២៩ ធ្នូ … ខួបទី ២៣ នយោបាយឈ្នះឈ្នះបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ឯកឧត្តមអគ្គរដ្ឋទូត ភារធារី និងអនុពន្ធយោធានៃបណ្ដាប្រទេសជាមិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!
ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល សាលប្រជុំ ទីស្ដីការនៃក្រសួងការពារជាតិ។ គាប់ជួននឹងថ្ងៃនេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី ២៣ នៃថ្ងៃបញ្ចប់សង្រ្គាម នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនៃនយោបាយឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២១។ យើងពិតជាមានមោទនភាពជាមួយនឹងសមិទ្ធផលដែលយើងបានសាងសង់ ដែលអម្បាញ់មិញ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនៅក្នុងរបាយការណ៍រួចទៅហើយ។ ពិតហើយ នៅទីនេះ ពីអតីតកាល ក៏មានសំណង់ដែលបន្សល់ទុកដោយសម័យសង្គមរាស្រ្តនិយម។ បន្តទៅ យើងក៏បានកសាងបន្ថែម ដើម្បីពង្រីកនូវការងាររបស់យើង។ ប៉ុន្តែ យោងទៅលើស្ថានភាពនៃការរីកចម្រើន យើងក៏ចាំបាច់ត្រូវតែធ្វើឱ្យអគារនេះ មានទំហំដើម្បីស្របឆ្លើយតបជាមួយនឹងតម្រូវការនៃការប្រើប្រាស់ក្នុងវិស័យការពារជាតិរបស់យើង។
ខ្ញុំសុំចូលរួមជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងនូវការអរគុណជាមួយនឹងអ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ ទាំងវិស័យឯកជន ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ ខ្ញុំសុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល កោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ និងបញ្ជាការគ្រប់លំដាប់ថ្នាក់ តាំងពីអគ្គបញ្ជាការ និងបញ្ជាការដ្ឋាននៃបណ្ដាប្រភេទទ័ព៖ ជាជើងទឹក ជើងគោក និងជើងអាកាស ក៏ដូចជាបណ្ដាយោធភូមិភាគ កងពល និងតំបន់ប្រតិបត្តិការសឹកទាំងឡាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស។
ខឿនការពារជាតិរបស់ប្រជាជន … ពេលប្រជាជនជួបការលំបាក ចូលរួមជួយប្រជាជនវិញ
ក្រៅពី(សឹក)សង្រ្គាម កងទ័ពរបស់យើងបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងការកើតឡើងនៃគ្រោះមហន្តរាយ។ យើងបានឆ្លងកាត់នូវការងារលំបាកៗជាច្រើន ដែលក្នុងនោះ ការជួបប្រទះកាន់តែច្រើនឡើងៗ ទាក់ទិនជាមួយនឹងគ្រោះមហន្តរាយ ដូចជាទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ក៏ដូចជាការរលំបាក់អគារជាដើម។ ចុងក្រោយនេះ យុទ្ធនាការនៅក្នុងការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនទូទាំងប្រទេស រួមចំណែកដើម្បីទប់ស្កាត់នូវការរីករាលដាលនៃ COVID-19។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែកងទ័ពរបស់យើងក្នុងរយៈពេលកន្លងទៅនេះ បានធ្វើកិច្ចការជាច្រើន ស្របជាមួយនឹងខឿនការពារជាតិ គោលនយោបាយនៃខឿនការពារជាតិរបស់ប្រជាជន ដែលនៅពេលមានតម្រូវការ ប្រជាជនបានចូលរួម ប៉ុន្តែនៅពេលដែលប្រជាជនជួបការលំបាក យើងក៏បានចូលរួមជួយទៅដល់ប្រជាជនវិញយ៉ាងឆាប់រហ័ស។
យុទ្ធនាការចាក់វ៉ាក់សាំង គឺគ្របដណ្ដប់មួយផ្នែកធំ គឺចាក់ដោយពេទ្យកងទ័ពរបស់យើង។ កិច្ចការទាំងអស់នេះ វាមិនមែនងាយស្រួលទេ ជាពិសេសនៅពេលដែលយើងបិទខ្ទប់ទីក្រុងភ្នំពេញ បិទខ្ទប់នូវតំបន់មួយចំនួនផ្សេងទៀត ចាំបាច់ត្រូវប្រើប្រាស់កម្លាំងកងទ័ព ដើម្បីផ្គត់ផ្គង់ស្បៀងអាហារទៅកាន់ទីកន្លែង ដែលត្រូវបិទខ្ទប់ទាំងនោះ។ ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងការដឹកនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាបញ្ជាការនៃប្រភេទទ័ពរបស់យើង ដែលបានធ្វើកិច្ចការដ៏ល្អ។ សូមផ្ដាំផ្ញើជាមួយនឹងការសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាការផ្ញើជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ នៅលីបង់ នៅអាហ្វ្រិកណ្ដាល និងនៅម៉ាលី ផងដែរ។ ការពិតហើយ កិច្ចការដែលយើងបានធ្វើនេះ គឺមានទំហំធំ ហើយអ្វីដែលសម្ដេចពិជ័យសេនា ទៀ បាញ់ បានរៀបរាប់ ក៏យើងបានឆ្លងកាត់នូវដំណាក់កាលនានា។
ស្នើក្រសួងរ៉ែនិងថាមពល/អគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលថ្លៃប្រើប្រាស់អគ្គិសនី
ថ្ងៃនេះ ខ្ញុំចង់រំលឹកបញ្ហាមួយចំនួន ពាក់ព័ន្ធទៅនឹងកាតព្វកិច្ច ក៏ដូចជាការបកស្រាយបញ្ហាខ្លះ ដែលទាក់ទងជាមួយនឹងកិច្ចការរបស់យើងនៅពេលខាងមុខ។ សម្ដេចពិជ័យសេនា លើកឡើងអម្បាញ់មិញ ខ្ញុំមិនទាន់ឆ្លើយតបជាមួយនឹងការជំពាក់លុយគេទេ ប៉ុន្តែអ្វីដែលខ្ញុំសុំដាក់ឱ្យក្រសួងរ៉ែ និងថាមពល ក៏ដូចជាក្រុមហ៊ុនអគ្គិសនីកម្ពុជាពិនិត្យអំពីបញ្ហានេះ តើមានលទ្ធភាពប៉ុន្មាន ដែលអាចលុបបំណុលចាស់។ នេះគឺជារឿងដែលយើងត្រូវគិត។ អម្បាញ់មិញខ្ញុំសួរថា តើអគារនេះ នៅជំពាក់លុយគេអត់? អត់ជំពាក់គេទេ។ ប៉ុន្តែ អម្បាញ់មិញ យើងស្ដាប់ឮទាំងអស់គ្នាហើយថា ជំពាក់លុយថ្លៃអគ្គិសនីហ្នឹង គឺឡើងរហូតដល់ជាង ៩០០០ លានរៀល ស្មើនឹងជាង ២ លានដុល្លារសហរដ្ឋអាមេរិក។ សូមឱ្យអគ្គិសនីកម្ពុជាធ្វើការពិនិត្យ តើអគ្គិសនីកម្ពុជាអាចនឹងបំពេញ គេហៅថា