សេចក្តីដកស្រង់ប្រសាសន៍ជាសារសម្លេងស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក
សម្ដេច ឯកឧត្តម លោកជំទាវ ពិសេស ឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី កន្លងទៅនេះ គឺយើងបានធ្វើការបិទខ្ទប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ប្រភេទ Delta បូកបន្ថែមទៅដោយការជន់ជោរនៃអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ។ យើងបានសង្កេតឃើញអំពីវត្តមាននៃបងប្អូនជនរួមជាតិរបស់យើង ដែលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីស្វែងរកការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ។ យើងក៏បានខិតខំសម្រួលឱ្យបងប្អូនដែលមានជំងឺ បានឆ្លងកាត់ព្រំដែនមកទទួលសេវាព្យាបាលនៅខាងទឹកដីរបស់យើង បូកបន្ថែមទៅដោយការបញ្ជូនស្បៀងទៅកាន់ទឹកដីថៃ ដើម្បីជួយផ្គត់ផ្គត់បងប្អូននៅទីនោះ។ ដូចបានដឹងហើយថា យើងមិនមានបំណងអូសបន្លាយពេល ដើម្បីពន្យារការបិទខ្ទប់នោះទេ ហើយលើសពីនោះទៅទៀត យើងមានបំណងបើកទល់ដែនឡើងវិញ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីបម្រើអោយការងារនេះ មានកិច្ចការងារមួយចំនួនដែល អភិបាលរាជធានី-ខេត្តនៅខាងក្នុង ចាំបាច់ត្រូវធ្វើ៖ ទី ១ អភិបាលរាជធានី-ខេត្តដែលនៅខាងក្នុង ដែលមានពលករត្រឡប់មកវិញ ត្រូវតែរៀបចំអោយបានច្បាស់លាស់ ដោយខិតខំបញ្ជូនអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំ ហើយដែលមានស្ថានភាពធូរស្រាល អោយទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ។ ការធ្វើនេះ គឺក្នុងគោលដៅដើម្បីត្រៀមរៀបចំទីកន្លែងសម្រាប់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើចត្តាឡីស័កជំនួស។ ដូច្នេះ សូមឯកឧត្តម លោកជំទាវ នៅតាមបណ្ដាខេត្ត-រាជធានី រៀបចំបន្ថែមនូវទីកន្លែងដែលត្រូវធ្វើចត្តាឡីស័ក សម្រាប់ទទួលបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ … ចូលទៅក្នុងមណ្ឌលចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំ។ អញ្ចឹង គឺម្ខាងគឺត្រូវរៀបចំទីកន្លែងថ្មី…