សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានជាតិអប់រំ
(១) បន្ទាប់ពីចូលឆ្នាំ មិនឃើញសញ្ញាណានៃការរីករាលដាលឡើងវិញនៃជំងឺកូវីដ-១៩ទេ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានវិលត្រឡប់មកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូរបស់យើង ដែលថ្ងៃនេះ មានចំនួនរហូតទៅដល់ ២ ៣៨៥ នាក់។ យើងអាក់ខានធ្វើពិធីនេះអស់រយៈពេល ៣ឆ្នាំ គឺឆ្នាំ២០២០-២០២១-២០២២ ដោយសារតែជំងឺកូវីដ-១៩។ អ្វីដែលយើងបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ដែលផ្ដល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញដោយពេញលេញ។ ទោះបីថា សារចុងក្រោយនេះ ដែលខ្ញុំបានបន្ធូរបន្ថយថែមទៀតនូវវិធានការសុខាភិបាលសម្រាប់ការគ្រប់គ្រងកូវីដ-១៩ តាមរយៈការមិនតម្រូវឱ្យពាក្យម៉ាស់នៅក្នុងការជួបជុំ និងការមិនធ្វើតេស្ដក្នុងពេលវេលានៃការជួបជុំ ប៉ុន្តែខ្ញុំនៅតែសង្កេតឃើញថា ប្រជាជនរបស់យើង រាប់ទាំងលោកគ្រូអ្នកគ្រូនៅទីនេះផងដែរ ក៏នៅតែប្រកាន់យកនូវវិធានការ(ពាក់ម៉ាស) ដែលខ្ញុំបាននិយាយថា “ប្រសិនបើមិនមានការជឿជាក់ខ្លួនឯងទេ គឺយើងអាចពាក់ម៉ាស់” ព្រោះយើងអាចនឹងទៅចម្លងអ្នកដទៃនៃជំងឺរបស់យើង ឬក៏យើងអាចបារម្ភអំពីការឆ្លងពីអ្នកដទៃមកយើង។ ខ្ញុំគិតថា យើងនៅតែបន្តការគ្រប់គ្រងបានល្អសម្រាប់កូវីដ-១៩ ហើយផ្ដល់ឱកាសឱ្យយើងមានការជួបជុំគ្នាបែបនេះ។ បន្ទាប់ពីចូលឆ្នាំរួចហើយ ក្នុងពេលដែលសប្បាយរីករាយ យើងមិនទាន់មានឃើញសញ្ញាណានៃការរីករាលដាលឡើងវិញ នៃជំងឺកូវីដ-១៩ នោះទេ។ សាររំលែកទុក្ខចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡា ខ្ញុំពិតជាមានការរីករាយ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្ងៃនេះ អវត្តមានរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ…