FN ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើកបេសកកម្មចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសម្រាប់ឆ្នាំ២០១៩។ បេសកកម្មលើកដំបូងសម្រាប់ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះធ្វើឡើងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និងកម្មករ កម្មាការិនីនៅថ្ងៃនេះជាជំនួបលើកទី៣ ហើយសម្រាប់ខេត្តតាកែវ។ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើមនៃកិច្ចសំណេះសំណាលនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជូពរកម្មករ កម្មការិនីទាំងអស់ឲ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើននៅក្នុងឆ្នាំថ្មីនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើនរណានឹកស្មានដល់ថា ខេត្តតាកែវមានរោងចក្រផលិតគ្រឿងបង្គំទូរស័ព្ទស្មាតហ្វូន។ នេះហើយជាសមិទ្ធផល៤០ឆ្នាំរបស់កម្ពុជា ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៧ មករា ជារបស់រួម ជារបស់មនុស្សដែលចង់រស់ អត់មានត្រូវការឲ្យនរណាសងនោះឡើយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សមិទ្ធិផលរយៈពេល ៤០ឆ្នាំក្រោយថ្ងៃរំដោះជាសមិទ្ធិផលដែលនឹកស្មានមិនដល់។ សម្តេចតេជោ បានរំលឹកថា រាជធានីភ្នំពេញគ្មានមនុស្សនៅក្រោយថ្ងៃរំដោះ គឺលំបាកជាងរស់នៅក្នុងព្រៃភ្នំទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទើបមានពេល២០ឆ្នាំប៉ុណ្ណោះក្នុងការអភិវឌ្ឍជាតិ ជាមួយការព្យាយាមរារាំងពីក្រុមជនអគតិ ដោយការធ្វើចលនាញុះញង់ ជនបរទេសកុំឲ្យមកការវិនិយោគនៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យកសិកម្មមួយមុខដូចនយោបាយរបស់ ប៉ុលពត នោះទេ គឺត្រូវពឹងផ្អែកលើវិស័យផ្សេងទៀត។
* សម្តេចបន្ថែមថា ធ្វើតែកសិកម្មមួយមុខមិនអាចធ្វើជាអ្នកមានបានទេ ត្រូវតែជំរុញលើវិស័យឧស្សាហកម្ម និងសេវា។
* សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា សម្តេចនឹកស្មានមិនដល់ថាកម្ពុជាអាចអភិវឌ្ឍខ្លួនបានដូចពេលបច្ចុប្បន្ននោះ ព្រោះមិនដឹងថាត្រូវដឹកនាំយ៉ាងម៉េចបើប្រទេសគ្មានអ្វីសោះនៅក្រោយថ្ងៃរំដោះ។
* សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីការវិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជាលើវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដោយកើនពីរប្រទេសមានរោងចក្រត្រឹមតែ៤ មានកម្មករ កម្មការិនី ជាង២ម៉ឺននាក់ ជាមួយប្រាក់ឈ្នួល៤០ដុល្លារ នៅឆ្នាំ១៩៩៧ ក្លាយជាប្រទេសមានរោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារប្រមាណ ១២,០០០គ្រឹះស្ថាន មានកម្មក ១លាន ៥សែននាក់ ជាមួយប្រាក់ឈ្នួលប្រមាណ ១៨២ដុល្លារ។
