ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ជាមួយនឹងសាកល វិទ្យាល័យបញ្ញាសាស្ត្រ ដើម្បីធ្វើពិធីចែកសញ្ញាបត្រ សម្រាប់ជ័យលាភីដែលបញ្ចប់នូវការសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ។ អម្បាញ់មិញ ឯកឧត្តម កុល ផេង បានធ្វើរបាយការណ៍ពាក់ព័ន្ធ ជាមួយនឹងវឌ្ឍនភាពនៃសាកលវិទ្យាល័យនេះ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែបានចូលរួមតាំងពីដើមទីជាមួយនឹងសាកលវិទ្យាល័យនេះ ដែលបានរីកធំធាត់មកដល់ដំណាក់កាលនេះ ក្រោមការពិនិត្យដោយយកចិត្តទុកដាក់ទៅលើបញ្ហាគុណភាពអប់រំ ពីសំណាក់ក្រសួងអប់រំ ក៏ដូចជា ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ និងសាស្ត្រាចារ្យផ្ទាល់តែម្តង។ និស្សិតកំពុងសិក្សានៅបញ្ញាសាស្ត្រ ៨៦ ភាគរយ មានការងារធ្វើ ក្នុងចំណោមនិស្សិតសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ យើងក៏បានសង្កេតឃើញថា និស្សិតមួយចំនួនក៏បានទៅបំពេញការងារនៅកន្លែងនេះ ឬក៏កន្លែងនោះ តាមអត្រាដែលមានរួចមកហើយ ចំនួននោះគឺ ៨៦%។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានជួបជាមួយនឹងនិស្សិតមួយចំនួន ដែលកំពុងសិក្សានៅបញ្ញាសាស្ត្រនេះ។ ពិតជាគួរអោយកោតសរសើរ ដោយសារតែគេបានប្រឹងប្រែងធ្វើការនៅក្នុងពេលថ្ងៃ ពីព្រឹកដល់ល្ងាច ហើយ (ពេល)យប់បានគេធ្វើការរៀនសូត្របន្ត។ ក្រៅពីអាហារូបករណ៍ ដែលសាកលវិទ្យាល័យបញ្ញាសាស្ត្របាន ផ្តល់អោយខ្ញុំ ខ្ញុំមាននិស្សិតមួយចំនួនផ្សេងទៀត ដែលខ្ញុំជួយបង់ថ្លៃអោយរៀននៅទីនេះ។ កាលពីថ្ងៃ អាទិត្យកន្លងទៅ ខ្ញុំទៅវាយកូនហ្គោល។ ក្មួយម្នាក់ដែលកំពុងរៀននៅខាងទំនាក់ទំនងអន្តរជាតិ កំពុងតែសិក្សានៅទីនេះ ហើយទើបនឹងចាប់ផ្តើមនៅឆ្នាំទីមួយ។ អញ្ចឹងទេ…