ឆ្នាំថ្មីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ពីផ្លូវជាតិលេខ ៤ ទៅទីរួមខេត្តកោះកុង
ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ
ប្រចាំព្រះរាជាណាចក្រកម្ពុជា
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ
នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាបណ្ដាអង្គភាព អញ្ជើញចូលរួមក្នុងឱកាសនេះ!
ថ្ងៃនេះ គឺជាថ្ងៃទី ០៣ នៃការដែលយើងឆ្លងចូលមកក្នុងឆ្នាំ ២០២២ ហើយក៏ជាថ្ងៃមួយកើត ខែបុស្ស សម្រាប់ខែដើមទ្រព្យនៅថ្ងៃច័ន្ទរបស់យើង។ ជាមួយនឹងការចូលរួមសម្ពោធបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកោះកុង។ ខ្ញុំមានចិត្តសប្បាយរីករាយ ដោយថ្ងៃនេះ យើងបានជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីមួយនៅក្នុងដើមឆ្នាំថ្មីរបស់យើង ក្រោមម្លប់នៃសុខសន្ដិភាព ស្ថិរភាពខាងនយោបាយ និងការអភិវឌ្ឍឥតឈប់ឈររបស់យើង។ អម្បាញ់មិញ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចមកហើយ ទាក់ទិនជាមួយនឹងការកសាងផ្លូវនេះ។ ខ្ញុំគួរតែបញ្ជាក់ផងដែរថា ផ្លូវនេះយើងអាចរង់ចាំយូរបន្ដិច។ ការរង់ចាំយូរ គឺបណ្ដាលមកពីការដែលយើងត្រូវការទុនបន្ថែម។
កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់ផ្លូវជាតិលេខ ៤៨ នេះ ត្រូវធ្វើរហូតដល់ ០២ ដង៖ លើកទី ១ ពេលនោះតម្រូវការរបស់យើងត្រូវធ្វើការពង្រីកនូវតំបន់មួយចំនួន ធ្វើអោយយើងត្រូវការថវិកាបន្ថែមចំនួនប្រមាណជាង ២០ លានដុល្លារសហរដ្ឋអាមេរិកទៀត។ ដូច្នេះ អាចចាត់ទុកថា រាងយឺតបន្ដិច បើប្រៀបធៀបទៅនឹងកិច្ចសន្យាមុន ដែលចុះហត្ថលេខាតាំងពីខែមីនា ឆ្នាំ ២០១៧។ ក្រោយមក ការចុះហត្ថលេខាសាជាថ្មីម្ដងទៀត នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីឱ្យបានទទួលប្រាក់ចំនួនជាង ៨៧ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើផ្លូវនេះឱ្យក្លាយទៅជាផ្លូវដែលមានភាពរឹងមាំដែលអាចប្រើប្រាស់បានយូរ ជាមួយនឹងការពង្រីកទំហំផ្លូវ។
ដូចឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ទាក់ទិនជាមួយនឹងការកសាង មាន ០២ ខ្សែ, មាន ០៤ ខ្សែ ពីរទៅពីរមក និងមាន(ទំហំ)ធំជាងហ្នឹងក្នុងទីរួមខេត្ត(កោះកុង)តែម្ដង។ ដូច្នេះ វាមានតម្រូវការរបស់វា បានជាបងប្អូនខ្លះអាចគិតថា ផ្លូវនេះយឺតបន្ដិច។ ក៏ប៉ុន្តែ សម្រាប់យើងអ្នកដោះស្រាយបញ្ហានេះថាយឺតក៏បាន ប៉ុន្តែខ្ញុំចាត់ទុកថា បើសិនជាយឺត ក៏ប្រសើរជាងវាមិនបាន។ យ៉ាងណាក៏ដោយ ជាមួយនឹងការសាងសង់ខ្លះៗ រួចមកហើយនោះ ថ្ងៃនេះ យើងបើកការដ្ឋានជាផ្លូវការ ដើម្បីពង្រីកនិងកែលំអផ្លូវនេះ ឱ្យក្លាយទៅជាភាពធន់ ហើយដែលអាចបម្រើឱ្យការរីកលូតលាស់នៃសេដ្ឋកិច្ច។ បើយោងទៅលើការព្យាករនិងគម្រោងនានា ដែលបាននិងកំពុងកើតនៅពេលខាងមុខនេះ ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចពិសេសនៅទិសនិរតីនេះ ច្រើនជាងខេត្តដទៃទៀត ហើយក៏មិនចាញ់ជាមួយនឹងខេត្តព្រះសីហនុនោះដែរ។
សន្ដិភាពអនុញ្ញាតឱ្យយើងតភ្ជាប់និងពង្រីកប្រព័ន្ធផ្លូវក្នុងក្របខណ្ឌទូទាំងប្រទេស
ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ក៏បានលើកឡើងអំពីការរីកចម្រើនឡើងនៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េ។ បន្ដិចទៀត ខ្ញុំនឹងលើកអំពីបញ្ហានេះ ដើម្បីបញ្ជាក់ជូនចំពោះប្រជាពលរដ្ឋយើង អំពីដំណើរការជឿនលឿននៅក្នុងទំនាក់ទំនងតាំងពីឆ្នាំ ១៩៩៧ រហូតមកដល់ពេលបច្ចុប្បន្ន ឬអាចនិយាយថា ចាប់ពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ទំនាក់ទំនងការទូតនៅឆ្នាំ ១៩៩៦ និងទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋកូរ៉េ នៅឆ្នាំ ១៩៩៦ រហូតមកដល់ពេលនេះ។
ខ្ញុំសុំងាកមកនិយាយអំពីបញ្ហាផ្លូវជាតិលេខ ៤៨ នេះបន្ដិច។ ការតភ្ជាប់រវាងតំបន់ដីគោកនៅខេត្តព្រះសីហនុ ទៅខេត្តកោះកុង គឺយើងតភ្ជាប់ដោយការធ្វើដំណើរដោយទូក ឬដោយកាណូតប្រកបដោយភាពគ្រោះថ្នាក់។ ខ្ញុំនៅចាំបានអនុស្សាវរីយ៍នៅទឹកដីនៃខេត្តកោះកុងរបស់យើងនេះ។ នៅប្រមាណជាចុងឆ្នាំ ១៩៨៥ ឬដើមឆ្នាំ ១៩៨៦ ខ្ញុំបានធ្វើដំណើរទៅខេត្តកោះកុង។ សម្ដេចពិជ័យសេនា ទៀ បាញ់ ជិះកាណូត ពីស្រែអំបិល កាត់ទៅកោះកុង។ ពេលនោះ ខ្ញុំក៏ជិះកាណូតជាមួយតា រុងផ្លាម កៃសម លើកដៃស៊ីញ៉ូគ្នា … គ្រាន់តែការតភ្ជាប់ផ្ទៃក្នុងនេះ គឺយើងត្រូវធ្វើដំណើរផ្គត់ផ្គង់ទៅកាន់ខេត្តកោះកុង ទៅតាមផ្លូវទឹកតែប៉ុណ្ណោះ។ ប្រសិនបើមានខ្យល់ព្យុះ ភ្លៀងធ្លាក់ខ្លាំងមិនហ៊ានធ្វើដំណើរទៅទៀត។ នេះជាចំណុចចាប់ផ្ដើមរបស់យើងពេញដោយការលំបាក។ បន្ទាប់ទៅ កងវិស្វកម្មរបស់យើងបានធ្វើផ្លូវជាតិលេខ ៤៨ នេះបណ្ដើរៗ។
ក្រោយមកក៏បានទទួលនូវជំនួយឧបត្ថម្ភរបស់ព្រះរាជាណាចក្រថៃ បូកជាមួយនឹងការផ្ដល់ហិរញ្ញប្បទាន ជាមួយនឹងការកសាងផ្លូវ កសាងស្ពាន ០៤ ដែលជាអំណោយមនុស្សធម៌ដ៏សប្បុរសរបស់ព្រះរាជាណាចក្រថៃ គឺយើងបានតភ្ជាប់ផ្លូវនេះ ជាផ្លូវដែលមានការចាក់កៅស៊ូ។ មុននឹងបានចាក់កៅស៊ូនេះ ខ្ញុំនៅមានអនុស្សាវរីយ៍មួយ ដែលបងស្រីម្នាក់នៅឯខេត្តកោះកុង ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០០៨ បានរត់មកអោបខ្ញុំ។ ខ្ញុំមិនដឹងថា គាត់មានរឿងអ្វីកើតឡើង? ខ្ញុំគិតថា ក្រែងលោគាត់មានរឿងអយុត្តិធម៌អ្វីមួយសម្រាប់ខ្លួនគាត់ … ប៉ុន្តែនៅពេលដែលគាត់អោបខ្ញុំហ្នឹង គាត់យំ ហើយគាត់និយាយអំពីភាពកំសត់របស់គាត់ នៅពេលដែលយើងមិនទាន់បានចាក់កៅស៊ូ។
ពីមុន យើងមានព្រែករហូតដល់ ០៤ ហើយទៅដល់យប់ គេអត់ឆ្លង អញ្ចឹងគាត់ដេកនៅនឹងព្រៃ(តាមមាត់ព្រែក)។ អញ្ចឹងគាត់នឹកអនុស្សាវរីយ៍កំសត់ជាមួយនឹងការលំបាក ពីពេលដែលគាត់ធ្វើដំណើរប៉ុន្មានឆ្នាំមុន។ អញ្ចឹងគាត់មកអោបខ្ញុំ ដើម្បីនឹងអរគុណតែប៉ុណ្ណឹង … អញ្ចឹងអ្នកកោះកុងរបស់យើងជួបការលំបាកណាស់ នៅក្នុងបញ្ហាការតភ្ជាប់។
សូមបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រិយមិត្តកូរ៉េឱ្យបានជ្រាប គ្រាន់តែបញ្ហាតភ្ជាប់ផ្ទៃក្នុងរបស់យើងខ្ញុំ គឺមានការលំបាកណាស់ទៅហើយ។ ប៉ុន្តែ ដោយសារការខិតខំប្រឹងប្រែង ហើយជាពិសេសការនាំមកនូវសន្ដិភាព អនុញ្ញាតឱ្យយើងខ្ញុំអាចនឹងពង្រីកប្រព័ន្ធផ្លូវនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមចំណែកកសាងទឹកដីនេះ ជាមួយនឹងសហការី ដែលបានចាប់ផ្ដើមជាមួយគ្នា ពីបាតដៃទទេនាឆ្នាំ ១៩៧៩។
អាស៊ានដាក់ទណ្ឌកម្មកម្ពុជា ប៉ុន្តែថៃរកស៊ីជាមួយប្រជាជនកម្ពុជា ជាពិសេសនៅខេត្តកោះកុង
មានពេលមួយ ខ្ញុំមិនយល់ស្របជាមួយនឹងការចង់បានរបស់មនុស្សមួយចំនួន ដែលចង់ឱ្យខេត្តកោះកុង កាត់ផ្ដាច់នូវការទំនាក់ទំនងរកស៊ីជាមួយនឹងប្រទេសថៃ។ ពេលនោះ ខ្ញុំត្រូវតស៊ូយ៉ាងស្វិតស្វាញ នៅក្នុងគណៈរដ្ឋមន្រ្តី ក៏ដូចជានៅក្នុងគណបក្សប្រជាជនកម្ពុជាតែម្ដង។ (ហេតុការណ៍)នេះជាការបញ្ជាក់អំពីប្រជាធិបតេយ្យផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាកាលពីពេលនោះ។ ក្នុងឋានៈខ្ញុំជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ដែលវាជាតំណែងនាយករដ្ឋមន្រ្តី ខ្ញុំឧស្សាហ៍ចុះទៅខេត្តកោះកុង ដើម្បីពិនិត្យមើល តើខេត្តកោះកុងមានស្ថានភាពរបៀបម៉េច? ខ្ញុំបានប្រាប់នៅក្នុងអង្គប្រជុំ ដែលមានទាំងសម្ដេច ហេង សំរិន, សម្ដេច ជា ស៊ីម, ឯកឧត្តម សាយ ភូថង ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ខ្ញុំថា “អត់បានទេ”។
