FN ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) បានលើកឡើងថា គិតចាប់តាំងពីពេលដំណើរការដំបូង ក្នុងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាង៣១ម៉ឺននាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំសុខភាព បានជាង២៥ម៉ឺនដង/នាក់។ ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក អ៊ុក សមវិទ្យា អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងកិច្ចការនារី ដែលរៀបចំធ្វើឡើង ក្រោមអធិបតីភាពលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។ ក្នុងពិធីនោះ លោក អ៊ុក សមវិទ្យា បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់បច្ចុប្បន្នពេលនេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន៣១៤,០៧៦នាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំសុខភាព បានចំនួន២៥៨,៥១១ដង/នាក់»។ លោក ក៏បានបន្ថែមទៀតថា ប.ស.ស បានផ្តល់តាវកាលិក (អត្ថបទប្រយោជន៍) ផ្នែកហានិភ័យការងារ ដល់ជនរងគ្រោះជាកម្មករនិយោជិត ជាង២១ម៉ឺន៦ពាន់នាក់ ក្នុងចំណោមកម្មករនិយោជិត ជាសមាជិកជាង១លាន ៦សែន១ម៉ឺននាក់ នៃសហគ្រាស ជាង១ម៉ឺន២ពាន់៦រយសហគ្រាស។ សម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិត ជាង១លាន៨សែន៥ម៉ឺនដង/នាក់។
បើតាមការបញ្ជាក់ពី លោក អ៊ុក សមវិទ្យា បានឲ្យដឹងថា ប័ណ្ឌ ប.ស.ស អាចប្រើប្រាស់បាន នៅគ្រប់មន្ទីរពេទ្យសាធារណៈ (ពេទ្យរដ្ឋ) និងបណ្តាមន្ទីរពេទ្យឯកជនមួយចំនួន ដែលមានដាក់ស្លាកសញ្ញា ប.ស.ស។ ដោយឡែក ក្នុងករណីសង្គ្រោះបន្ទាន់ អ្នកមានប័ណ្ណ ប.ស.ស អាចចូលសម្រាកព្យាបាលបានគ្រប់មន្ទីរពេទ្យ ហើយយកវិក័យបត្រចំណាយ មកជូនមន្ត្រី ប.ស.ស ដើម្បីទូទាត់ប្រាក់ជូនវិញ។
ក្នុងឱកាសនោះដែល លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា នៅក្នុងឱកាសនេះ ប.ស.ស បានរៀបចំផលិតប័ណ្ណសមាជិក ប.ស.ស ចំនួន៩៣៥ប័ណ្ណ ប្រគល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងកិច្ចការនារី ដើម្បីទទួលបានសេវាថែទាំសុខភាព នៅមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស។
លោកស្រី អ៊ឹង កន្ថាផាវី បានវាយតម្លៃថា ប័ណ្ណ ប.ស.ស នេះ គឺជាសមិទ្ធិផលដ៏ល្អមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើង ដើម្បីបម្រើដល់ផលប្រយោជន៍ មន្ត្រីរាជការ និងកម្មករ-កម្មការិនី៕