សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយក្រុមអ្នកសារព័ត៌មាន ដែលធ្លាប់តាមយកព័ត៌មានផ្ទាល់ ក្នុងកម្មវិធីនានាគ្រាកន្លងទៅ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ យើងមិនមានប្រធានបទអីធំដុំទេ ប៉ុន្ដែមានជំនួបមួយជាការការដឹងគុណរបស់ខ្ញុំសំរាប់អ្នកសារព័ត៌មានទាំងឡាយ ដែលបានធ្វើកិច្ចការផ្ទាល់ជាមួយនឹងសកម្មភាពរបស់ខ្ញុំ។ ពិតមែនហើយ ប្រសិនបើយើងគិតពីចំនួនអ្នកដែលធ្វើកិច្ចការសារព័ត៌មាននោះ មានចំនួនច្រើន ប៉ុន្ដែអ្នកដែលធ្វើតាមដានកិច្ចការផ្ទាល់តែម្ដង គឺមានមិនច្រើនប៉ុន្មានទេ។ ក្នុងនេះ យើងអញ្ជើញមកតែអ្នកដែលពាក់ព័ន្ធផ្ទាល់នឹងសកម្មភាពរបស់ខ្ញុំ ដែលមិនមែនគ្រាន់តែជាអ្នកសារព័ត៌មានទេ សូម្បីតែអ្នកបើករថយន្ដឲ្យអ្នកសារព័ត៌មានក៏បានអញ្ជើញមកទទួលការជួបជុំ(ដើម្បី)សំដែងនូវការដឹងគុណ ក៏ដូចជា(ទទួលទាន)អាហារសាមគ្គី ដែលល្ងាចនេះនឹងមានភ្លេងកំដរផងដែរ។ វាទាស់ត្រង់គេឲ្យខ្ញុំអង្គុយបែរមុខទៅខាងនោះ។ ដល់ពេលភ្លេង(លេង) ត្រូវយកកៅអីទៅដាក់ខាងនោះវិញ។ ត្រៀមកៅអីដាក់ឲ្យហើយទៅព្រោះអង្គុយបែរខ្នងដាក់ភ្លេងយ៉ាងម៉េច។ ខ្ញុំមានការរីករាយដោយអ្នកទាំងអស់គ្នាបានចូលរួមចំណែកក្នុងរយៈពេលកន្លងទៅនៅក្នុងវិស័យសារព័ត៌មានទាក់ទិននឹងសកម្មភាពរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាអាចចោទសួរថា ចុះបើនៅសុខភាពរបៀបនេះ ហេតុអ្វីក៏ត្រូវចាកចេញពីតំណែងលឿនម្ល៉េះ? មានសារបញ្ជូនមកខ្ញុំថា “ឃើញរូបនៅសង្ហា។ ស្ដាយណាស់ ដែលចាកចេញលឿនពេក”។ ខ្ញុំបង្ហោះរូបម្ដងៗ តែងមានការលើកឡើងថានៅសង្ហា។ រឿងនេះគួរនិយាយបន្ដិចថា កូនស្រីពៅរបស់ខ្ញុំនៅក្នុងគ្រុបបានថតរូប ម៉ាណែត ហើយគេនិយាយទៅកាន់បងថ្លៃរបស់គេថា “បងមុន្នី ថតមុខបង ណែត ទុកឲ្យហើយ កត់ថ្ងៃខែឲ្យច្បាស់។ ឆ្នាំក្រោយសូមពិនិត្យមើលថាមុខនឹងមានផ្នត់ប៉ុន្មានផ្នត់?” (ជាការ)សំដៅថា ពេលធ្វើនាយករដ្ឋមន្ដ្រីគឺច្បាស់ជានឹងឆាប់ចាស់។ ប៉ុន្ដែខ្ញុំបែរជាគេថាមិនទាន់ចាស់។ យើងមិនត្រូវគិតគូរផលប្រយោជន៍រយៈពេលខ្លី បោះបង់ចោលការគិតគូរផលប្រយោជន៍រយៈពេលវែងនោះទេ។ខ្ញុំអាចធ្វើនាយករដ្ឋមន្ដ្រីបាន ៥ ទៅ ១០ ឆ្នាំ ទៀត វាមិនជាការលំបាកទេ…