ប្រសិនបើការកាត់ផ្ដាច់ការរកស៊ីជាមួយនឹងប្រទេសថៃ វាស្មើនឹងការសម្លាប់ប្រជាជននៅខេត្តកោះកុងតែម្ដង ព្រោះយើងត្រូវផ្គត់ផ្គង់ពីស្រែអំបិលកាន់ខេត្តកោះកុង។ យើងត្រូវផ្គត់ផ្គង់យ៉ាងហោចណាស់ ១២ ម៉ោងទើបទៅដល់។ ពេលដែលខ្ញុំទៅខេត្តកោះកុងនោះ ខ្ញុំទៅដេកនៅប៉ាក់ខ្លង, ផ្ទះ (លោក គង់) ទ្រីវ នៅប៉ាក់ខ្លង កាលនោះ (សម្ដេចនិយាយអំពី សម្ដេចចេះលេងបៀរពីកោះកុង)។ អញ្ចឹងខ្ញុំទៅដេកនៅប៉ាក់ខ្លង ព្រលឹមឡើង គេបើកកាណូតទៅទិញគុយទាវនៅខ្លងយ៉ៃ យកមកស៊ីនៅក្ដៅៗនៅឡើយ។
ចុះបើយើងបិទការរកស៊ីជាមួយនឹងប្រទេសថៃ តើត្រូវធ្វើយ៉ាងម៉េច? (យើងត្រូវមាន)ភាពឈ្លាសវៃនៅក្នុងទំនាក់ទំនងការទូត ការបរទេសជាមួយប្រទេសជិតខាង។ ដោយសារពេលនោះ ប្រទេសថៃក៏ស្ថិតនៅក្នុងក្របខណ្ឌនៃប្រទេសអាស៊ាន ដែលដាក់ទណ្ឌកម្មចំពោះប្រទេសកម្ពុជា ក៏ប៉ុន្តែប្រទេសថៃក៏នៅតែមានការរកស៊ីជាមួយប្រជាជនកម្ពុជា ជាពិសេសនៅខេត្តកោះកុង។ ពេលដែលយើងចាប់ក្ដាម ចាប់បង្កង ចាប់បង្គារបាន ចាប់ត្រីបាន យើងលក់ទៅខាងប្រទេសថៃ ហើយយើងទិញសម្ភារពីប្រទេសថៃ មកចិញ្ចឹមខេត្តកោះកុងវិញ។ ហេតុអ្វីបានជាយើងត្រូវធ្វើបាបខ្លួនឯង? (ដោយការចង់ឱ្យខេត្តកោះកុង កាត់ផ្ដាច់ការទំនាក់ទំនងរកស៊ីជាមួយថៃ)។
នៅពេលណាមួយ ខ្ញុំនឹងខិតខំ(និយាយ) ពិតមែនខ្ញុំបាននិយាយប្រហែល ៨០ ម៉ោងរួចហើយ អំពីប្រវត្តិ(កិច្ចកសាង និងអភិវឌ្ឍន៍ជាតិ) ប៉ុន្តែខ្ញុំនឹងចូលទៅក្នុងភាពលម្អិតនៃចំណុចនីមួយៗទៀត ដែលអាចថា ប្រហែលជាមិនតិចជាង ២០០ ម៉ោងទេ នៃជីវិតរបស់ខ្ញុំ នៅក្នុងដំណើរការ(កិច្ចកសាង និងអភិវឌ្ឍន៍ជាតិ)។ គ្រាន់តែខេត្តកោះកុងនេះមួយ ត្រូវប្រើពេលច្រើនណាស់ ដើម្បីនឹងនិយាយពីរឿងកោះកុង។
ផ្លូវជាតិ ៤៨ របៀងមាត់សមុទ្រទំនាក់ទំនងផ្ទៃក្នុង និងរវាងថៃ និងវៀតណាម ឆ្លងកាត់កម្ពុជា
(យើងបានឆ្លងកាត់ការប្រឹងប្រែងជាច្រើន) ដើម្បីធ្វើឱ្យកោះកុងមានការរីកចម្រើនឡើង តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តាំងពីផ្លូវដី ហើយឆ្លងទូកដ រហូតមកដល់ដំណាក់កាលធ្វើផ្លូវកៅស៊ូ និងមានស្ពានបេតុង។ ឥឡូវនេះ ចាប់ផ្ដើមពង្រីកទៅជាចាក់បេទីម។ ផ្លូវនេះក្លាយទៅជាផ្លូវមួយដ៏សំខាន់។ មិនត្រូវភ្លេចទេថា ផ្លូវនេះគឺជារបៀងមាត់សមុទ្រ ដែលខ្ញុំធ្លាប់បាននិយាយហើយ ជារបៀងមាត់សមុទ្រដែលបម្រើឱ្យមិនត្រឹមតែទំនាក់ទំនងផ្ទៃក្នុងរបស់កម្ពុជាទេ ក៏ប៉ុន្តែវាបម្រើឱ្យទំនាក់ទំនងរវាងប្រទេសថៃ កម្ពុជានិងវៀតណាម ដែលឆ្លងកាត់របៀងមាត់សមុទ្រនេះ។ បើសិនវៀតណាមចង់យកទំនិញទៅប្រទេសថៃ ឆ្លងកាត់តាមផ្លូវនេះក៏វារហ័ស។ ថៃចង់នាំទំនិញឆ្លងកាត់ទៅវៀតណាម ក៏ឆ្លងកាត់តាមផ្លូវនេះ គឺរហ័ស …។
ទន្ទឹមនឹងរបៀងមាត់សមុទ្រនេះ ក្លាយទៅជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញនិង(មាន)តំបន់ផលិត ដែលហៅថា ប៉ូលសេដ្ឋកិច្ចនៅទិសនិរតីរបស់យើង។ មុននេះ យើងមានត្រឹមតែខេត្តព្រះសីហនុតែប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ យើងគ្របដណ្ដប់ទិសនិរតី(ទាំងអស់) ដោយមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប ខេត្តកំពត ដែលជាទិសនិរតី ដែលផ្នែកពាក់ព័ន្ធជាមួយនឹងប៉ូលសេដ្ឋកិច្ចដ៏រីកចម្រើន ហើយដែលមានសក្ដានុពលខ្ពស់នៅពេលខាងមុខផងដែរ។
រង់ចាំធ្វើដំណើរលើផ្លូវជាតិលេខ ១០ តភ្ជាប់ពីខេត្តកោះកុង ទៅបាត់ដំបង
ផ្លូវនេះ ក៏យើងតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ ១០ ដែលយើងបាននិងកំពុងសាងសង់ចាប់ពីខេត្តបាត់ដំបង មកកាន់ខេត្តកោះកុង។ អ្នកខេត្តព្រះសីហនុរបស់យើងនេះ នៅពេលដែលត្រូវការទៅខេត្តបាត់ដំបងថ្ងៃក្រោយ មិនមានការចាំបាច់ធ្វើដំណើរទៅតាមទីក្រុងភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង ទៅពោធិ៍សាត់ ហើយបានទៅបាត់ដំបងទេ។ ធ្វើដំណើរចេញតាមពីស្រែអំបិល ចុះទៅខេត្តកោះកុង តភ្ជាប់ទៅផ្លូវជាតិលេខ ១០ ហើយបើចង់ទៅខេត្តបន្ទាយមានជ័យក៏ទៅៗ ចង់ទៅខេត្តប៉ៃលិនក៏ទៅៗ ចង់ទៅខេត្តបាត់ដំបងក៏ទៅៗ … នេះហើយដែលហៅថា ការរៀបចំប្រព័ន្ធផ្លូវ ឬបណ្ដាញផ្លូវ។ យើងបានតភ្ជាប់រួចហើយនូវផ្នែកនានានៅក្នុងក្របខណ្ឌទូទាំងប្រទេស នៅសល់ចំណែកផ្លូវជាតិលេខ ១០ ដែលខ្ញុំបានដាក់ឱ្យហៅថា “ផ្លូវជាតិលេខ ១០”។
បើផ្លូវជាតិលេខ ១០ បានកសាងរួចហើយ បានសេចក្ដីថា ប្រព័ន្ធផ្លូវរបស់យើងមួយព័ទ្ធជុំវិញ គឺត្រូវបានសាងសង់ រាប់ទាំងផ្លូវជាតិលេខ ៩ ពីខេត្តស្ទឹងត្រែង មកខេត្តព្រះវិហារ។ កាលពីដើម អត់មានផ្លូវទេ។ ផ្លូវជាតិលេខ ៩ បានសាងសង់ហើយ។ ខ្ញុំក៏បានធ្វើដំណើរលើផ្លូវនោះរួចទៅហើយដែរ។ កំពុងតែរង់ចាំទៅធ្វើដំណើរនៅលើផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ពីខេត្តកោះកុង ទៅខេត្តពោធិ៍សាត់ ទៅបាត់ដំបង ទៅបន្ទាយមានជ័យ ទៅប៉ៃលិន។ ការធ្វើដំណើរនៅពេលនោះ មិនប្រើពេលយូរប៉ុន្មានទេ …។
ជាផលប្រយោជន៍ធំនៅក្នុងបញ្ហាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ (ដែល)សូមកុំសង្ឃឹម(ពីការអភិវឌ្ឍ) បើសិនជាគ្មានផ្លូវ គ្មានស្ពាន គ្មានការតភ្ជាប់។ យើងត្រូវខិតខំតភ្ជាប់ផ្ទៃក្នុងផង និងតភ្ជាប់ជាមួយនឹងប្រទេសជិតខាង នៅក្នុងក្របខណ្ឌតំបន់របស់យើងផង។ អញ្ចឹងទេ (ផ្លូវជាតិ ៤៨)នេះ (អាចថា)ជាផ្នែកមួយ(នៃការតភ្ជាប់)អាស៊ានក៏បាន ឬហៅថា(ការតភ្ជាប់ក្នុង)អនុតំបន់មេគង្គរបស់យើងក៏បានដែរ។ វាជារបៀងមាត់សមុទ្រតែមួយគត់ ដែលយើងត្រូវខិតខំធ្វើវា។
លុយខ្លួនឯង ធ្វើបានស្រូត លឿនទាន់ចិត្ត
តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ផ្ញើជូនរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្ដល់នូវជំនួយក៏ដូចជាហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា។ ជាពិសេស គឺបានផ្ដល់នូវហិរញ្ញប្បទានសម្រាប់ការសាងសង់ផ្លូវជាតិលេខ ៤៨ ដែលបន្ដិចទៀត បើសិនជាផ្លូវជាតិលេខ ៤ កសាងមិនទាន់ទេ ផ្លូវជាតិលេខ ៤៨ ល្អជាងផ្លូវជាតិលេខ ៤។ ឥឡូវដេញថ្លៃដល់ណាហើយ? ដេញថ្លៃបាន ០៣ កញ្ចប់ នៅដល់ ០២ កញ្ចប់ទៀត។ តើត្រូវការ ០២ ឆ្នាំទៀតទេ? ឆ្នាំហ្នឹង អាចបញ្ចប់។ ០៣ កញ្ចប់ បើកការដ្ឋាននៅឆ្នាំហ្នឹង ហើយ ០២ កញ្ចប់ទៀត នឹងបើកការដ្ឋាន(ពេលក្រោយ)។ ទម្រាំដេញថ្លៃរួច កុងស៊ុលតង់យកលុយជិតអស់ … គ្រាន់តែដេញថ្លៃហ្នឹង ដេញចុះដេញឡើង គឺនៅតែដេញ។ បន្ដិចទៀត បើធ្វើមិនទាន់ទេ ផ្លូវក្នុងខេត្តព្រះសីហនុ វាល្អជាងផ្លូវជាតិលេខ ៤។ ផ្លូវជាតិលេខ ៤៨ វាល្អជាងផ្លូវជាតិលេខ ៤។ ប៉ុន្តែយើងមិនដឹងនិយាយថាម៉េច ព្រោះអាហ្នឹងជានីតិវិធី នៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលយើងត្រូវតែគោរពដោយខានមិនបាន។ តែមានពេលខ្លះ គឺថា វាធុញទ្រាន់ដែរ និយាយឱ្យពិត។