លុបបំណុលបានប៉ុន្មាន? ក្រៅពីនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចនឹងចេញប៉ុន្មាន? អាចចែកគ្នាចេញ។ ម្ខាងគឺខាងក្រុមហ៊ុនអគ្គិសនីកម្ពុជា ដែលជាម្ចាស់បំណុល ព្រោះយើងជាកូនបំណុលរបស់អគ្គិសនី … អញ្ចឹងបានឱ្យអគ្គិសនីកម្ពុជា(ពិនិត្យ) តើអាចមានលទ្ធភាពលុបចោលបំណុលទាំងជាង ៩០០០ លានរៀល ស្មើនឹងជាង ២ លានដុល្លារសហរដ្ឋអាមេរិកនេះ បានទាំងស្រុង ឬក៏អាចជួយលុបពាក់កណ្ដាល ឬ ៧០%? (សល់)ក្រៅពីនោះ បំពេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ ប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ
ខ្ញុំមិនទាន់ឆ្លើយដាច់ណាត់ទេ។ តែមានរឿងមួយដែលខ្ញុំត្រូវទាមទារវិញ។ ខ្ញុំនឹងចេញបទបញ្ជា ដើម្បីឱ្យពិនិត្យអំពីការរៀបចំ ដើម្បីនឹងបន្ថែមថវិកាការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ ព្រោះតម្រូវការនៅពេលដែលកសាងអគារនេះមួយ តើតម្រូវការការកើនឡើង នៃការប្រើប្រាស់អគ្គិសនីប៉ុនណា? … អគ្គិសនីដែលប្រើប្រាស់ពីមុននេះ ត្រឹមតែ ៣០ មេហ្គាវ៉ាត់នៅទីក្រុងភ្នំពេញ ឥឡូវនេះ មិនមែន ៣០ មេហ្គាវ៉ាត់ទៀតទេ។ មានកន្លែងខ្លះអាចប្រើត្រឹមតែ ២០ អគារ អស់ ៣០ មេហ្គាវ៉ាត់បាត់ទៅហើយ។ នេះហើយជាការរីកចម្រើនរបស់ប្រទេសជាតិរបស់យើង ប៉ុន្តែប្រសិនបើយើងដាក់ការសន្សំសំចៃចូលទៅក្នុងកិច្ចការគ្រប់ស្ថាប័នទាំងអស់ យើងអាចរួមចំណែកដើម្បីសន្សំនូវថវិកានោះ។
ភាពខ្ជះខ្ជាយ ខ្វះការសន្សំសំចៃ តាមរយៈការបើកម៉ាស៊ីនត្រជាក់ចោល ហើយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ បើកសីតុណ្ហភាពត្រជាក់ពេក ក៏វាស៊ីភ្លើងខ្លាំងដែរ។ អញ្ចឹងខ្ញុំក៏សុំត្រឡប់មកវិញ ទន្ទឹមនឹងខ្ញុំអំពាវនាវប្រាប់ទៅអគ្គិសនីកម្ពុជា និងប្រាប់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅលើបញ្ហាការសង ក៏ដូចជាការបន្ថែមឥណទានសម្រាប់ការទូទាត់នូវថ្លៃភ្លើង សម្រាប់ឆ្នាំបន្ត ខ្ញុំក៏សុំត្រឡប់មកវិញ នូវបណ្ដាអង្គភាពទាំងអស់ទូទាំងកងយោធពលខេមរភូមិន្ទ ឱ្យសន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនី ដែលនេះជាផ្នែកមួយ ប្រឆាំងនឹងភាពខ្ជះខ្ជាយ ខ្វះការសន្សំសំចៃ។
បញ្ចូលថ្ងៃ ២៩ ធ្នូ ទៅក្នុងប្រតិទិន អបអរសាទរទិវាបញ្ចប់សង្រ្គាម តាមរយៈនយោបាយឈ្នះឈ្នះ”
