FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង នាវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប ផ្ទាល់។
នៅថ្ងៃទី១២ ខែមិថុនា ម្សិលមិញ គ.ជ.ប បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ បន្ទាប់ពីមានការខ្វែងគំនិតគ្នា រហូតដល់ជជែកគ្នាឡើងតឹងសរសៃក រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អស់មួយថ្ងៃរួចមក លទ្ធផលអំពីសន្លឹកឆ្នោតបានការ និងបឋមបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ២,៥៨៧សំឡេង រីឯគណបក្សសង្គ្រោះជាតិ ទទួលបានត្រឹមតែ ២,៥៨០សំឡេងប៉ុណ្ណោះ។ ប៉ុន្តែនៅមានបណ្ដឹងចំនួន ៦៦បណ្ដឹងទៀត ដែលមិនទាន់សម្រេចនៅឡើយ ចំពោះការដោះស្រាយ និងសម្រេចលើពាក្យបណ្ដឹងយ៉ាងណានោះ គ.ជ.ប នឹងសម្រេចនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា មកដល់ពេលនេះ ថ្នាក់ជាតិរបស់ គ.ជ.ប បានទទួលបណ្ដឹងចំនួន ៣៤បណ្ដឹងហើយ ពីគណបក្សនយោបាយមួយចំនួន ហើយភាគច្រើនជាបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ៕