ជួនកាលគិតដែរ ដាក់ប៉ុន្មានរយលានដុល្លារសហរដ្ឋអាមេរិកចូលធ្វើផ្លូវជាតិលេខ ៤ ហ្នឹងឱ្យវាប៉ុណ្ណាប៉ុណ្ណី។ ប្រើលុយខ្លួនឯងតែម្ដង កុំឱ្យវាពិបាក។ យូរពេក។ មួយកញ្ចប់ មានប៉ុន្មានគីឡូម៉ែត្រ? … ២០០ គីឡូម៉ែត្រ ត្រូវនឹង ០៥ កញ្ចប់ … មិនមែនយើងមិនចង់ធ្វើផ្លូវជាតិលេខ ៤ ទេ ក៏ប៉ុន្តែ ដោយសារផ្លូវជាតិលេខ ៤ ជាផ្លូវរបស់សហរដ្ឋអាមេរិកជាអ្នកជួយ ដល់អញ្ចឹងទៅយើងមិនដឹងរកនរណាមកជួយលើអាមេរិកហ្នឹងទៅទៀត។ អញ្ចឹងចេះតែរង់ចាំៗទៅ។ ឥឡូវបានធនាគារពិភពលោក ចុះហត្ថលេខាជិត ០៣ ឆ្នាំ ទើបបានដេញថ្លៃ បាន ០៣ កញ្ចប់។ នៅសល់ ០២ កញ្ចប់ទៀត ប្រហែលឆ្នាំ ២០២២ ដេញថ្លៃរួច។ គ្រាន់តែដេញថ្លៃ ប្រើពេល ០១ ឆ្នាំ ទៅ ០២ ឆ្នាំ… ខ្ញុំទៅអានសុន្ទរកថានៅអង្គការសហប្រជាជាតិ ខ្ញុំនិយាយត្រង់តែម្ដង ខ្ញុំថា “ជំនួយពីប្រទេសនានាមក យកទៅវិញអស់ ៨០ ភាគរយ។ អ្នកដែលទទួល ទទួលបានត្រឹមតែ ២០ ភាគរយ។” អាហ្នឹងយើងហ៊ាននិយាយ ព្រោះអី? វិលវល់ៗនៅហ្នឹង នីតីវិធីស្អីហ្នឹង។ គ្រាន់តែកូនបណ្ណាល័យតូចមួយ ក៏ហៅជនបរទេសមកគូសប្លង់ដែរ។ និយាយអញ្ចឹង មិនមែនទិតៀនដល់ធនាគារពិភពលោកអីទេ។
ហ្នឹងជានីតិវិធីសាំញ៉ាំ។ គេថា នីតិវិធីហ្នឹងតម្លាភាពល្អ … ប៉ុន្តែយើងនៅដើរក្នុងភក់ហ្នឹងទៅ ទម្រាំចាំតែគេហើយ គេអូខេហើយហ្នឹង។ អូខេហ្នឹង មិនស្រួល មកផាកឯងទៀត។ ដេញថ្លៃៗខ្លួនឯង សុទ្ធតែមកផាកខ្លួនឯងទៀត។ អញ្ចឹងបានមានពេលខ្លះ គឺរកលុយខ្លួនឯង ធ្វើខ្លួនឯងឱ្យបានស្រូត ហ្នឹងបានវាលឿនទាន់ចិត្ត។ ដូចដាក់ព្រឹបទៅក្រុងព្រះសីហនុ ប៉ុន្មានរយលាន, ដាក់ព្រឹបទៅក្រុងសៀមរាប ធ្វើទាំងយប់ទាំងថ្ងៃតែម្ដង ចេញទៅជាផ្លូវបាត់។ នេះ ០៣ ឆ្នាំ ចុះហត្ថលេខា ឥឡូវសល់ ០២ កញ្ចប់ទៀត មិនដឹងថា ឆ្នាំនេះដេញថ្លៃចប់ ឬមិនចប់? សង្ឃឹមថានឹងដេញថ្លៃបានស្រូត ប៉ុន្តែយ៉ាងណាក៏ដោយ មកយឺតប្រសើរជាងអត់មក បានយឺតប្រសើរជាងអត់បាន។
ហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ សំរាប់ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ២២ និងផ្លូវជាតិលេខ ២១
ឥឡូវបើយោងទៅលើការធ្វើផ្លូវនៅកន្លែងនេះ គឺយើងប្រើពេលត្រឹមតែ ៣២ ខែ។ ឆ្នាំ ២០២៤ ផ្លូវនេះនឹងហើយ។ អញ្ចឹងទេ ធ្មេចបើកៗ ក៏បានមកដល់ ជាមួយនឹងការរីកចម្រើន។ ផ្លូវរបស់យើងនេះ អនុញ្ញាតឱ្យយើងទទួលផលប្រយោជន៍ពីបណ្ដាញផ្លូវនេះ ដែលខ្ញុំសុំអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ហិរញ្ញប្បទានសម្រាប់យើង។ កូរ៉េមិនគ្រាន់តែកំពុងនឹងសាងសង់ផ្លូវនេះទេ សាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ ប៉ុន្តែផ្លូវជាតិលេខ ២១ យើងគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់។ តែពេលនោះ ព្រឹត្តិការណ៍ ២០ កុម្ភៈ បានមកដល់ យើងផ្អាកអត់ទាន់បានសម្ពោធទេ។ ផ្លូវជាតិលេខ ២១ តភ្ជាប់ពីតាខ្មៅ ទៅព្រំដែនវៀតណាម យើងអត់ទាន់បានសម្ពោធទេ។ អាចរៀបចំពេលវេលាសម្ពោធដាក់ឱ្យប្រើប្រាស់។ យើងអត់ទាន់បានដាក់ក្នុងកម្មវិធីផង។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-ស្វាយជ្រុំ នឹងកើតមាន
អម្បាញ់មិញ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើងអំពីសំណើរបស់ខ្ញុំ និងការសមេ្រចចិត្តរបស់ខ្ញុំ ដែលនឹងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅទីក្រុងភ្នំពេញតែម្ដង។ អរគុណណាស់។ សូមអបអរសាទរទាំងអស់គ្នាដែលយើងនឹងបានស្ពានហ្នឹង។ នេះមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ មួយ ដែលតភ្ជាប់ជាមួយភ្នំពេញ ជាមួយនឹងស្វាយជ្រុំ។ ស្វាយជ្រុំនៅឃុំជាមួយអរិយក្សត្រ? … ប៉ុន្តែយ៉ាងណាក៏ដោយ ការដែលឯកអគ្គរដ្ឋទូត គាត់ហ៊ាននិយាយបែបនេះ គឺយើងសង្ឃឹមថា យើងធ្វើបានជាមួយនឹងស្ពាននេះ។ ពេលនោះ វារុញទៅឱ្យរីកចម្រើនខាងម្ដុំខាងល្វាឯម នៅត្រើយម្ខាងថែមទៀត ដែលនឹងក្លាយទៅជាទីក្រុងរណបនៅខាងនោះ។
ទំនាក់ទំនងកម្ពុជា-កូរ៉េកើតយឺត តែប្រសើរជាងមិនកើត
… ទំនាក់ទំនងយើង និងកូរ៉េ គឺមានការរីកចម្រើន។ ខ្ញុំសុំបញ្ជាក់ថា យើងដើរយឺតបន្តិចនៅក្នុងទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ … ក៏ប៉ុន្តែដើរយឺតប្រសើរជាងមិនព្រមដើរ។ កូរ៉េបែងចែកជាពីរ៖ មានកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ខ្ញុំបានប្ដូរផ្ដាច់ ដើម្បីធ្វើការចុះហត្ថលេខាទៅលើការបង្កើតទំនាក់ទំនងជាមួយ(សាធារណរដ្ឋ)កូរ៉េ បន្ទាប់ទៅ ខ្ញុំទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េនៅឆ្នាំ ១៩៩៦។ ខ្ញុំនៅចាំបានពេលនោះ អតីតប្រធានាធិបតី Kim Young-sam គាត់ទទួលខ្ញុំ។ ពេលដែលចរចារួចហើយ (យើង)ទៅ(ទទួលទាន)បាយ។ ពេលដើរជាមួយគ្នា គាត់ក៏បានប្រាប់ខ្ញុំថា “ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កូរ៉េនេះ ខាងកូរ៉េសូមផ្ដល់ជាអំណោយជូនឯកឧត្តមចំនួន ០២ លានដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមចង់យកអីក៏បានដែរ”។ ខ្ញុំបានប្រាប់គាត់ថា “កូរ៉េមានសម្ភារគ្រឿងចក្រល្អៗសម្រាប់កសាងផ្លូវ។ អញ្ចឹងសូមឯកឧត្តមជួយរៀបចំអោយខ្ញុំមួយអេគីប (equipe) សម្រាប់កសាងផ្លូវ។ អញ្ចឹងបានយកមកបំពាក់ឱ្យកងវិស្វកម្មធ្វើផ្លូវតភ្ជាប់ពីសៀមរាប ឡើងទៅអន្លង់វែង តំបន់ខ្មែរក្រហម ចុងក្រោយនោះ ឆ្នាំ ១៩៩៦។
កម្មករកម្ពុជា ៥ ម៉ឺននាក់ធ្វើការនៅកូរ៉េ ក្រោយទំនាក់ទំនងការទូតថ្នាក់ឯកអគ្គរដ្ឋទូត
ដល់ឆ្នាំ ១៩៩៧ យើងដាក់ទំនាក់ទំនងការទូតថ្នាក់អគ្គរដ្ឋទូតដោយ អតីតឯកអគ្គរដ្ឋទូតដំបូងគេ ប៉ាក់ ជុងតៃ។ តាំងពីពេលនោះមក ទំហំដំណើរវិវឌ្ឍន៍នៃទំនាក់ទំនងកម្ពុជា-កូរ៉េ គឺល្អណាស់ប្រសើរណាស់។ យើងមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា-កូរ៉េ នៅទីក្រុងភ្នំពេញ។ យើងបានបញ្ជូនកម្មករទៅធ្វើការនៅកូរ៉េរាប់ម៉ឺននាក់ សព្វថ្ងៃជាង ៥ ម៉ឺននាក់ ដែលកំពុងនៅកូរ៉េ ដែលបញ្ជូនប្រាក់សម្រាប់ក្រុមគ្រួសារនៅក្នុងប្រទេស។ ជាផ្នែកមួយនៃកិច្ចការរកស៊ីដំណើរការធម្មតា មិនថាកម្ពុជា វៀតណាម ថៃ ប្រទេសណាទេ ដែលបញ្ជូនពលករទៅប្រទេសកូរ៉េ។ អញ្ចឹងកម្ពុជាក៏បានទទួលយកចំណែកមួយចំនួនជាង ៥ ម៉ឺននាក់ នៃការដោះស្រាយការងារឱ្យពលរដ្ឋរបស់ខ្លួន ហើយជាង ៥ ម៉ឺននាក់ នោះហើយ ដែលបានទទួលប្រាក់ចំណូលសម្រាប់បញ្ជូនមកក្រុមគ្រួសារនៅក្នុងប្រទេស។
ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ មានទំហំជាង ១០០០ លានដុល្លារសហរដ្ឋអាមេរិក
មានជំនួយច្រើនទៀតដែលកូរ៉េបានផ្ដល់មកចំពោះយើង។ បន្ថែមលើនោះទំហំពាណិជ្ជកម្មបានកើនឡើងលើសពី ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ឥឡូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ នឹងបង្កើន។ អ្វីដែលជាមោទនភាពក្នុងពេលវិបត្តិ កូវីដ-១៩ នេះ កម្ពុជានិងកូរ៉េ មានការតភ្ជាប់គ្នាអត់ដែលដាច់ទេ។ កូរ៉េក៏មិនហាមឃាត់ពលរដ្ឋខ្មែរឆ្លងទៅកូរ៉េ ឯការហោះហើរពីកូរ៉េ មកកាន់កម្ពុជានៅតែមាន។ អញ្ចឹងបានជាមានការធ្វើដំណើរពីសហរដ្ឋអាមេរិក អឺរ៉ុប មកកាន់ប្រទេសកូរ៉េ រួចហើយបានតជើង(ហោះហើរ)មកកាន់កម្ពុជា។ ឯកម្ពុជាយើងចេញទៅក្រៅប្រទេស ទៅតាមកូរ៉េ រួចហើយបានចេញទៅអាមេរិក និងអឺរ៉ុប។ យើងធ្វើកិច្ចសហការគ្នាដោយមិនមានការធ្វើរបាំងបិទមិនអោយមានការហោះហើរទេ។ សុំអរគុណចំពោះការខិតខំនៃភាគីទាំងពីរដែលធ្វើឱ្យមានទំនាក់ទំនងល្អ បន្ថែមដោយថ្ងៃនេះ ជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជា និងកូរ៉េ។