មកដល់ពេលនេះ យើងបានឃើញកាន់តែច្បាស់នូវអ្វីទៅ ដែលហៅថា ជាសមិទ្ធផលនៃសន្ដិភាព។ ប្រទេសរបស់យើងបានឆ្លងកាត់នូវដំណាក់កាល ៣ ធំៗ ហើយថ្ងៃស្អែកនេះ សម្ដេចពិជ័យសេនា ត្រូវធ្វើខួបលើកទី ២៣។ ថ្ងៃនេះ ចំខួបលើកទី ២៣ ក៏ប៉ុន្តែខ្ញុំបាននិយាយនូវខួបលើកទី ២០ ហើយយប់មិញនេះ BTV ក៏បានចាក់ឡើងវិញនូវសង្កថារបស់ខ្ញុំទាំងស្រុង។ ដោយសារថ្ងៃនេះ ចំខួបលើកទី ២៣ ហើយស្អែកហ្នឹង យើងត្រូវធ្វើកម្មវិធីមួយទៀតនៅឯវិមានឈ្នះឈ្នះ ខ្ញុំចង់ស្នើឱ្យពិនិត្យថា យើងអាចដាក់ចូលទៅក្នុងប្រតិទិន ប៉ុន្តែមិនមែនជាការសម្រាកប្រចាំឆ្នាំទេ។ ចាប់ពីឆ្នាំក្រោយទៅ ការបោះប្រតិទិន ដាក់ថា “អបអរសាទរទិវាបញ្ចប់សង្រ្គាម តាមរយៈនយោបាយឈ្នះឈ្នះ ឬអបអរសាទរនយោបាយឈ្នះឈ្នះ” ដាក់ចូលទៅក្នុងប្រតិទិន ហើយមិនចាំបាច់ឱ្យមានការឈប់សម្រាកអីទេ។ ប៉ុន្តែ ត្រូវដាក់នៅថ្ងៃទី ២៩ ខែធ្នូ នោះ ចូលទៅក្នុងប្រតិទិនដើម្បីឱ្យដឹងថា ថ្ងៃហ្នឹង គឺជាថ្ងៃដែលយើងសម្រេចបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវសន្ដិភាព។ រឿងនេះ មិនមែនជារឿងតូចតាចទេ។ វាជារឿងធំណាស់។ (តើមាន)ប្រទេសប៉ុន្មានទៅនៅលើពិភពលោក ដែលកំពុងបន្តមានសង្រ្គាម?
សម្រាប់ប្រទេសយើង ២៣ ឆ្នាំកន្លងមកនេះ (សន្តិភាពបាន)ផ្ដល់ឱកាសឱ្យយើង ដើម្បីកសាងសេដ្ឋកិច្ចសង្គម អត្រានៃភាពក្រីក្រធ្លាក់ចុះ កំណើនសេដ្ឋកិច្ច ៧,៥ ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេល ២០ ឆ្នាំជាប់គ្នា មិនមែនជាបញ្ហាតូចតាចទេ។ ប្រសិនបើគ្មានសន្ដិភាព ក៏គេមិនអាចនឹងធ្វើអ្វីបានដែល គ្មានទេសចរទៅលេងក្រោមគ្រាប់ផ្លោងទេ ហើយក៏គ្មានទេសចរដើរទៅកម្សាន្តនៅកន្លែងដែលគ្មានមីន និងគ្រាប់មិនទាន់ផ្ទុះនោះដែរ។ ដូច្នេះ យើងគប្បីដាក់ចូលទៅក្នុងប្រតិទិន។ មិនចាំបាច់ឈប់សម្រាកទេ គ្រាន់តែថ្ងៃហ្នឹង គឺជាទិវាអបអរសាទរ រំលឹកខួប នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ។ ដាក់ចោលប៉ុណ្ណឹង រួចហើយឆ្នាំណាក៏ឆ្នាំយើងធ្វើបុណ្យដែរ ប៉ុន្តែយើងអត់ឈប់សម្រាកទេ។ នយោបាយឈ្នះឈ្នះនេះ រឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនឯណា សម្រាប់មនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ពីសន្តិភាពទាំងអស់គ្នា។
សន្តិភាពផ្តល់ឱកាសឲ្យឯកភាពទឹកដី បញ្ចប់ជម្លោះប្រដាប់អាវុធរាប់រយឆ្នាំ
ប្រទេសដែលធ្លាប់តែមានការបែកបាក់/បែងចែក ត្រូវបានជំនួសមកវិញនូវការឯកភាពទឹកដី។ វត្តមាននៃសន្តិភាពនេះ ផ្តល់ឱកាសឲ្យយើងបានឯកភាពទឹកដី បញ្ចប់នូវជម្លោះប្រដាប់អាវុធ ដែលមានច្រើនរយឆ្នាំ។យើងមើលប្រវត្តិសាស្ត្រ … អ្វីដែលត្រូវ/សិក្សា គឺមើលសៀវភៅ “មហាបុរសខ្មែរ” បូកជាមួយព្រឹត្តិការណ៍ក្រោយៗមកទៀត … តាំងពីក្រោយសម័យ (សម្ដេច) ពញាយ៉ាត