សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា និងរីករាយដែលបានជួបឯកឧត្តមសាជាថ្មីដែលឯកឧត្តមបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលតាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេលនោះឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការបោះឆ្នោតនៅកម្ពុជា ហើយលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមឯកឧត្តមជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។ សម្ដេចតេជោបានចាត់ទុកវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ជាពិសេសស្ថាប័នព្រឹទ្ធសភា នៃប្រទេសទាំងពីរ និងស្ថាប័ននីតិប្រតិបត្តិរវាងប្រទេសទាំងពីរផងដែរ។ សម្តេចតេជោក៏ឆ្លៀតអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថាន ដែលបានរៀបចំនូវសន្និសីទ ប្រធានសភានៃអន្តរសភា កាលពីខែវិច្ឆិកាកន្លងទៅបានជោគជ័យ ដែលជាការលើកកិត្យានុភាពរបស់ប៉ាគីស្ថានបន្ថែមទៀត។ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានសម្ដែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់សម្ដេចតេជោ ចំពោះឯកឧត្តម និងគណៈប្រតិភូ ជាពិសេសការបដិសណ្ឋារកិច្ចដ៏អស្ចារ្យ…