ស្ពានឆ្លងទន្លេមេគង្គ ភ្នំពេញ/ស្វាយជ្រុំ ជានិមិត្តរូបនៃសាមគ្គីភាពកម្ពុជានិងកូរ៉េ
ខ្ញុំសង្ឃឹមថា មិត្តកូរ៉េនឹងបន្ត។ អ្វីដែលជាក្ដីសង្ឃឹមរបស់យើង គឺយើងនឹងមានស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញទៅកាន់ស្វាយជ្រុំខាងល្វាឯម ដែលអាចចាត់ទុកថាជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងកូរ៉េថែមទៀត។ យើងក៏សង្ឃឹមថា ពលករកម្ពុជាទៅធ្វើការនៅកូរ៉េនឹងបន្តកើនឡើង ជាមួយនឹងទំហំពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។ នេះហើយជាលទ្ធផលនៃការខិតខំនៃទំនាក់ទំនងនយោបាយការទូតរបស់កម្ពុជា។ យើងផ្សារភ្ជាប់នូវទំនាក់ទំនងនេះ អត់មានអ្វីដែលកម្ពុជាខាតបង់ទេ ក៏ប៉ុន្តែផលប្រយោជន៍ដែលបានទទួលមកវិញ គឺវាធំធេង។ ក្នុងឋានៈជាស្ថាបនិកនៃទំនាក់ទំនងកម្ពុជា-កូរ៉េ យើងចង់ឃើញនូវការរីកចម្រើនបែបនេះ។
បំពេញបំណងប្រជាជាតិទាំងពីរកម្ពុជានិងកូរ៉េ និងរវាងអាស៊ាន ១០ និងកូរ៉េខាងត្បូង
ពេលដែលកម្ពុជាចាប់ផ្ដើមក្លាយទៅជាសមាជិកអាស៊ានលើកដំបូងឆ្នាំ ១៩៩៩ ពេលនោះ ជំនាន់ឯកឧត្តមប្រធានាធិបតី Kim Dae-jung ឆ្នាំ១៩៩៩ ខ្ញុំបានប្រាប់គាត់ថា ប្រសិនបើខ្ញុំមិនខិតខំដាក់ទំនាក់ទំនងការទូតជាមួយកូរ៉េ នៅឆ្នាំ ១៩៩៦-៩៧ ទេ ពេលប្រជុំអាស៊ាននឹងសាធារណរដ្ឋកូរ៉េនេះ នឹងមានប្រទេសមួយដែលគ្មានទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូង នោះគឺកម្ពុជាហ្នឹងតែម្ដង។ តួអង្គនៃការធ្វើទំនាក់ទំនងនេះ មិនមែនជារឿងលេងសើច ហើយមិនមែនជារឿងធម្មតាពេកទេ។ ខ្ញុំត្រូវតែជំនះដើម្បីផលប្រយោជន៍ជាតិរបស់ខ្លួន។ ការពិតប្រសិនបើយើងមិនដាក់ទំនាក់ទំនងការទូតជាមួយកូរ៉េទេ ពេលប្រជុំអាស៊ាន ១០ ជាមួយនឹងសាធារណរដ្ឋកូរ៉េ គឺបានសេចក្ដីថា មានប្រទេសមួយក្នុងប្រទេសអាស៊ាន អត់មានទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូង គឺកម្ពុជាហ្នឹងតែម្ដង។ ជារឿងដែលមិនគួរគប្បីទេ។ ប៉ុន្តែ ខ្ញុំបានបំពេញនូវបំណងរបស់ប្រជាជាតិទាំងពីរ គឺកម្ពុជា និងកូរ៉េ ហើយក៏បានបំពេញអោយវាគ្រប់ទឹករវាងអាស៊ាន ១០ ដែលមានទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូង … នេះរឿងប្រវត្តិសាស្ត្រវាអញ្ចឹង ព្រោះដំណើរការជាតិកម្ពុជាបានកើតឡើងបែបនេះឯង។
ឆ្លងឆ្នាំសកល ជាព្រឹត្តិការណ៍សាកល្បងម្តងទៀត អំពីការបើកប្រទេសឡើងវិញ
ខ្ញុំចង់យកឱកាសដើមឆ្នាំនេះ សូមផ្ញើជូននូវការអបអរសាទរចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំសកល។ បុណ្យឆ្លងឆ្នាំសកល ក្លាយទៅជាព្រឹត្តិការណ៍សំខាន់នៃការសាកល្បងសាជាថ្មីម្តងទៀត សម្រាប់រាជរដ្ឋាភិបាលលើការបើកប្រទេសឡើងវិញ។ ថ្ងៃ ៣១ ធ្នូ ឆ្លងចូលថ្ងៃ ០១ ចំថ្ងៃសុក្រ បន្ទាប់ទៅថ្ងៃទី ០១ គឺថ្ងៃសៅរ៍ និងថ្ងៃទី ០២ គឺថ្ងៃអាទិត្យ។ ដូច្នេះ ចំនួនទេសចរដែលយើងទទួលបានក្នុងរយៈពេល ០៣ ថ្ងៃនេះ ឡើងរហូតទៅដល់ជាង ២ លាននាក់។ គ្រាន់តែថ្ងៃឆ្លងឆ្នាំ គឺយើងមាន ១ លាន ១ សែននាក់។ យប់នោះ ការពិតទៅ ខ្ញុំអត់បានទៅណាទេ ក៏ប៉ុន្តែខ្ញុំនៅចាំមើលគេឡាយផ្ទាល់ពីកន្លែងនេះពីកន្លែងនោះ ជាពិសេសគឺខាង BTV គេទៅឡាយផ្ទាល់នៅឯវិមានឈ្នះឈ្នះ ដែលមានមនុស្សទៅលេងទៅរាំវង់ទៅស្អីៗ ប៉ុន្តែមានគេបាញ់រូបភាពពីឧត្តរមានជ័យ ពីក្រុងព្រះសីហនុ កន្លែងខ្លះរាំ កន្លែងខ្លះគេលេង។
ខេត្តសៀមរាប ជាកន្លែងទទួលបានទេសចរច្រើនជាងគេលេខ ១, លេខ ២ គឺខេត្តព្រះសីហនុ។ សុទ្ធតែមានកន្លែងកម្សាន្ត។ ប្រជាពលរដ្ឋរបស់យើងអត់ទៅលេងនៅក្រៅប្រទេសទេ លេងនៅក្នុងប្រទេសរបស់ខ្លួន។ សណ្ឋាគារមួយចំនួន (តាំង)បង្កប់ក្នុងព្រៃៗនោះ។ មានមួយបន្ទប់ ៣០០០ ដុល្លារ។ ខ្ញុំហួសចិត្តតែម្តង។ កូនខ្ញុំ វានាំចៅខ្ញុំមកលេង។ អញ្ចឹងថាបន្ទប់ដែលវាដេកហ្នឹង ៣០០០ ដុល្លារ។ បន្ទប់កូនវាដេក ២៨០០ ដុល្លារ។ ថ្លៃជាងយើងទៅក្រៅប្រទេសផង។ លឺថា តាមកោះមួយៗ ថ្លៃសម្បើមទៀត កោះរុងសន្លឹម កោះស្អីឯណា … បានសេចក្តីថា ប្រជាពលរដ្ឋខ្មែរយើងមានលទ្ធភាពដើម្បីដេកសណ្ឋាគារថ្លៃៗ។ ពីមុនយកលុយទៅដេកសណ្ឋាគារនៅបរទេស។ ឥឡូវខ្មែរយើងយកលុយទៅដេកសណ្ឋាគារក្នុងប្រទេសវិញម្តង។ វាធ្វើអោយចរន្តសេដ្ឋកិច្ចរបស់យើងនេះងើបឡើងវិញដែរ។ ក្នុងរយៈកាលចាប់ពីយើងបើកប្រទេសឡើងវិញថ្ងៃ ០១ វិច្ឆិកា ហើយយើងបិទបញ្ចប់ព្រឹត្តិការណ៍ ថ្ងៃ ២០ ខែ ធ្នូ គឺ ១០ ខែគត់នៃការប្រយុទ្ធនឹង កូវីដ-១៩ (ជា)ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ចំណូលប៉ុន្មានខែចុងឆ្នាំងើបឡើង …។
ខ្ញុំកំពុងតាមសង្កេត ក្រោយពេលដែលយើងឆ្លងឆ្នាំហើយនោះ តើរឿងអ្វីវាកើតឡើង? ម្សិលមិញនេះអត់មានឆ្លងក្នុងសហគមន៍ទេ ឯឆ្លងនាំចូលពីក្រៅប្រទេសមក។ ថ្ងៃនេះនឹងប្រកាសតួលេខដូចជា ៤ ករណីតែប៉ុណ្ណឹងទេ ដែលនាំចូល។ សុទ្ធតែ អូមីក្រុង។ ឯឆ្លងក្នុងសហគមន៍ គឺអត់ទេ។ ខ្ញុំចេះតែរង់ចាំមើលថា ក្រោយពេលដែលគាត់ទៅលេងកម្សាន្ត ហើយកកកុញនៅតំបន់ទីក្រុងភ្នំពេញ មុខព្រះបរមរាជវាំង នៅវិមានឈ្នះឈ្នះ និងនៅតាមទីកន្លែងទទួលទាន តាមភោជនីយដ្ឋាននានា តើមានឆ្លង ឬអត់? សូម្បីតែធ្វើ Rapid Test នៅតាមតំបន់នានា មនុស្សទៅយកសំណាកថយចុះ បូកជាមួយនឹងយកសំណាកហើយក៏វាអត់ឆ្លង។ ម៉ាស៊ីនធំ PCR របស់យើងក៏អត់មានចេញសញ្ញាណាមួយ ក្រៅតែពីវិទ្យាស្ថានប៉ាស្ទ័រ ដែលយើងយកសំណាកអ្នកដែលយើងរកឃើញថាវិជ្ជមាន ទៅធ្វើការវិភាគរកឃើញ អូមីក្រុង ហ្នឹងតែម្តង។ ថ្ងៃនេះ យើងអត់ទាន់ដឹងថាមានស្លាប់ ឬអត់? ម្សិលមិញយើងដូចមានស្លាប់ម្នាក់។
ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងដោយកូវីដ-១៩
ឥឡូវ យើងមិនត្រូវភ្លេចចំនួនគ្រោះថ្នាក់ចរាចរណ៍។ កាលពីប៉ុន្មានខែមុននោះ អ្នកដែលគ្រោះថ្នាក់ដោយសារចរាចរណ៍ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនតិចជាងស្លាប់ដោយសារ កូវីដ-១៩ ដោយសារពេលនោះយើងអត់ទាន់បើកប្រទេស។ ដូច្នេះ ការធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្ន។ ព្រឹកមិញនេះ សម្តេចក្រឡាហោម ស ខេង បានបាញ់(របាយការណ៍គ្រោះថ្នាក់ចរាចរណ៍) ជាធម្មតាគាត់បាញ់អោយខ្ញុំ ១ ថ្ងៃម្តងៗ។ យប់មិញនេះ គាត់បាញ់ក្រោយម៉ោង ៥។ ម្សិលមិញនេះស្លាប់ ១៤ នាក់ របួស ១៧ នាក់។ ក្នុងពេលដែលម្សិលមិញនេះ យើងឆ្លងករណី អូមីក្រុង ដូចជា ៦នាក់ នាំចូលពីបរទេស អត់មានឆ្លងក្នុងស្រុក ស្លាប់តែម្នាក់ ដោយសារ កូវីដ-១៩ ប៉ុន្តែម្សិលមិញដដែលនេះ ស្លាប់ ១៤ នាក់ របួស ១៧ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ អញ្ចឹងសូមអោយមានការប្រុងប្រយ័ត្នទៅលើបញ្ហានេះ។
