- ឯកឧត្តមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន, រដ្ឋមន្ត្រីនៃក្រុមប្រឹក្សា AFTA និង រដ្ឋមន្ត្រី ALA
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន
- ឯកឧត្តម, លោកជំទាវ, គណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ កម្ពុជាពិតជាមានកិត្តិយស ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ ២០២២ និងជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំសំខាន់ៗនានា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេស កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងន័យនេះ, ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី, គណៈប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ លើទឹកដីអង្គរដ៏បវរនេះ។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជួសមុខឱ្យប្រជាជនកម្ពុជាទាំងអស់, ខ្ញុំគាំទ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន ជាពិសេស ការឯកភាពជាឯកច្ឆន្ទ និងមជ្ឈភាពអាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅរក្សាសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ កម្ពុជាបន្តគាំទ្រការធ្វើសមាហរណកម្មក្នុងអាស៊ានបន្ថែមទៀត និងធ្វើសមាហរណកម្មជាមួយប្រទេសជាដៃគូសេដ្ឋកិច្ចតំបន់ និងសកលលោក តាមរយៈកិច្ចសហការ និងការចូលរួមវិភាគទានជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានទាំង៩ទៀត ក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្របតាមផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ និងការពង្រឹងកិច្ចសន្ទនាជាមួយដៃគូខាងក្រៅ។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាការពិត, ក្នុងរយៈពេល ៣០ ឆ្នាំ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ចាប់តាំងពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ក្នុងឆ្នាំ១៩៩២ និងឈានដល់ការអនុម័ត ផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ និងឆ្នាំ ២០២៥ អាស៊ាន, យើងបានរួមគ្នាជាធ្លុងមួយ ក្នុងការកសាងតំបន់នេះ ឱ្យទៅជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម តាមរយៈការជំរុញការធ្វើសេរីភាវូបនីយកម្មស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគស្របតាមវិធានច្បាប់អន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម។ កិច្ចខិតខំប្រឹងប្រែងរបស់យើងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចអភិវឌ្ឍអាស៊ានលើគ្រប់វិស័យ ជាពិសេស ប្រែក្លាយអាស៊ានទៅជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅទ្វីបអាស៊ី និងលំដាប់ទី ៦ នៅក្នុងសកលលោក។
ជាអកុសល, ទោះបីយើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលសម្រេចបានជោគជ័យមួយដ៏ធំ ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ, ដំណើរការនៃការកសាងសហគមន៍សេដ្ឋកិច្ចរបស់យើង បាននិងកំពុងបន្តប្រឈមនឹងឧបសគ្គ ដោយសារការផ្លាស់ប្តូរឥតឈប់ឈរនៃនិម្មាបនកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មតំបន់ និងសកល ដែលបណ្ដាលមកពីបញ្ហាស្មុគស្មាញប្រទាក់ក្រឡាគ្នាជាច្រើន ដូចជា៖ ការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩, បញ្ហាសង្គ្រាមនៅអ៊ុយក្រែន, ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល, សង្គ្រាម ពាណិជ្ជកម្ម និងបច្ចេកវិទ្យា, និងការប្រែប្រួលអាកាសធាតុ ជាដើម។ កត្តាទាំងនេះបានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក, បន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និង ជាពិសេស ធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងតំបន់ មានការថមថយគួរឱ្យកត់សម្គាល់។
ក្នុងបរិបទនេះ, កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានផ្ដោតអាទិភាពលើការធានាឱ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យទាំងនេះ ជាពិសេស ពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់។ ក្នុងស្មារតីនេះ, កម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤ នៅក្រោម សសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ (១). ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, (២). ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, (៣). ការជំរុញសមាហរណកម្ម, បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និង (៤). អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ, អាស៊ាន ត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់, គោលការណ៍សកលភាវូបនីយកម្ម, យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់, ការប្រឆាំងនឹងការគាំពារនិយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, ការតភ្ជាប់ និងភ័ស្តុភារកម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្ដារឡើងវិញសេដ្ឋកិច្ច តំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។ បន្ថែមលើនេះ, ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូរជាយុទ្ធសាស្ត្រលើ បញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការការពារពលករចំណាកស្រុក, ការអភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម។
ជាមួយគ្នានេះដែរ អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូក ១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង អាសិប, ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារ សំដៅទាក់ទាញការចូលរួមពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀត ក្នុងកិច្ចព្រមព្រៀងនេះ។ ក្នុងន័យនេះ, កិច្ចព្រមព្រៀងអាសិប ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយ ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល, ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ ។ កម្ពុជានៅតែមានចំណាប់អារម្មណ៍ និងផ្តល់គ្រប់លទ្ធភាព និងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ។
បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូរបន្ថែមទៀត គឺការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល។ ពិតណាស់ថាបញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើងថ្លៃ, អត្រាអតិផរណាខ្ពស់, បរិស្ថាន, បម្រែបម្រួលអាកាសធាតុ, ជំងឺឆ្លងរាតត្បាត ជាដើម កំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះ នឹងតម្រូវឱ្យបណ្តាប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ជាឧបករណ៍គាំពារនិយម, បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក, ឬ ខិតខំកសាងច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឱ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្ដាប់តូច ដែលជាបក្សពួកខ្លួននោះឡើយ។ ក្នុងន័យនេះ, អាស៊ានគួររួមគ្នាជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្ដរជាតិ ដែលបម្រើឱ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។
ដោយឡែក នាពេលបច្ចុប្បន្ននេះ, ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ដែលអាស៊ានគួរពិចារណាលើគំនិតផ្តួចផ្តើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀង បៃតងអាស៊ាន (ASEAN Green Deal) ដូចដែលខ្ញុំធ្លាប់បានលើកឡើងកន្លងមកនេះ ក្នុង ពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ខ្ញុំជឿជាក់ថាកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យតំបន់របស់យើងអាចប្រែក្លាយខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតងដែលមានចីរភាព, ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព, ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ខ្ញុំជឿជាក់ថា អាស៊ាន នឹងបន្តធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ, សាមគ្គីភាព និងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា និងការកសាងសហគមន៍អាស៊ានប្រកប ដោយបរិយាប័ន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍តែមួយ» និងឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេស ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង។
ជាថ្មីម្តងទៀត, តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកអាស៊ានទាំងអស់ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដែលបានបន្តផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២២ នេះ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរឱ្យ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅដោយជោគជ័យ និងសូមជូនពរ ឯកឧត្តម, លោកជំទាវលោក, លោកស្រី មានសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ចរៀងៗខ្លួន ជាពិសេស ទទួលបាននូវផាសុខភាពក្នុងអំឡុងពេលស្នាក់នៅក្នុងទឹកដីអង្គរ នៃខេត្តសៀមរាប ព្រះរាជាណាចកកម្ពុជា។
ខ្ញុំសូមប្រកាសបើកជាផ្លូវការនូវ កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និង កិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីពេលនេះតទៅ ។
សូមអរគុណ!