ដែលព្រះអង្គកសាងទីក្រុងភ្នំពេញ តើប្រទេសកម្ពុជាបានឯកភាពពីកាលណាមក? នៅក្នុងជំនាន់អាណានិគមនិយមបារាំង តើពួកឥស្សរនៅឯណាឲ្យពិតប្រាកដ? ហ្នឹងនិយាយឲ្យច្បាស់ គឺឥស្សរនៅពេញតែព្រៃ វាយតាំងពីបារាំង វាយតាំងពីស្អី។ ក្នុងដំណាក់កាលក្រោយឯករាជ្យឆ្នាំ ១៩៥៣ យើងមានការឯកភាពមួយរយៈកាលខ្លី ប៉ុន្តែ ក្រោយមកពួកខ្មែរក្រហម/ខៀវ/ស ចាប់ផ្តើមចេញធ្វើចលនា ខ្លះនៅតាមព្រៃនានា ខ្លះនៅតាមព្រំដែនថៃ ខ្លះនៅតាមព្រំដែនវៀតណាមខាងត្បូងកាលពីពេលនោះ។ (ឆ្នាំ) ១៩៧០-១៩៧៥ ប្រទេសកម្ពុជាបែកជាពីរ។ (ឆ្នាំ) ១៩៧៩ សូម្បីតែខ្មែរក្រហមខ្លាំងប៉ុណ្ណឹង ក៏ខ្មែរក្រហមអត់មានលទ្ធភាពត្រួតត្រាទឹកដីទាំងអស់ទេ។ បើត្រួតត្រាទឹកដីទាំងអស់បាន តើពួកយើងនៅឯណា? (ឆ្នាំ) ១៩៧៩-១៩៩៣ ប្រទេសកម្ពុជាមួយ(មាន)តំបន់ត្រួតត្រាបួន។ (ឆ្នាំ) ១៩៩៣-១៩៩៨ ប្រទេសកម្ពុជា មួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ អ៊ុនតាក់ ចាយលុយអស់ ២ ពាន់លានដុល្លារ ដល់ត្រឡប់ទៅវិញ បន្សល់ទុកឲ្យកម្ពុជានូវប្រទេសមួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។
អ្វីដែលជាស្មារតី កិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺក្រោយការចាយលុយ ២ ពាន់លានដុល្លារហើយ ដកត្រឡប់ទៅវិញ ទុកឲ្យខ្មែរច្បាំងគ្នា។ ប៉ុន្តែ (គ្រាមុននោះ)ថ្ងៃនេះ ម៉ោងនេះ ខ្ញុំកំពុងតែប្រើ មល់ រឿប យកឧទ្ធម្ភាគចក្រពីរគ្រឿងទៅដឹក ខៀវ សំផន, នួន ជា និងមេដឹកនាំដទៃទៀតមកកាន់តាខ្មៅ ដើម្បីទទួលទានអាហារនៅផ្ទះខ្ញុំឯណោះទេ។ ថ្ងៃនេះ ចំថ្ងៃនោះ។ យប់មិញឃើញខាង(ប៉ុស្តិ៍)បាយ័នផង ឃើញខាង Fresh News ផង ធ្វើប្រវត្តិនៃការបញ្ចប់សង្គ្រាម ដោយក្នុងនោះក៏មានការបញ្ចាំងរូបភាពទាក់ទិនជាមួយនឹង ខៀវ សំផន, នួន ជា, អៀង សារី ទៅផ្ទះខ្ញុំ។ នៅលើលោកិយ៍នេះ តើមានរឿងនេះកើតឡើង(ដូចនៅកម្ពុជាទេ)? ខៀវ សំផន គាត់អត់ទាន់ទៅណាទេ។ ឥឡូវ គាត់កំពុងប្តឹងទៅតុលាការកំពូលនូវក្តីក្តាំគ្នាបន្តថែមទៀត។ ពេលចរចា បើមិនបានជេរខ្ញុំប្រាំដង ខៀវ សំផន ដេកអត់លក់ទេ។ សួរ ចម ប្រសិទ្ធ ទៅ អ្នកដើរចរចាជាមួយខ្ញុំរហូត … ទីចុងបំផុត ខៀវ សំផន មកផ្ទះខ្ញុំ នាំទាំងប្រពន្ធ/កូន/ចៅមកកាន់ផ្ទះខ្ញុំ។ ខ្ញុំស្វាគមន៍ជនរួមជាតិរបស់យើង។ រឿងតុលាការ គឺជារឿងមួយផ្សេង។ រឿងឯកភាពជាតិ/ទឹកដី រំលត់ភ្លើងសង្គ្រាម មិនមែនជាបញ្ហាលេងសើច។ យើងបានខិតខំធ្វើនូវកិច្ចការទាំងនោះ។
អង្គភាព ១២៥ ដែលជាអង្គភាពដំបូងបង្កើតនៅថ្ងៃទី ២៥ ឧសភា តើគប្បីត្រូវបានចុះបញ្ជីជាកងទ័ពទេ?