យ៉ាងណាក៏ដោយ ខ្ញុំមានមោទនភាពចំពោះការខិតខំទាំងអស់គ្នា ដើម្បីយកឈ្នះ ទប់ស្កាត់ កូវីដ-១៩ មិនអោយប្រជាពលរដ្ឋរបស់យើងស្លាប់ដោយសារ កូវីដ-១៩ នេះ។ ពិតមែនហើយ យើងមានជាង ៣០០០ នាក់ ដែលទទួលមរណភាពដោយសារ កូវីដ-១៩ ហើយយើងមានជាង ១២ ម៉ឺននាក់ដែល(ឆ្លង) កូវីដ-១៩។ តាមតួលេខពីម្សិលមិញនេះ យើងនៅសល់ ១៤៨ នាក់ កំពុងស្ថិតនៅបន្ទាប់សង្គ្រោះបន្ទាន់។ ប្រៀបធៀបជាមួយប្រទេសដទៃ នេះជាចំនួនមួយតិច បើប្រៀបធៀបនឹងរយៈពេលប៉ុន្មានខែមុន ដែលនៅក្នុង ICU រាប់រយនាក់ ចូលដល់ពាន់នាក់ឯណោះ។ ម្សិលមិញនេះនៅសល់តែ ១៤៨ នាក់។ ជាធម្មតា ខ្ញុំប្រមូលទិន្នន័យនៃអ្នកជំងឺ ហើយអ្នកនៅក្នុងដែលប្រើបន្ទប់សង្គ្រោះបន្ទាន់មានប៉ុន្មាន? ដើម្បីយើងអាចព្យាករថាតើចំនួនស្លាប់អាចកើន ឬអាចថយ។ នៅក្នុង ICU អាចនឹងមានការស្លាប់បន្ត ហើយក៏អាចមានអ្នកជាផងដែរ។
អនុវត្ត ៣ កុំ ៣ ការពារ និងជំរុញវ៉ាក់សាំងដូសជំរុញ
ខ្ញុំមានមោទនភាពនៅពេលដែលគេបាញ់រូបភាពអោយខ្ញុំ ឃើញគេរាំ ក៏ប៉ុន្តែគេរាំដោយពាក់ម៉ាស់។ អញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋរបស់យើងបន្តរឿងនេះតទៅទៀត កុំអោយប្រទេសបកក្រោយទៅរកការបិទខ្ទប់។ ខ្ញុំឃើញ ខ្ញុំសប្បាយចិត្តណាស់។ ពីមុនៗមក ការឆ្លងឆ្នាំសកល ប្រជាពលរដ្ឋអត់ដែលរាំទេ។ តែឆ្នាំនេះគាត់ទៅជារាំទៅវិញ។ ដោយសារអី? ឆ្នាំទៅអត់បានរាំ ខានទាំងរាំវង់ចូលឆ្នាំខ្មែរ … ឥឡូវគាត់លេង។ ទាន់មានឱកាសរាំពេលចូលឆ្នាំសកលតែម្តង។ រាំពេលណាក៏បានដែរ វាអត់ទាស់ខុសអីទេ។ ប៉ុន្តែសូមរក្សានូវគម្លាតសុវត្ថិភាព ហើយវិធីការពារ ៣ កុំ ៣ ការពារ តទៅទៀត ហើយត្រូវតែជំរុញអាដូសទី ៣ អោយលឿន។
ដូសទី ៣ កំពុងតែធ្វើប្រត្តិបត្តិការនៅខេត្តព្រះសីហនុ និងនៅខេត្តកោះកុង។ បន្ទាប់ពីភ្នំពេញ និងខេត្តកណ្តាលមក គឺយើងបានចុះមកចាក់នៅតំបន់នេះ។ អញ្ចឹងត្រូវតែជំរុញដូសទី ៣។ ខេត្តនានា ក៏ត្រូវជំរុញអាដូសទី ៣ ដើម្បីធាថា អូមីក្រុង ក៏ដោយ ឬក៏វាបំប្លែងទៅជាស្អីទៀតក៏ដោយ យើងរកបាននិងរក្សាភាពស៊ាំសហគមន៍ … ខ្ញុំចាក់ដូសទី ២ ហើយ, ដូសទី ៣ ហើយ ចង់រកដូសទី៤ ព្រោះគេចាក់ដូសទី ៤ ដូចសុវត្ថិភាព ចង់រកដូសទី៤។ ទូរស័ព្ទទៅពេទ្យៗ គេថា អត់ទាន់បានទេ ព្រោះត្រូវទាញអោយដល់ ៦ ខែ។ ពេទ្យគេអនុញ្ញាតអោយពី ៤ ខែ ទៅ ៦ ខែ … ត្រូវគួបផ្សំគ្នារវាងម្ខាងវ៉ាក់សាំងចាក់ ម្ខាងទៀតគឺការការពារខ្លួន។ ខ្ញុំមោទនភាពចំពោះពលរដ្ឋរបស់យើងដែលស្តាប់នូវការអំពាវនាវរបស់រាជរដ្ឋាភិបាល ហើយចេះការពារខ្លួនឯង ដូច្នេះហើយបានជាឃើញថាជំងឺឆ្លងតិច។
ម្សិលមិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍។ យើងប្រមូលសាស្ត្រាចារ្យទូទាំងប្រទេសជាង ៨០០០ នាក់ ទៅកាន់ទីក្រុងភ្នំពេញ ដើម្បីធ្វើកំណែការប្រឡងបាក់ឌូប្លិ៍។ ពេលធ្វើ Rapid Test នេះ គឺរកឃើញ ០៩ ករណីតែប៉ុណ្ណោះ ជាង ៨០០០ នាក់ ដែលធ្វើដំណើរពីខេត្តនានាមក គឺមានតែ ០៩ ករណីទេ។ ក្នុងនោះ មានករណីដែលចេញពីសាស្ត្រាចារ្យដែលចេញពីខេត្តកោះកុងម្នាក់ ប៉ុន្តែអ្នកទាំងនោះបានដាក់អោយធ្វើចត្តាឡីស័ក។ អ្នកទាំងនោះអត់ទាំងដឹងថា ខ្លួនមានផងហ្នឹង ប៉ុន្តែចាំបាច់ត្រូវតែធ្វើ … ខ្ញុំសូមបញ្ជាក់ខ្ញុំសប្បាយចិត្តជាងគេនៅត្រង់ថា ប្រឡងបាក់ឌូប្លិ៍ ឬប្រឡងមធ្យមសិក្សាទុតិយភូមិ … កូនសិស្ស ១១ ម៉ឺន ៥ ពាន់នាក់ជាង ករណីឆ្លង កូវីដ-១៩ មានតែ ០៣ ប៉ុណ្ណោះ។ ០២ ករណី គឺនាំចូលមកពីការប្រកួតក្រៅប្រទេស (អូមីក្រុង) គឺចាត់តាំងឲ្យប្រឡងនៅមន្ទីរពេទ្យតែម្តង។ មួយទៀត គឺនៅខេត្តបាត់ដំបង។ គឺមានតែ ៣ ករណីគត់ ក្នុងចំណោមកូនសិស្ស ១១ ម៉ឺននាក់ជាង។ គ្រូក៏អត់មានបញ្ហា។
មានបញ្ហាសុខភាពតិចតួច ប៉ុន្តែមិនមែនជាបញ្ហា(កូវីដ១៩ទេ) ដូចជាខ្ទង់ប្រហែលជា ២០ នាក់ មានបញ្ហាសុខភាព មានក្តៅ មានក្អក ក៏ប៉ុន្តែធ្វើតេស្តទៅអត់ឃើញទេ … ឥឡូវដល់ដំណាក់កាលនៃការកែ ត្រូវយកទៅកែនៅទីក្រុងភ្នំពេញ ហើយត្រូវប្រមូលសាស្ត្រាចារ្យពីបណ្តាខេត្ត ឡើងទៅទីក្រុងភ្នំពេញ … ឯកឧត្តម ហង់ ជួនណារ៉ុន វាយមកពីម្សិលអំពីចំនួនអ្នកឆ្លងសម្រាប់អ្នកដែលទៅប្រឡង ដែលយើងគួរមានមោទនភាពអំពីកិច្ចការពារខ្លួនរបស់ប្រជាពលរដ្ឋរបស់យើង។ ឥឡូវ ៧២ ម៉ោង គេសុំធ្វើម្តង។ ថ្ងៃ ៣០-៣១ ដល់ថ្ងៃ ១ មករា មានករណី កូវីដ-១៩ ចំនួន ០៩ ករណី ត្រូវជា ០,១% នៃចំនួនសាស្ត្រាចារ្យដែលមកពីទូទាំងប្រទេស ៨ ៧៧២ នាក់ ក្នុងហ្នឹងភ្នំពេញមាន ៣ ពោធិសាត់មាន ៣ បាត់ដំបង ១ ស្ទឹងត្រែង ១ កោះកុង ១ អត់អីទេ គេព្យាបាលជា បានគេមកផ្ទះ … អញ្ចឹងនៅតែជាការប្រុងប្រយ័ត្នរបស់យើង គឺព័ត៌មាននេះល្អ។
ខ្ញុំសុំកោតសរសើរចំពោះការខិតខំនៃអាជ្ញាធរខេត្ត រាជធានីខេត្តទាំងអស់ ដែលបានជួយសម្រួលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិរបស់យើង។ ផ្ទះភ្ញៀវជាច្រើនត្រូវបានបញ្ចុះថ្លៃ រាប់ទាំងខេត្តខ្លះគឺប៉ាវឲ្យសិស្សបានសម្រាក ហើយបានទទួលទានអាហារដោយមិនយកប្រាក់ទៀត ខេត្តជួយចេញ ក្រុមការងារជួយចេញ អាហ្នឹងហើយជាការសម្រួល ដើម្បីបណ្តុះបណ្តាលធនធានមនុស្សរបស់យើង។
ពិនិត្យឡើងវិញ ប្រជាជនជាង ៧ ម៉ឺននាក់ ដែលគ្រូពេទ្យមិនបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង
នេះគឺជាចំណុចដែលយើងត្រូវខិតខំទាំងអស់គ្នា។ វ៉ាក់សាំងមិនមែនជាថ្នាំទិព្វនោះទេ។ វ៉ាក់សាំងគ្រាន់តែជួយទប់ស្កាត់កុំឲ្យវាឆ្លងមួយផ្នែកតូចណាទេ ប៉ុន្តែអ្វីដែលសំខាន់ ពេលដែលវាឆ្លងហើយ វាមិននាំទៅដល់ជំងឺធ្ងន់ធ្ងរតែប៉ុណ្ណោះ។ អញ្ចឹងអ្នកដែលមិនទាន់បានចាក់ ដោយសារមូលហេតុនេះ មូលហេតុនោះក៏ត្រូវទៅចាក់។ ខ្លះពេលដែលកំពុងយុទ្ធនាការនៅកន្លែងនោះ កំពុងមានផ្ទៃពោះ ដល់ឆ្លងទន្លេហើយ ទើបប៉ុន្មានខែក្រោយ ទើបបានចាក់។ ហ្នឹងក៏តាមពេទ្យទៅ។ ខ្ញុំសុំស្នើឲ្យគ្រប់ទីកន្លែងទាំងអស់ធ្វើការពិនិត្យមនុស្សជាង ៧ ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់។ ចំណុចនេះគេបានរកឃើញ។ កាលពីមុននោះ នៅក្នុងក្រសួងការពារជាតិ សម្តេច ពិជ័យសេនា ទៀ បាញ់ ដឹកនាំខ្លួនឯងហ្មង។ ដំបូងអានេះក៏ចាក់មិនបាន អានោះក៏ចាក់មិនបាន។ គ្រូពេទ្យមិនឲ្យចាក់។ ស្រាប់តែ (សម្តេចពិជ័យសេនា ទៀ) បាញ់ ឲ្យចាក់ទាំងអស់។ ដល់ចាក់ទាំងអស់ មានអី អត់មានអ្នកណាមានអីទាំងអស់។
ឥឡូវសុំពិនិត្យឡើងវិញ។ ជាង ៧ ម៉ឺននាក់ គាត់ទៅ(សុំចាក់) ប៉ុន្តែគ្រូពេទ្យយើងបែរជាមិនឲ្យចាក់។ សុំពិនិត្យអាហ្នឹងឡើងវិញ។ អញ្ចឹងសុំលោកជំទាវ ឱ វណ្ណឌីន បញ្ជាទៅគ្រប់ទីកន្លែងឲ្យពិនិត្យឡើងវិញ។ ពួកគាត់អាចវិលត្រឡប់មករកការចាក់។ ជំងឺខ្លះអាចចាក់បាន ព្រោះអញ្ចេះ គេថាហាមចាក់មនុស្សហឺត។ តែខ្លះហឺតតាំងពីតូច។ គេហាមតែកំពុងហឺតនេះ មិនឲ្យចាក់។ ប៉ុន្តែហឺតខ្លះ តាំងពីគាត់នៅតូច។ ឥឡូវគាត់អាយុ ៤០ ហើយ ៥០ ប្លាយហើយ នៅតែមិនឲ្យចាក់ ដោយសារមានប្រវត្តិជំងឺហឺត … អាចពេលខ្លះ ពេទ្យរបស់យើងមានការខ្វះចន្លោះកន្លែងហ្នឹង។
