាំងអស់ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុង ពិធីអបអរសាទរគម្រប់ខួបលើកទី ១១ ទិវាអតីតយុទ្ធជន កម្ពុជា (២១ មិថុនា) ដែលបានរៀបចំឡើងនាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលមកពីបណ្តារាជធានី-ខេត្ត សរុបចំនួនប្រមាណជាង ៣ ២០០ នាក់ ដែលបានមកចូលរួមក្នុងពិធីនាថ្ងៃនេះ។ ការប្រារព្ធទិវានេះ ក្នុងស្មារតីសំដែងការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល, វីរយុទ្ធជន, យុទ្ធនារី, ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលិកម្មបូជាសាច់ស្រស់, ឈាមស្រស់ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្តាប់ដៃ នៃរបប ប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមលំឱនកាយ, គោរពចំញេះវិញ្ញាណក្ខ័ន្ធបងប្អូន វីរយុទ្ធជន, វីរយុទ្ធនារីកម្ពុជា ដែលបានធ្វើមហាពលិកម្ម ដើម្បីបុព្វហេតុការពារជាតិមាតុភូមិជាទីស្នេហានៃយើង។ ខ្ញុំក៏សូមផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជន ព្រមទាំងកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនៅទូទាំងប្រទេស និងដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្នុងក្របខណ្ឌប្រតិបត្តិការ នៃអង្គការសហប្រជាជាតិ។ កម្ពុជាធ្លាប់បានហែលឆ្លងកាត់នូវដំណាក់កាលដ៏ជូរចត់ និងផ្លាស់ប្តូរជាប្រវត្តិសាស្ត្រជាច្រើនលើក ដែលប្រជាជន កម្ពុជាមិនឤចបំភ្លេចបាន។ គិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ដែលដឹកនាំដោយ លន់ នល់ ឃុបឃិតជាមួយបរទេស បានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម បង្កមហាវិនាសកម្មទាំងជីវិតមនុស្ស, សត្វ, ទ្រព្យសម្បត្តិជាតិ ទាំងធម្មជាតិពុំឤចគណនាបាន។…