FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឲ្យមន្ត្រីចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ បានឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០-២១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីមានឱកាសបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់អង្គភាព Fresh News នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ការដែល គ.ជ.ប អនុញ្ញាតឲ្យក្រុមការីចុះឈ្មោះបោះឆ្នោត បានឈប់សម្រាកនៅទូទាំងប្រទេស ក្នុងពេលបុណ្យភ្ជុំបិណ្ឌនោះ គឺយោងតាមកត្តាពីរយ៉ាង រួមមាន៖
ទី១៖ ចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានចំនួនតិចជាងឆ្នាំ២០១៦ ដោយកាលពីឆ្នាំ២០១៦ អ្នកត្រូវចុះឈ្មោះបោះឆ្នោតមានចំនួនដល់ទៅជាង ៩លាននាក់ ចំណែកអ្នកត្រូវចុះឈ្មោះឆ្នាំ២០១៧នេះ មានត្រឹមតែជាង ១.៦លាននាក់ប៉ុណ្ណោះ។
ទី២៖ ក្រុមអ្នកចុះឈ្មោះបោះឆ្នោតទាំងនោះ សុទ្ធសឹងតែជាពុទ្ធសាសនិកខ្មែរ ដូច្នេះពួកគាត់ត្រូវការទៅលេងស្រុកកំណើត ជួបជុំញាតិមិត្តបងប្អូន ធ្វើបុណ្យធ្វើទាននៅវត្តអារាម ដូចប្រជាពលរដ្ឋខ្មែរដទៃដែរ។
ទោះជាយ៉ាងណា គ.ជ.ប នៅតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះឆ្នោតនោះ ត្រូវត្រៀមខ្លួន និងឯកសារឲ្យបានរួចជាស្រេច ដើម្បីទៅចុះឈ្មោះបោះឆ្នោតនៅសាលាឃុំ-សង្កាត់ ឲ្យបានគ្រប់គ្នា ក្រោយពេលផុតបិណ្យភ្ជុំបិណ្ឌនោះ។
សូមជម្រាបថា រយៈពេល១៥ថ្ងៃដំបូង នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតទូទាំង ប្រទេសចំនួន ១០៤,២៥៣នាក់ (ស្រី ៥១,៤១៧នាក់) ស្មើនឹង ៦.៤១% នៃចំនួនប្រជាពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតថ្មី ជាង១.៦លាននាក់។
ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