ខ្ញុំសុំអំពាវនាវ(អោយចាក់វ៉ាក់សាំងនិងអនុវត្ត ៣កុំ ៣ការពារ) ដើម្បីយើងទាំងអស់គ្នាឈ្នះ ហើយអត់វិលត្រឡប់ទៅក្រោយទេ។ នៅពេលចូលឆ្នាំខ្មែរ សប្បាយទៀត។ ឆ្នាំហ្នឹង ព្រោះខានសប្បាយ ២ ឆ្នាំហើយហ្នឹង។ ឆ្នាំ ២០២០ យើងខានចូលឆ្នាំ សុំលើកពេល។ ២០២១ lockdown បណ្តោយ បិទខ្ទប់។ ឥឡូវ ២០២២ ខិតខំចូលឆ្នាំខ្មែរ ព្រោះបញ្ហាការបិទប្រទេស ឬបិទគោលដៅ មិនមែនជារឿងងាយស្រួលទេ។ គ្រាន់តែបិទខេត្តព្រះសីហនុ ខ្ញុំឲ្យដឹកឡានអង្គរក្សទេ អ្នកជួយដឹក ៣៨ ០០០ គ្រួសារ ដែលត្រូវចែកជំនួយ ដែលត្រូវចិញ្ចឹមក្នុងពេល lockdown។ បើនៅភ្នំពេញរាប់សិបម៉ឺនគ្រួសារ។ អញ្ចឹងខ្ញុំមិនចង់ឲ្យមានការបិទខ្ទប់ណាមួយកើតឡើងបន្ថែមទៀតទេ។ ដូចដែលខ្ញុំធ្លាប់បាននិយាយហើយ បើថាផ្សារមួយពីដើមយើងថាផ្សារមួយឆ្លងតែ ៥ នាក់ បិទផ្សារទាំងមូល។ ឥឡូវអត់ទេ ដោយកាលៈទេសៈនោះវាផ្សេង។ វាអត់ទាន់មានវ៉ាក់សាំង ឥឡូវវ៉ាក់សាំងជ្រាបក្នុងខ្លួន ខ្លះ ២ ដូស ខ្លះ ៣ ដូស មានអ្នកដល់ទៅ ៤ ដូសទៀតហើយ។ បើកងអង្គរក្សរបស់ខ្ញុំ សួរទៅថាសុទ្ធតែ ៤ ដូសអស់ គ្រាន់តែថាខ្ញុំគេមិនឲ្យចាក់តែប៉ុណ្ណោះ ព្រោះអត់ទាន់ដល់។ អង្គរក្សគាត់នាំគ្នាចាក់ស្ងាត់ៗទៅ … អញ្ចឹងឡើង ៤ ដូស។ ឥឡូវសំខាន់អ្នកដូសទី ១ ដែលមិនទាន់បានចាក់ ត្រូវទៅចាក់ ដើម្បីឈានយកដូសទី ២ ព្រោះកន្លងទៅខ្លះដូចករណីឆ្លងទន្លេចឹង មិនបង្ខំចាក់បង្កើតបញ្ហាទេ។ សុំផ្តាំទៅក្មួយៗ បើចង់មានកូន កុំអាលឲ្យមាន ចាក់វ៉ាក់សាំងសិន ចាក់វ៉ាក់សាំងហើយចាំមាន …។
សុំផ្តាំសាជាថ្មីម្តងទៀត ខារ៉ាអូខេចាប់បើកពេញលេញហើយ។ អញ្ចឹងក្មួយៗជាបុរសៗ ដើម្បីកុំឲ្យប្រពន្ធជេរដោយទាំងខ្ញុំ ពេលទៅខារ៉ាអូខេត្រូវនាំប្រពន្ធទៅជាមួយផង។ ឥឡូវឃើញគេយកទៅដាក់ក្នុង TikTok ពាក់ខោអាវអីណារួចហើយ ស្រាប់តែស្តាប់វិទ្យុ(ផ្សាយ) អត់ទៅទេ យកប្រពន្ធទៅដែរ។ ឥឡូវបើទៅរៀនអានអក្សរ ទៅជាមួយគ្នាទៅ។ អញ្ចឹងក្មួយៗអើយ ដើម្បីកុំឲ្យថា មកពីសម្តេចបើកប្រទេស បើកខារ៉ាអូខេ បើក disco បានប្តីខ្ញុំខូច កុំដោយមកដល់ខ្ញុំអី។ អញ្ចឹងសុំផ្តាំទៅបុរសៗទាំងឡាយ នាំប្រពន្ធ នាំកូនទៅលេងទៅ វាមិនទាស់ខុសអីទេ សណ្តោងរ៉ឺម៉កមួយទៅ។ ហ្នឹងត្រឡប់មកផ្ទះវិញក៏ប្រពន្ធអត់ជេរ ព្រោះប្រពន្ធទៅជាមួយដែរ ធ្វើម៉េចជេរ។ រួចហើយតែមិនស្រួលទៅតែឯង ត្រឡប់មកវិញជេរទាំងប្តីហើយ ថែមទាំងមកពីនាយករដ្ឋមន្ត្រីឲ្យបើកហើយ បានជាប្តីខ្ញុំខូច ទៅមកដោយទាំងខ្ញុំទៀត។ សុំផ្តាំផ្ញើប៉ុណ្ណឹងបានទេបុរសៗ។ បុរសជាច្រើនគេនាំប្រពន្ធគេទៅ។ ប៉ុន្តែបុរសមួយចំនួនអត់ទេ លួចទ្វារក្រោយ …។
គួរបង្កើតក្រុម Telegram ដើម្បីប្រជាពលរដ្ឋថតបទល្មើសចរាចរណ៍បញ្ជូនទៅមន្រ្តីនគរបាល
មានបញ្ហាមួយខ្ញុំក៏គួរតែនិយាយដែរ រឿងច្បាប់ចរាចរណ៍។ ខ្ញុំសុំថា ឯកឧត្តម ស៊ុន ចាន់ថុល ទៅពិភាក្សាជាមួយសម្តេចក្រឡាហោម ថាអាចធ្វើបានទេ។ ខាងផ្នែកចរាចរណ៍ផ្លូវគោក យើងអនុញ្ញាតឲ្យមានខាងនគរបាល បង្កើត Telegram ឲ្យប្រជាពលរដ្ឋគាត់ជួយថត ហើយបញ្ជូនចូលតេឡេក្រាម ដែលយើងដាក់ប្រចាំការ។ ខ្ញុំថា បើធ្វើអាហ្នឹងបាន(ជាការល្អ)។ ជាការផ្តល់មតិរបស់សាធារណជនរបស់យើង ដែលផ្តល់មតិមកខ្ញុំ ថាគួរតែមានការទទួលព័ត៌មាន។ ដូចជាផ្លូវជាតិលេខ ៤ ថ្ងៃទី ០១ ទៅពីកំពង់សោម ៥ ជួរ អ្នកមកពីភ្នំពេញអត់ធ្វើដំណើរកើត។ អញ្ចឹងនៅគាំង។ ឃើញមានក្មួយស្រីម្នាក់ឡើងលើដំបូលឡាន ថតបង្ហាញរូបភាព។ បើសិនយើងប្រើប្រព័ន្ធ Telegram អាចជួយយើងបាន អ្នកណាល្មើសច្បាប់។ យើងថតៗហើយបញ្ជូនទៅ Telegram។ យើងប្រកាស Telegram របស់ក្រសួង/អគ្គស្នងការនគរបាលជាតិ /ខេត្ត/ស្នងការខេត្ត ថតអ្នកណាល្មើស ថតទាំងលេខឡានហ្នឹងទៅទៀត រួចហើយបញ្ជូនទៅអោយស្នងការនគរបាល ឬអគ្គស្នងការនគរបាលជាតិ ឬអ្នកទទួលបន្ទុកផ្នែកចរាចរណ៍។
រឿងនេះកាលពីឆ្នាំ ២០០៩ ខ្ញុំធ្លាប់ជួបប្រទះ … ទស្សនកិច្ចផ្លូវការនៅបារាំង។ បន្ទាប់ទៅ ធ្វើដំណើរទៅអង់គ្លេសដើម្បី(ចូលរួមអបអរសាទរ)កូនទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចនៅឯសាកលវិទ្យាល័យ Bristol … ពេលហ្នឹងខ្ញុំបានប្រាប់ថា ខ្ញុំទៅវាយកូនហ្គោល អញ្ចឹងមិនចាំបាច់មានឡានរបស់ខាងរដ្ឋាភិបាលទេ។ ប៉ុន្តែខាងរដ្ឋាភិបាលគេបញ្ជូនឡានមួយ មាននគរបាល ៤ នាក់ ដើម្បីតាមការពារពីក្រោយ។ ខ្ញុំជិះឡានឯកជនទេ។ ឡានឯកជននោះបើកលឿនពេក។ ដល់បើកលឿនពេក កងការពារយើងពីក្រោយគេបាញ់(ល្បឿន) ថាយើងបើកហួសល្បឿន។ ដល់វាយកូនហ្គោលរួចហើយ ឃើញនៅលើកញ្ចក់ឡាន(មានវិក្កយបត្រ)ផាក(ពិន័យ) អ្នកដែលផាក គឺប៉ូលីសការពារយើង។
បើអញ្ចឹងយើងត្រូវខិតខំបង្កើតជាប្រព័ន្ធ Telegram នៃស្នងការនគរបាលខេត្ត ឬក៏អគ្គស្នងការនគរបាលជាតិ នៅពេលណាដែលប្រជាពលរដ្ឋបានឃើញថា មានបទល្មើសទាក់ទិននឹងការធ្វើចរាចរណ៍ (បើកបរ)ហួសល្បឿន ឬជិះខុសរបៀប ឬគ្មានស្អី គេអាចថត ហើយគេថតទាំងលេខឡានបាញ់បញ្ចូល Telegram របស់យើង។ អ្នកដែលខ្លាចៗតែកន្លែងប៉ូលីស ដល់កន្លែងប៉ូលីសគាត់បើកយឺត ដល់ផុតកន្លែងប៉ូលីសគាត់បើកលឿនតែម្តង។ អញ្ចឹងទេ មានតែអ្នកដែលគោរពច្បាប់ធ្វើដំណើរទៅជាមួយគាត់ជាអ្នកថត។ ប៉ុន្តែ យើងមិនមែនព្រឹបភ្លាមទៅចាប់គេភ្លាមទេ ត្រូវហៅមកសួរ(នាំ) យើងមានភស្តុតាងនៅក្នុងដៃ។ នេះគ្រាន់តែជាចំណុច ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្មានខែមុន កូវីដ-១៩ (មានអ្នក)ស្លាប់ច្រើនជាងគ្រោះថ្នាក់ចរាចរណ៍ ឥឡូវ គ្រោះថ្នាក់ចរាចរណ៍ចាប់ផ្តើមស្លាប់ច្រើនជាង កូវីដ-១៩ វិញម្តង។ ឆ្លង កូវីដ-១៩ អាចព្យាបាលជា ក៏ប៉ុន្តែ គ្រោះថ្នាក់ចរាចរណ៍ (បើ)ត្រូវរបួស អាចនឹងកាត់ជើង/ខ្វិន/ពិការ។ អាហ្នឹងជាចំណុចទី ១ ដែលខ្ញុំចង់និយាយ។
២០២២ ជម្រុញកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ចំណុចទី ២ ដែលខ្ញុំចង់និយាយ ខ្ញុំយកឆ្នាំថ្មីនេះ ជម្រុញកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុវត្តដោយម៉ឺងម៉ាត់នូវច្បាប់ និងបទបញ្ជា ស្តីអំពីការប្រើប្រាស់ថវិកា។ សុំអោយគ្រប់ស្ថាប័នថ្នាក់ជាតិ ជាពិសេស ថ្នាក់ក្រោមជាតិ អនុវត្តដោយម៉ឺងម៉ាត់នូវបទដ្ឋានទាក់ទងជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើរបាយការណ៍ អំពីបំណុលដែលបណ្តាខេត្តជំពាក់ក្រុមហ៊ុន លី ឈួង។ ខ្ញុំហួសចិត្តដែរ។ (ជាការជំពាក់)តាមរបៀបអនុវត្តន៍ “ធ្វើមុនទូទាត់តាមក្រោយ”។ ឥឡូវ ខ្ញុំសូមជម្រាប ចៅហ្វាយខេត្តណាហ៊ានធ្វើរឿងហ្នឹងតទៅទៀត ចៅហ្វាយខេត្តនោះត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។ ក្រុមហ៊ុន លី ឈួង ដូចក្រុមហ៊ុនអន្ទង់អញ្ចឹង។ គាត់ដើរធ្វើតែគ្រប់កន្លែងហ្នឹង លើកសំណើមកខ្ញុំៗមិនព្រម។ ដល់មិនព្រម គាត់ទៅលេងជាមួយខេត្ត។ ឥឡូវខេត្តជំពាក់លុយយ៉ាងធំ។
គ្រប់ខេត្តត្រូវដកគម្រោងដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន លី ឈួង និងក្រុមហ៊ុនដទៃ
ខ្ញុំបានចេញបទបញ្ជាហើយ ប៉ុន្តែ ក្រែងលោបទបញ្ជាហ្នឹងវាទៅយឺត។ ខ្ញុំអោយដកគម្រោងទាំងអស់ណា ដែលមិនទាន់បានអនុវត្ត ទោះបីចុះហត្ថលេខាជាមួយក្រុមហ៊ុន លី ឈួង ហើយក៏ដោយ ឬក្រុមហ៊ុនដទៃទៀតហើយក៏ដោយ ដកចេញអោយអស់។ សម្អាតបញ្ជី។ ឯប្រាក់ដែលជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវទូទាត់ ២០ ឆ្នាំ។ ដាក់អោយរាងចាលតែម្តង។ អត់មាន(ទូទាត់)អោយ(ឥឡូវ)ទេ។ អ្នកឯងត្រូវយល់អោយច្បាស់។ នេះជាបំណុលសាធារណៈ ដែលរាជរដ្ឋាភិបាលមិនអាចទទួលយកបាន។ មិនត្រឹមតែមិនអាចទទួលយកបាន អភិបាលខេត្តណាធ្វើរបៀបហ្នឹង សងលុយខ្លួនឯងទៅ។ បើមិនអញ្ចឹងអាចនឹងបាត់បង់តំណែង ព្រោះយកលុយទៅស៊ីសស៊ូសជាមួយក្រុមហ៊ុន អត់បានដេញថ្លៃ … រួចហើយមកទាររាជរដ្ឋាភិបាលអោយទូទាត់។ ចៅហ្វាយខេត្តឯងមានបានសុំមករាជរដ្ឋាភិបាល ដើម្បីសុំធ្វើទេស្ពាននេះ ផ្លូវនោះ អគារនេះ?
