មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជនបានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។ តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រ ជាជាតិ ពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះ ទៅឲ្យវៀត ណាម តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ ជាការរំពឹងទុក ប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផល ដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈ(វត្តមាន)ប្រជាជនដែលនៅតាមព្រំដែន ដែលជាព្រំដែនរស់ ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធការពារទៅទៀត។ សូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នា ការពារទឹកដី ប្រសិនយើងខ្លាចបាត់បង់ទឹកដី៕