ខ្ញុំគួរតែត្រូវនិយាយទៅលើបញ្ហាមួយចំនួន ដើម្បីយើងកំណត់គោលដៅទាំងអស់គ្នា ហើយយល់ច្បាស់ទាំងអស់គ្នា កុំឲ្យបកស្រាយដោយបំពាន ទាក់ទិនទៅនឹងការការពារជាតិ។ មុននឹងចូលទៅដល់បញ្ហានេះ ខ្ញុំគួរតែសុំសម្តេច ឯកឧត្តម លោកជំទាវ ធ្វើការពិចារណា ដើម្បីងាយក្នុងការឯកភាព។ ប្រទេសយើងបានកំណត់យកថ្ងៃទី ៩ ខែវិច្ឆិកា ១៩៥៣ គឺជាខួបកំណើតកងទ័ព។ ដោយសារប្រទេសរបស់យើងមានភាគីច្រើននោះហើយ បានជាយើងត្រូវយកថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ជាថ្ងៃឯករាជ្យជាតិរបស់យើង ធ្វើជាខួបកំណើតកងទ័ព។
បើនិយាយពីកងទ័ព នៃភាគីនីមួយៗ គឺមានប្រវត្តិដាច់ដោយឡែកពីគ្នា។ សូម្បីតែព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបិតា កងទ័ពមិនមែនកើតត្រឹមតែថ្ងៃទី ៩ វិច្ឆិកាទេ។ ព្រះអង្គបានបង្កើតកម្លាំងប្រដាប់អាវុធ ទៅជាពួកទាហានជីវពលនារីក្លាហានតាំងពីពេលមុន។ ខាងខ្មែរឥស្សរ គឺមានប្រវត្តិកងទ័ពមួយទៅ។ ដល់ក្រោយមកនេះខាង ហ្វ៊ុនស៊ិនប៉ិច ក៏មានប្រវត្តិកងទ័ពមួយទៅ។ ខាង KPNLF ក៏មានប្រវត្តិ(កងទ័ព)មួយទៅ។ ខាងកម្ពុជាប្រជាធិបតេយ្យ មានប្រវត្តិ(កងទ័ព)មួយទៅ។ កុំឲ្យថាខ្ញុំជាអ្នកលើកតួនាទីខ្លួនឯង ថ្ងៃទី ២៥ ឧសភានេះ អង្គភាព ១២៥ ដែលជាអង្គភាពលើកដំបូងត្រូវបានបង្កើត ជាអង្គភាពកងទ័ពរៀបរយ តើគប្បីត្រូវបានចុះបញ្ជីជាកងទ័ពទេ? បានសេចក្តីថា កងទ័ពដែល ព្រះករុណាព្រះបិតា បានបង្កើតក្រោយឯករាជ្យ(ឆ្នាំ) ១៩៥៣ កងទ័ពនេះ ត្រូវបានពួក លន់ នល់ បង្វែរពីកងទ័ពនៃសម័យសង្គមរាស្ត្រនិយមទៅជាកងទ័ពសាធារណរដ្ឋ ប្រឆាំងនឹងរាជានិយម ខូចអស់ទៅហើយ បាត់ស្រមោល។ កងទ័ព លន់ នល់ បង្កើតក៏បាត់ស្រមោលទៀត។ កងទ័ព ប៉ុល ពត ក្រោយមកក៏បាត់ស្រមោល។
មិនមែនជាមេទ័ព តែជាអ្នកបង្កើតកងទ័ព និងជាបញ្ជាការកងទ័ព