ផ្តាំទៅក្រុមហ៊ុន លី ឈួង អោយបញ្ឈប់ជាបន្ទាន់ បើមិនអញ្ចឹងនឹងដាក់ទៅក្នុងបញ្ជីខ្មៅ
ខ្ញុំផ្តាំទៅក្រុមហ៊ុន លី ឈួង អោយបញ្ឈប់ជាបន្ទាន់ បើមិនអញ្ចឹងខ្ញុំនឹងដាក់ក្រុមហ៊ុន លី ឈួង ក្នុងបញ្ជីខ្មៅ។ ខ្ញុំដឹងថាក្រុមហ៊ុនអ្នកឯងធ្វើល្អហើយ (សាងសង់)វិមានសន្តិភាព វិមាន(រដ្ឋ)សភា(ជាតិ) ធ្វើកន្លែងនេះ/នោះ ក៏ប៉ុន្តែ អ្នកឯងមិនអាចនឹងធ្វើបែបនេះតទៅទៀតបានទេ។ ផ្តាំទៅក្រុមហ៊ុនទាំងអស់ កុំយកតម្រាប់តាមក្រុមហ៊ុន លី ឈួង។ ខេត្តណាដែលបានជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវទូទាត់រយៈពេល ២០ ឆ្នាំ … ថ្នាក់ក្រោមជាតិ(ថវិកា)រកបានដោយខ្លួនឯង គឺទូទាត់(រយៈពេល) ២០ ឆ្នាំ។ ខុសគោលដៅទៀតនៃការចំណាយ ឧទាហរណ៍៖ ២០ ឆ្នាំ គេអោយអ្នកឯងចាយទៅលើអី? អ្នកឯងយកលុយហ្នឹងមកបំពេញឱ្យការចំណាយលើមួយមុខហ្នឹង។
ខ្ញុំសូមផ្តាំ និងដាក់ចេញបទបញ្ជាដាច់ណាត់ គម្រោងទាំងឡាយ ដែលមិនទាន់បានអនុវត្ត គឺដកចេញភ្លាម លុបកុងត្រាហ្នឹងគ្រវាត់ចោលភ្លាម ព្រោះកុងត្រាហ្នឹងអត់មានអ្នកណាទទួលស្គាល់ អភិបាលខេត្ត ឬក៏អ្នកណា ត្រូវនាំគ្នាលុបចោល។ បើសិនខ្ញុំរកឃើញ នឹងមានរឿងបន្តទៀត។ ឯចំពោះគម្រោង ដែលបានអនុវត្តរួចហើយ សុំទូទាត់រយៈពេល ២០ ឆ្នាំ ហើយយកលុយរដ្ឋបាលខេត្តហ្នឹងទូទាត់ទៅ។ រាជរដ្ឋាភិបាលគ្មានចេញអោយ ១ សេនទេ … ព្រោះធ្វើអីអត់អោយរាជរដ្ឋាភិបាលដឹង។ អញ្ចឹង វាក្លាយទៅជាបន្ទុកបំណុល។ ប្រទេសវៀតណាម និងប្រទេសឡាវ ប៉ុន្មានឆ្នាំគាត់វេទនាដោយសាររឿងហ្នឹង។ គាត់អោយអំណាចទៅខេត្តច្រើនជ្រុល។ ដល់ខេត្តជាមួយនឹងក្រុមហ៊ុនចេះតែធ្វើនេះ/នោះ រួចហើយជំពាក់លុយគេ។
ខ្ញុំធ្លាប់(ជួប)ហើយអាល្បែងហ្នឹង អាល្បែងធ្វើមុនទូទាត់តាមក្រោយ។ ទម្រាំដោះបំណុលគេរួច ត្រូវប្រើពេលវេលា។ នៅចាំទេ? ក្រុមហ៊ុនទិញដែកយកមកផ្គត់ផ្គង់អោយយើង ដើម្បីយើងធ្វើស្ពាន។ កាលនោះយើងវាពិបាក គេហៅថា “ធ្វើមុនទូទាត់តាមក្រោយ”។ ហ្នឹងឈឺក្បាលចង់ងាប់ចង់រស់។ ឥឡូវ ដោះរួចថ្នាក់ខាងលើ បែរទៅជាខាងក្រោមនាំគ្នាទៅធ្វើល្បែងគ្រោះថ្នាក់។ ខេត្តកោះកុងមានធ្វើឬអត់? បើអត់មានល្អ។ ខេត្តណាដែលមាន បើចុះហត្ថលេខាដោយអតីតអភិបាលខេត្ត ហៅអតីតអភិបាលខេត្តមកទូទាត់ទៅ រាជរដ្ឋាភិបាលអត់ឱ្យលុយទេ។
បើបណ្តោយរឿងនេះមិនទប់ស្កាត់អភិបាលខេត្ត ស្ថាប័នមិនសូវជាមានទេ។ សូមផ្តាំ រឿងនេះវាទៅជាជំងឺមហារីក។ ខាងក្រោមជំពាក់លុយគេ តម្រូវអោយខាងលើអ្នកចេញលុយ។ អ្នកឯងទៅឃុបឃិតគ្នា អត់ទាំងដាក់ដេញថ្លៃផង ទៅស៊ីសស៊ូសគ្នា នេះជាអំពើពុករលួយ ដែលខ្ញុំនិយាយដោយត្រង់ បើមិនសម្អាតអាហ្នឹង គឺមិនបាន។ ផ្តាំទៅគ្រប់អភិបាលខេត្ត-រាជធានីទាំងអស់ អត់អោយធ្វើអារបៀបហ្នឹងតទៅទៀតទេ។ រាល់ការធ្វើអ្វីក៏ដោយ ត្រូវមានការយល់ព្រម បើត្រូវចំណាយថវិកា។ អោយអំណាចទៅខេត្តហើយ ប៉ុន្តែអំណាចលោកឯងប្រើវាខុស … អញ្ចឹង ក្រុមហ៊ុន លី ឈួង ត្រៀមទៅខ្ចីធនាគារ ចេញការប្រាក់ធនាគារខ្លួនឯងទៅ ហើយខេត្តណា ខេត្តនោះទទួលបន្ទុកទៅ។ អត់មានអោយលុយទេ។
ចុងឆ្នាំទៅហើយ ថ្ងៃទី ៣០ ធ្នូ (២០២១) ហើយ បានខ្ញុំមើលឃើញរឿងហ្នឹង។ លុយមិនចេះ(តិច)។ អញ្ចឹង ចារដាក់។ ប៉ុន្តែក្រែងលោចំណាររបស់ខ្ញុំនោះ គេរវល់តែធ្វើ ស.ជ.ណ (គេហៅថា) សេចក្តីជូនដំណឹងស្អីៗ ឥឡូវ និយាយប្រាប់តែម្តងថា បញ្ជារបស់នាយករដ្ឋមន្ត្រីអោយបញ្ឈប់នូវការអោយក្រុមហ៊ុនឯកជនធ្វើមុន និងទូទាត់តាមក្រោយ។ រឿងនេះ ជាអំពើពុករលួយមួយ ដែលមិនអាចទទួលយកបានទេ ហើយវានឹងបង្កើតបន្ទុកបំណុលសាធារណៈមួយសម្រាប់យើង ដោយសារថ្នាក់ក្រោមជាតិធ្វើរបៀបនេះ។ បើក្រុមហ៊ុន លី ឈួង មួយធ្វើបាន បន្តិចទៀតក្រុមហ៊ុននានា នឹងទៅចរចាជាមួយខេត្ត ធ្វើគ្រប់តែខេត្តទាំងអស់ ទីចុងបំផុតមកស្នើអោយរាជរដ្ឋាភិបាលចេញលុយ។ លោកឯងមានដែលបានស្នើឲ្យសុំការអនុម័តពីរាជរដ្ឋាភិបាលហើយឬនៅ? រាជរដ្ឋាភិបាលប្រឹងអនុវត្តនូវគម្រោងទាំងឡាយតាមច្បាប់ប្រចាំឆ្នាំ ត្រូវចាយប៉ុន្មាន? ចាយទៅអី? ផ្នែកណាប៉ុន្មានអីប៉ុន្មាន? ត្រូវចាយអាហ្នឹង។ ប៉ុន្តែបែរជាថ្នាក់ក្រោមជាតិធ្វើរបៀបនេះ។ នេះខ្ញុំមិនទាន់ឲ្យធ្វើ audit ទេណា បើសិនជាមានការចាំបាច់ខ្ញុំនឹងឲ្យធ្វើ audit ចៅហ្វាយខេត្តអាចធ្លាក់ពីតំណែង។ ក៏ប៉ុន្តែ ខ្ញុំមិនយកកម្រិតតឹងទេ ព្រោះខ្ញុំបានដាក់ ទីមួយគឺឲ្យដកចេញ និងទីពីរគឺទូទាត់ ២០ ឆ្នាំ។ ទូទាត់ ២០ ឆ្នាំ ជួនកាលអភិបាលខេត្តងាប់បាត់ ហើយទៅទារពីណាក៏ទៅទារទៅ។ យើងអត់ទទួលដឹងទេ និយាយគ្នាឲ្យច្បាស់តែម្ដង។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងតែមួយគត់នៃរាជរដ្ឋាភិបាលក្នុងការខ្ចីបុល
ពីនេះតទៅ លឺសូរសម្លេងហ្នឹង គឺថាគ្រប់ខេត្តទាំងអស់ត្រៀមទៅ។ ជួនកាលគាត់ទៅកាត់លុយមុខចំណាយគេឲ្យធ្វើស្អីឯណានោះ … មកទូទាត់ឲ្យក្រុមហ៊ុន លី ឈួង។ ធ្វើរបៀបហ្នឹងវាម៉េចកើត? ខ្ញុំសូមជម្រាប វិសហមជ្ឈការ ប៉ុន្តែមិនឲ្យបង្កើតរដ្ឋក្នុងរដ្ឋដាច់ខាត … ជាពិសេសលើការគ្រប់គ្រងហិរញ្ញវត្ថុ។ មិនអនុញ្ញាតឲ្យលោកទៅខ្ចីអ្នកនេះ/នោះ។ អ្នកដែលមានសមត្ថកិច្ចខ្ចី គឺមានតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយគត់ ដែលធ្វើជាតំណាងឲ្យរាជរដ្ឋាភិបាលក្នុងការខ្ចីបុល មិនថាខ្ចីបុលពីក្រៅ ឬក្នុងប្រទេសទេ។ អញ្ចឹងអស់លោក អនុញ្ញាតឲ្យធ្វើមុន ទូទាត់តាមក្រោយ គឺជាប្រភេទនៃការខ្ចីបុលមួយ ដោយគ្មានច្បាប់អនុញ្ញាត គឺខុសច្បាប់។ នេះដើមឆ្នាំត្រូវតែធ្វើឲ្យបានល្អ ឲ្យបានត្រឹមត្រូវជាមួយនឹងកិច្ចការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
អញ្ចឹងក្រុមហ៊ុន លី ឈួង ចង់ទៅរកលុយឯណារកទៅ ខ្ញុំមិនដឹងទេ។ ទូទាត់ ២០ ឆ្នាំ ឧទាហរណ៍ថាអស់ ៥ ពាន់លាន ២០ ឆ្នាំគិតទៅ មួយឆ្នាំត្រូវកាត់បន្តិចៗ បើមិនអញ្ចឹងទេគឺថាលុបចោលតែម្ដងទៅ។ តែរដ្ឋាភិបាលអត់មានលុយឲ្យទេ។ ឲ្យទៅខេត្តហ្នឹង ហេតុអីបានត្រូវឲ្យទូទាត់ ២០ ឆ្នាំ? មូលហេតុឲ្យលុយទៅខេត្ត ក្រែងលោលោកខេត្តគាត់យកទៅចាយអស់រលីងសម្រាប់ទូទាត់ឲ្យក្រុមហ៊ុន លី ឈួង។ រួចហើយគាត់បានលុយទៅឯណាខ្ចីទៀត? វាមិនអស់? … បើមិនអញ្ចឹង គាត់នឹងយកប្រាក់មួយដុំដែលយើងប្រគល់ទៅ ដើម្បីសេវាថ្នាក់ក្រោមជាតិ ទៅសងក្រុមហ៊ុន លី ឈួង មួយចប់បណ្ដោយ ខេត្តហ្នឹងអភិវឌ្ឍអីអត់បាន។
អញ្ចឹងសុំស្ដាប់ខ្ញុំពីទីនេះឲ្យបាន លោកខេត្តទាំងឡាយ ដែលមកកន្លែងនេះក៏ត្រូវស្ដាប់គ្នាឲ្យបាន លោកខេត្តដែលមិនបានមក ក៏ត្រូវស្ដាប់គ្នាឲ្យបាន បញ្ជាចេញពីខេត្តកោះកុងនៅដើមឆ្នាំតែម្ដង បើមិនអញ្ចឹងទេ បន្តិចខេត្តនេះធ្វើបាន ក្រុមហ៊ុននេះធ្វើបាន ធ្វើពេញមួយប្រទេស តើគ្រប់គ្រងលុយរបៀបម៉េចទៅ? ចំណុចក្ដៅមានតែអាហ្នឹងមួយទេ។ ប្រហែលជាអ្នកវិភាគគេអាចយកទៅវិភាគបាន ៣ ទៅ ៤ ថ្ងៃអីដែរ។ លោក ហ៊ុន សែន តឹងសរសៃករឿងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៀតហើយ។ កន្លងទៅ (ថា)ទៅសម្លុតផ្ទៃក្នុង គំរាមផ្ទៃក្នុង។ ទេ! ផ្ទៃក្នុងគណបក្សប្រជាជនត្រូវមើលឲ្យច្បាស់ណា ផ្ទៃក្នុងលេងសុទ្ធតែ បើនិយាយតាមមួយបែប ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ កុំលេង។ រួចទៅសម្លុតផ្ទៃក្នុងយ៉ាងម៉េច? ផ្ទៃក្នុងរបស់គេៗឯកភាព។ ប៉ុន្តែ ល្អណាស់ៗៗៗ ល្អត្រង់អ្នកឯងវាយតម្លៃខ្ញុំមិនដែលត្រូវ ដូច្នេះអ្នកឯងយកឈ្នះខ្ញុំមិនបានទេ។ ខ្ញុំឌឺឲ្យអ្នកឯងថែមទៀត។ បើអ្នកឯងភ្លើណាស់ ទុកឲ្យភ្លើតទៅទៀត កុំបង្រៀនឲ្យចេះ។
