FN ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទអន្តរជាតិ ស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ (Conserving and Presenting Urban Heritages)»។ រួមទាំងកិច្ចប្រជុំសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ច និងសង្គម ដែលជួយជំរុញដល់កំណើនជីវភាពរបស់ប្រជាពលរដ្ឋកាត់បន្ថយការកើន ឡើងនូវកម្តៅផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើន គឺទាមទារប្រទេសក្នុងតំបន់ទាំងអស់ ត្រូវធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យទេសចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ថា ក្នុងឆ្នាំ២០១៦កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៥លាននាក់ ក្នុងកំណើន ៥% និងរកចំណូលបានជាង ៣ពាន់លានដុល្លារអាមេរិក។
* ក្នុងរយៈពេល ០៣ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ១,៥លាននាក់ ក្នុងកំណើន ១១,៩%។ តាមការរំពឹងទុកឆ្នាំ២០១៧ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤លាននាក់ ហើយ ៧លាននាក់ នៅឆ្នាំ២០២០។ ឆ្នាំ២០១៦ វិស័យទេសចរណ៍កម្ពុជា បានបង្កើតការងារ ដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានស្នើកុំឲ្យមានស្តាំពេក និងឆ្វេងពេក ក្នុងការអភិរក្សទីក្រុងបេតិកភណ្ឌ។ សម្តេចតេជោ បានលើកឡើងថា នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលមួយនោះ បានរក្សាទុកផ្ទះជាច្រើនដើម្បីអភិរក្ស តែការអភិរក្សបានធ្វើឲ្យប្រជាពលរដ្ឋតវ៉ាជាច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការពិចារណាឲ្យបានច្បាប់លាស់ថា តើអគារណាដែលគួរអភិរក្ស ហើយតើអគារកន្លែងណាដែលគួរតែអភិវឌ្ឍន៍។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា មិនអាចគិតតែពីការអភរក្ស ដោយមិនគិតពីការអភិវឌ្ឍនោះទេ ហើយក៏មិនត្រូវគិតតែអភិវឌ្ឍន៍ ដោយមិនគិតពីការអភិរក្សនោះដែរ។