ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ដំណាក់កាល ទី ២
សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ សម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជំហានទី ២ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលមកភាគខាងត្បូងរាជធានីភ្នំពេញសាជាថ្មីម្ដងទៀត។ កាលពីថ្ងៃ ច័ន្ទ គឺនៅភាគខាងត្បូង បានសេចក្ដីថា សម្ពោធផ្លូវ ៦០ ម៉ែត្រ នៅឯបឹងជើងឯក ភ្ជាប់ទីក្រុងភ្នំពេញជាមួយនឹងខេត្តកណ្ដាល។ ម្សិលមិញនេះ គឺសម្ពោធ និងបើកការដ្ឋាន នៅទិសខាងជើងរាជធានីភ្នំពេញ ទាក់ទងទៅនឹងវិស័យកីឡា ដែលទាំងការចាប់ផ្ដើមសាងសង់ និងសាងសង់រួចហើយ តម្លៃប្រហាក់ប្រហែល ២០០ លានដុល្លារ(អាមេរិក) ដោយឡែកតែសំណង់ថ្មី គឺ ១៥៧ លាន ដុល្លារ(អាមេរិក)។ អភិវឌ្ឍទិសខាងជើង មិនភ្លេចទិសខាងកើត ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានមកទិសខាងត្បូងវិញម្ដង សម្រាប់សម្ពោធដាក់អោយប្រើប្រាស់នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី ២ ដែលកសាងឡើងដោយថវិកាបដិភាគរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ និងកម្ចីពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។ សម្រាប់ថ្ងៃស្អែក…