កុំឲ្យកូវីដ-១៩ រាតត្បាតឡើងវិញ, បន្តអនុវត្តវិធានការសុខាភិបាល និងចាក់វ៉ាក់សាំង
ថ្ងៃនេះ ខ្ញុំគិតថា មិនចំណាយពេលច្រើន។ ប៉ុន្តែ មិនចំណាយពេលច្រើន អស់ជិត ២ ម៉ោងបាត់ កុំសូវពេក។ តែអ្វីដែលខ្ញុំចង់បានធំជាងគេ ក្រៅពីអ្វីដែលខ្ញុំបានលើកឡើងមកហើយ សុំកុំឲ្យជំងឺរាតត្បាតកូវីដ-១៩ អូមីក្រុងនេះ វារាតត្បាត។ សូមបន្តការខិតខំនូវការអនុវត្តនូវវិធានការសុខាភិបាល «៣ កុំ ៣ ការពារ»។ ជម្រុញអ្នកដែលមិនទាន់បានចាក់ដូសទីមូយ ត្រូវតែចាក់ដូសទីមួយ។ យើងមានកន្លែងស្ថានីយសម្រាប់ចាក់ ព្រោះខ្លះមានបញ្ហានេះ ខ្លះមានបញ្ហានោះ ដែលមិនទាន់បានចាក់។ សូមពិនិត្យមើល ៧ ម៉ឺននាក់ដែលមិនទាន់បានចាក់ ត្រូវចាក់ឲ្យគាត់។ បន្តការចាក់ដូសទីបី ទៅតាមផែនការគ្រោងទុករបស់យើង។ ឥឡូវភ្នំពេញចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង(ដូសជម្រុញ)សម្រាប់កុមារ និងយុវវ័យចាប់ពី ១២ ទៅ ១៨ ឆ្នាំ តាមអភិក្រមផ្ការីក (ដែល)មនុស្សចាស់បានចាក់រួចមកហើយ ប៉ុន្តែ ក្មេងក៏ត្រូវចាក់ ព្រោះដល់ពេលវេលាដែលត្រូវចាក់។
កំណើនសេដ្ឋកិច្ចនឹងស្ថិតនៅក្នុងរង្វង់ ៣%, ចំណូលគយនិងពន្ធដារ ៤.៥០០ លានដុល្លារ
សេដ្ឋកិច្ចនឹងដំណើរការធម្មតា។ ចំណូលចុងឆ្នាំរបស់យើង គឺចំណូលល្អ។ ឆ្នាំនេះទោះបីថា ចំណូលធ្លាក់ចុះ ប៉ុន្តែ បើនិយាយពីចំណូលពន្ធដារ គឺជាចំណូលដែលលើសផែនការរហូតទៅដល់ … ១២៤% ឯណោះ … ប៉ុន្តែឥឡូវខ្ញុំគ្រាន់តែជម្រាបជូនបន្តិច តើឲ្យរដ្ឋាភិបាលដួលរលំម៉េចកើត? បើទោះបីជាប្រាក់ចំណូលរបស់យើងវាធ្លាក់ គយបានត្រឹមតែ ៩៧,១% ទេ ក៏ប៉ុន្តែ គិតជាប្រាក់ចំណូលគឺបាន ២.២៩៤ លាន (ដុល្លារសហរដ្ឋអាមេរិក)។ ហ្នឹងផ្នែកគយ។ ដល់ផ្នែកពន្ធដារ បានសម្រេចទៅដល់ ១២៤,០២% បានជាទឹកប្រាក់ចំនួន ២.២៤៣ លាន(ដុល្លារសហរដ្ឋអាមេរិក)។ បើអញ្ចឹងទាំង ២ ផ្នែកហ្នឹង វាស្មើនឹង ៤.៥០០ លាន។ អញ្ចឹងធ្វើឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួលរលំវាមិនអាចទៅរួចទេ។ ការងើបឡើងរបស់យើងនៅក្នុងចំណូលចុងឆ្នាំនេះ គឺជាចំណូលល្អ។ កំណើនសេដ្ឋកិច្ចរបស់យើងស្ថិតនៅក្នុងរង្វង់ ៣%។ ខែ ៣ ទើបយើងកំណត់ចុងក្រោយ ប៉ុន្តែជាទូទៅក្នុងរង្វង់ ៣% ហើយ។
អញ្ចឹងយើងត្រូវខិតខំទាំងអស់គ្នា ធ្វើម៉េចចលនាកុំឲ្យមានកូវីដ-១៩។ នេះជាដំណើររុញនៃកំណើនសេដ្ឋកិច្ចឡើងវិញ។ យើងបាត់បង់តែទេសចរទេ។ ប៉ុន្តែ ទេសចរក្នុងស្រុកក៏ជាផ្នែកមួយដែលសំខាន់។ ៣ ថ្ងៃ ជាង ២ លាននាក់នៃការធ្វើដំណើរ គឺធ្វើឲ្យចរន្តនៃសេដ្ឋកិច្ចរបស់យើងទាំងទីក្រុង និងជនបទ ចាប់ផ្ដើមដើរ ជាមួយនឹងឧស្សាហកម្ម និងកសិកម្មរបស់យើងនៅមានកំណើន។ យើងនៅមានតម្រូវការច្រើនណាស់ ដើម្បីនឹងធ្វើ។ ដើមឆ្នាំ គឺជាឆ្នាំដែលយើងបើករៀបចំសមិទ្ធផល។ ថ្ងៃ ៨ ដល់ ៩ (មករា)នេះ ខ្ញុំទៅមីយ៉ាន់ម៉ា ព្រឹកស្អែកខ្ញុំនឹងពិភាក្សាជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ីតាមទូរស័ព្ទ រួចហើយខ្ញុំចេញទៅមីយ៉ាន់ម៉ា។ ដល់ត្រឡប់មកវិញត្រូវទៅសម្ពោធផ្លូវជាតិលេខ ៥ ថ្ងៃ ១០ (មករា) តភ្ជាប់បាត់ដំបង-បន្ទាយមានជ័យ។
នៅមានកម្មវិធីច្រើន។ បន្ទាប់ទៅត្រូវមានកម្មវិធីនេះកម្មវិធីនោះ ដើម្បីនឹងធ្វើទាំងអស់គ្នា។ មានតែការប្រឹងប្រែងទាំងអស់គ្នាប៉ុណ្ណោះ ដែលធ្វើឲ្យប្រទេសនេះរីកចម្រើន ហើយមានតែ(ការ)រក្សាសន្ដិភាពឲ្យបានតែប៉ុណ្ណោះ ទើបអាចឲ្យយើងដំណើរការអភិវឌ្ឍបាន។ គ្មានការអភិវឌ្ឍណាមួយនៅក្រោមគ្រាប់បែក គ្រាប់ផ្លោងគ្រាប់កាំភ្លើងទេ។ កុំនិយាយពីអ្វី បើសិនគ្មានសន្ដិភាព។ អ្នកខ្លះថា សន្ដិភាពទាល់តែមានសន្ដិភាពក្នុងចិត្ត អ្នកដែលអត់មានសន្ដិភាពក្នុងចិត្ត គឺអ្នកមានពិរុទ្ធភាពនោះឯង ដូចជាចោរលួច ចោរប្លន់ ឬធ្វើអំពើទុច្ចរិតនោះឯង។ វាមិនដែលមានសន្ដិភាពក្នុងចិត្តទេ គឺវាខ្លាចប៉ូលីសចាប់រាល់តែពេល កុំទៅឆ្ងល់ពេក។
បើអ្នកឯងចង់មានសន្ដិភាពផ្លូវចិត្ត អ្នកឯងធ្វើឲ្យស្រួលទៅ នោះអ្នកឯងមានសន្ដិភាពផ្លូវចិត្តហើយ។ សូម្បីយើងមិនស្មោះត្រង់ជាមួយប្រពន្ធទៅលួចមានស្រីក្មេង អត់មានសន្ដិភាពក្នុងចិត្តទេមិនអញ្ចឹង? ឧបមាទេណា … យើងធ្វើឲ្យតែស្រួលទៅមានសន្ដិភាពហើយ។ អ្នកខ្លះថាទាល់តែមានសន្ដិភាពក្នុងចិត្តបានគេហៅសន្ដិភាព។ អើ! អ្នកឯងធ្វើខុសមិនបាច់មានសន្ដិភាពក្នុងចិត្តទេ អស្ថិរភាព(ក្នុងចិត្ត)។ ប៉ុន្ដែអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់ គឺគ្រាប់បែកមិនត្រូវក្បាលរបស់អ្នកឯងតែប៉ុណ្ណឹង ព្រោះខ្ញុំធានាអាហ្នឹងសំខាន់ កុំឲ្យប្រទេសនេះ វាកើតសង្គ្រាម រឿងធំវានៅកន្លែងហ្នឹង។
អំណោយ
ថ្ងៃនេះក៏បាននាំមកសំរាប់៖ សាលាស្រុកស្រែអំបិល ២ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីនេះ ៣ លានរៀល។ ក្រុមតន្ដ្រីសម័យ ៥ លានរៀល។
សង្ឃឹមថាស្ពានមិត្តភាពកម្ពុជា-កូរ៉េដ៏ស្អាត នឹងកសាងបានក្នុងពេលមិនយូរ
ជាថ្មីម្ដងទៀត តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត (សូម)ផ្ដាំផ្ញើនូវការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉សម្រាប់ការជួយនូវការសាងសង់នេះ។ យើងនឹងបន្ដជាមួយគ្នានៅការបើកសម្ពោធផ្លូវជាតិលេខ ២១ ដែលមិនទាន់បានសម្ពោធនៅឡើយ។ រៀបចំសម្ពោធនៅទីនោះបន្ថែមទៀត។ សង្ឃឹមថា ស្ពានឆ្លងទន្លេមេគង្គហៅថាស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងកសាងបានក្នុងឆាប់ៗ ដាក់ឲ្យដំណើរការ ព្រោះមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានមិត្តភាពកម្ពុជា-ចិន។ អញ្ចឹងឥឡូវត្រូវតែមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ កាត់ទន្លេមេគង្គ ចំទីក្រុងភ្នំពេញតែម្ដង ឲ្យវាស្អាត។ ដូចឯកឧត្តមបានលើកឡើងអញ្ចឹង។ ទេសចរកូរ៉េក៏មកមើលស្ពានហ្នឹង (ព្រោះ)ជាចំណែកមួយនៃអ្នកបង់ពន្ធរបស់កូរ៉េដែរ។ បើបានអាហ្នឹងមួយទៀត គឺល្អឥតខ្ចោះ ហើយយើងមានតម្រូវការច្រើនទៀត។
ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុង ក្រោមឥណទានសម្បទានពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាថវិកាបដិភាគពីរាជរដ្ឋាភិបាល(កម្ពុជា)។ ខ្ញុំសូមជូនពរសម្ដេច លោកជំទាវ ព្រមទាំងបងប្អូនជនរួមជាតិនូវពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