ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់អង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិនូវបញ្ហាមួយចំនួន។ មុននឹងចូលដល់បញ្ហា ដែលខ្ញុំព្រះករុណាខ្ញុំត្រូវលើកមកបញ្ជាក់ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានយកឱកាសនេះចូលរួមមរណទុក្ខជាមួយគ្រួសារសព ដែលបានទទួលមរណភាពក្នុងរយៈពេលកន្លងទៅដែលគិតមកដល់ត្រឹមពីម្សិលមិញនេះ គឺមានចំនួន ២៤ នាក់ ដែលនេះគឺជាមរណភាពលើកដំបូងនៅក្នុងដំណាក់កាលកូវីដ-១៩ជាងមួយឆ្នាំកន្លងផុតទៅ។ ជាមួយគ្នានេះអនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានផ្តាំផ្ញើសួរសុខទុក្ខចំពោះអ្នកដែលមានជំងឺកូវីដ-១៩ ក៏ដូចជាចំពោះអ្នកដែលកំពុងជាប់ចត្តាឡីស័ក។ ការត្រៀមបច្ឆាសម្រាប់បូជាសព និងដីសម្រាប់បញ្ចុះសពកូវីដ-១៩ ត្រូវបានចោទថាមើលងាយជីវិតមនុស្ស ដូចដែលព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា មុនពេលហេតុការណ៍មកដល់ ខ្ញុំព្រះករុណាខ្ញុំបានបញ្ជាទៅក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរដែនដីឱ្យត្រៀមបម្រុងទុកនូវបច្ឆាសម្រាប់ការបូជាសព ក៏ដូចជាដីធ្លីដើម្បីបញ្ចុះសពទៅតាមប្រពៃណីនៃជនជាតិនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពេលនោះមានមនុស្សមួយចំនួនក៏បានលើកឡើងថា ខ្ញុំព្រះករុណាខ្ញុំគឺជាអ្នកមើលងាយជីវិតរបស់ប្រជាជនទើបធ្វើបច្ឆាសម្រាប់ដុត។ ប៉ុន្តែសូមបងប្អូនជនរួមជាតិ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ គិតមើល ប្រសិនបើខ្ញុំព្រះករុណាខ្ញុំមិនដើរមួយជំហានមុនទេ នៅពេលដែលមានសាកសពកើតឡើងដូចរយៈពេលកន្លងទៅ តើវិធានការសុខាភិបាល និងវិធានការដទៃទៀតទាក់ទងទៅនឹងការបញ្ចុះសព ឬការបូជាសពនេះ តើគួរធ្វើយ៉ាងណា? ដោយសារតែយើងបានដើរមុនមួយជំហាន យើងអាចដោះស្រាយបានបញ្ហានេះ/នេះ។ កូវីដ-១៩ក្លែងភេទ និងអភិបាលកិច្ចមិនបានត្រឹមត្រូវ ជាបច្ច័យធ្វើឱ្យចំនួនឆ្លងកើនឡើង ទាក់ទងជាមួយនឹងជំងឺកូវីដ-១៩ ដែលយើងហៅថា ព្រឹត្តិការណ៍ ២០ កុម្ភៈ មកដល់ពេលនេះគ្មានការថមថយទេ ប៉ុន្តែបែរជាធ្ងន់ កាន់តែធ្ងន់លើសមុន។ បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរ៉ឹង ក៏ប៉ុន្តែដោយសារជំងឺនេះមកដល់លឿនពេក ដែលហៅថាកូវីដ-១៩ក្លែងភេទ ហើយនិងការអភិបាលកិច្ចនៅទីកន្លែងមួយចំនួនមិនបានត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់…