* សម្តេចនាយករដ្ឋមន្ត្រី បានចោទសួរថា តើប៉ុន្មាននាក់ទៅនឹកស្មានដល់ថាស្រុកត្រាំកក់ ក៏ដូចជាខេត្តតាកែវមានរោងចក្រច្រើនបែបនេះ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជោគជ័យលើនយោបាយទាក់ទាញអ្នកវិនិយោគមកវិនិយោគនៅតាមតំបន់មានសក្តានុពល រាជរដ្ឋាភិបាលបានប្រឹងប្រែងណាស់ក្នុងការកសាងផ្លូវ និងតភ្ជាប់បណ្តាញអគ្គិសនីជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខាងរាជរដ្ឋាភិបាលមិនមានចំណោទនោះទេក្នុងការបើប្រាក់ខែជូនមន្ត្រីរាជការពីរសប្តាហ៍ម្តងនៅក្នុងឆ្នាំ២០១៩នេះ។ សម្តេចតេជោ បានបញ្ជាក់ថា ថវិកាបានត្រៀមរួចរាល់ហើយ។
* សម្តេចតេជោ បានថ្លែងថា ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សរ៍ឡើងខ្ពស់ ត្រូវរួមគ្នាទប់លំនឹងតម្លៃទំនិញលើទីផ្សារ ទើបផ្លែផ្លាពីការដំឡើងប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍បានដល់ដៃកម្មករ កម្មការិនី និងមន្ត្រីរាជការ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ទេនោះ កម្ពុជានឹងមានការរីកចម្រើន។ តែការធ្វើរដ្ឋប្រហារនេះធ្វើឲ្យកម្ពុជាខ្ទេចខ្ទីអស់។ សម្តេចតេជោ បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាការពារនូវសុខសន្តិភាព។
* សម្តេចតេជោ ក៏បានអរគុណដល់ប្រជាពលរដ្ឋក្នុងការជ្រើសយកលទ្ធិប្រជាធិបតេយ្យ និងរក្សានូវសុខសន្តិភាពតាមរយៈការធ្វើដំណើរទៅបោះឆ្នោត ហើយបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ បន្តអំពាវនាវដល់ថៅកែ និងកម្មកររួបរួមគ្នាធ្វើឲ្យមានភាពសុខសាន្តនៅតាមរោងចក្រ។
* សម្តេចតេជោ ហ៊ុន សែន ប្រទេសផលិតសម្លៀកបំពាក់ និងស្បែកជើងមិនមានតែនៅកម្ពុជានោះទេ ហើយថៅកែងាយនឹងទៅវិនិយោគនៅប្រទេសមានប្រាក់ឈ្នួលទាបជាងនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើរោងចក្រត្រូវបិទទ្វារ អ្នកដែលជួបការលំបាកមុនគេគឺកម្មករ។ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបញ្ចេញថវិកាប្រមាណ ២២លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាប្រាក់ខែ និងប្រាក់អតីតភាពនៅពេលថ្ងៃកែរត់ចោលរោងចក្រ។
* សម្តេចតេជោ ហ៊ុន សែន បានសួរកម្មករថា តើចង់ប្រមូលប្រាក់អតីតភាពតែក្នុងមួយពេល ហើយឲ្យរោងចក្រត្រូវបិទទ្វារតែម្តងឬយ៉ាងណា?
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បើធ្វើតាមការទាមទាររបស់កម្មករ កម្មការិនីនេះ នឹងធ្វើឲ្យរោងចក្រប្រមាណ ២ភាគ៣ នឹងត្រូវបិទទ្វារ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកម្មករយោគយល់កុំចាប់បង្ខំឲ្យថៅកែរោងចក្របើកប្រាក់អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា ប្រាក់អតីតភាពនោះមិនបាត់បង់ទៅណាទេ គឺនឹងបើករយៈពេល៦ខែ ចាប់ពីឆ្នាំ២០១៩នេះទៅ។
* សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហជីពដែលកំពុងធ្វើចលនាឲ្យកម្មករទាមទារបើកប្រាក់អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់កម្មករ កម្មការិនីថា បើមានសហជីពណាដឹកនាំទៅរកស្ថានភាពអាក្រក់កុំជឿតាមការអូសទាញរបស់សហជីពនោះ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសមិននិយាយដល់រឿងអតីតគណបក្សសង្គ្រោះជាតិនោះទេ។ ដោយសម្តេចថ្លែងថា នរណាចង់ទៅណាក៏ទៅចុះ។ ការលើកឡើងរបស់សម្តេចតេជោ ក្រោយពេលច្បាប់លើកលែងទោសដល់អ្នកនយោបាយជាប់បំរាមត្រូវបានចូលជាធរមាន។