សេចក្តីដកស្រង់ប្រសាសន៍សង្កថា បើកការដ្ឋានសង់ស្ពានភ្ជាប់ពីកោះពេជ្រ ទៅ កោះនរា និងពី កោះនរា ទៅ ផ្លូវជាតិលេខ ១
សមិទ្ធផលថ្មីលើដីសន្តិភាព៖ បើកការដ្ឋានស្ពានពីរ និងបើកឱ្យប្រើប្រាស់ផ្លូវក្រោមដីបណ្តោះអាសន្ន ឯកឧត្តម លោកជំទាវ លោក លោកស្រី បង ប្អូន កូនក្មួយជាមន្ត្រីរាជការ កម្មករ/ការiនីជាទីស្រលាញ់។ ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមសម្ពោធបើកការដ្ឋាន ក៏ដូចជាការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រោមដី។ យើងត្រូវធ្វើកម្មវិធីពីរនៅថ្ងៃនេះរួមគ្នាតែម្ដង។ ទីមួយគឺ កម្មវិធីការកសាងស្ពានពីរកន្លែង ដូចដែលក្នុងរបាយការណ៍របស់អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពុង ឃាវសែ គឺទីមួយ ស្ពានបេតុងប្រវែង ៦០ ម៉ែត្រ ទទឹង ២១ ម៉ែត្រ ដែលតភ្ជាប់តំបន់កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ឯស្ពានទីពីរ គឺស្ពានបេតុងខ្សែកាបប្រវែង ៨២៤ ម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ ពីតំបន់អភិវឌ្ឍកោះនរាទៅកាន់ទីក្រុងកោះពេជ្រ។ នេះជាកម្មវិធីទីមួយ។ ឯកម្មវិធីទីពីរតាមសំណូមពររបស់អភិបាលរាជធានីភ្នំពេញ គឺថ្ងៃនេះយើងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវផ្លូវក្រោមដីមេប្រវែង ៤៨៨ ម៉ែត្រ ក្នុងគម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ ខ្ញុំរីករាយ ថ្ងៃនេះដោយសារតែយើងបានមកជួបជុំ ដើម្បីបើកការដ្ឋានសាងសង់នូវសមិទ្ធផលថ្មីមួយទៀតដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍផង និងផ្នែកដែលជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍។ លឺសូរបងប្អូនមួយចំនួនបាននិយាយថា សមិទ្ធផលថ្មីលើដីសន្តិភាព។ នេះជាភាសាល្អដែរ ព្រោះការពិតវាអញ្ចឹង។…