ឥឡូវ យើងយកថ្ងៃទី ៩ វិច្ឆិកា ក៏ប៉ុន្តែ ប្រវត្តិកងទ័ពពិតប្រាកដ ដែលកំពុងមានសព្វថ្ងៃនេះ ចាប់ផ្តើមពីអ្វី? ដើម្បីបង្កើតនូវអង្គការចាត់តាំងនយោបាយនិងយោធា សម្រាប់រំដោះប្រទេសចេញពីរបប ប៉ុល ពត គឺយើងបានកសាងកងទ័ពមួយ។ ពេលនោះ បើខ្ញុំមិនច្រឡំទេ (យើង)មាន ២៣ កងវរសេនាតូច និង ១០០ ក្រុមប្រតិបត្តិការកម្លាំងប្រដាប់អាវុធចូលផ្ទៃក្នុងប្រទេស។ ខ្លួនខ្ញុំមិនមែនជាមេទ័ពទេ ក៏ប៉ុន្តែគឺជាអ្នកបង្កើតកងទ័ពនេះឡើង ហើយក៏កាន់ជាបញ្ជាការកងទ័ពនេះតែម្តង។ ដូច្នេះ ឋានន្តរស័ក្តិដែលខ្ញុំពាក់លើស្មានេះ មិនមែនពាក់ដោយចៃដន្យនោះទេ។ គឺជាព្រះរាជទានរបស់ព្រះមហាក្សត្រ ដែលព្រះអង្គ(ទ្រង់)ក៏បានដឹង/យល់ អំពីកិច្ចការដែលខ្ញុំបានធ្វើក្នុងឋានៈជាទាហាន បន្ទាប់ទៅជានាយទាហាន និងបន្ទាប់ទៅមិនត្រឹមតែជានាយទាហានទេ ជាអ្នកបង្កើតទាហាន។ ចំណុចនេះ សុំពិចារណាជាមួយគ្នាទៅ។ ខ្ញុំឃើញ ខាងបញ្ជាការដ្ឋានអង្គរក្ស រៀងរាល់ឆ្នាំគេធ្វើខួបអនុស្សាវរីយ៍កងវរសេនាតូច ២៤៦ វាស្របគ្នាណាស់ខ្ញុំបង្កើតអង្គភាពដំបូង គឺអង្គភាព ១២៥ បានសេចក្តីថា (ថ្ងៃទី) ១២ ខែ ឧសភា។ ដល់បង្កើតកងវរសេនាតូចទី ១ ដែល ញឹក ហួន ធ្វើជាប្រធានដដែល គឺ ២៤៦ មានន័យថា ថ្ងៃទី ២៤ ខែ មិថុនា។
ក្រោយមកបានបង្កើតវរសេនាតូចមួយទៀត អ៊ួង ផន ជាអ្នកទៅកាន់ (គឺ) ២០៧ មានន័យថា (ថ្ងៃទី) ២០ ខែ កក្កដា។ ចាប់ផ្តើមដំបូង(មាន)ពីរអង្គភាពហ្នឹងសិន ហើយបន្តទៅពង្រីកអង្គភាព។ នេះជាប្រវត្តិរបស់វាបែបនេះ។ ឥឡូវ នាយទាហានមួយចំនួននៅសេសសល់ ដែលនៅទីនេះ យ៉ាងហោចណាស់ក៏មាន ម៉ឹង សំផន មួយ ដែលពេលនោះ កាន់ភស្តុភារ។ មាន សៅ សុខា នៅទីនេះ ប្រវត្តិរបស់វាយ៉ាងដូច្នេះ។ បើ ២៤៦ វាធ្វើខួបរាល់ឆ្នាំ អញ្ចឹងទេ ១២៥ ហ្នឹងគួរតែរំលឹកវាទេ? ជួបជុំគ្នាទៅ។ ហ្នឹងវាជាដើម(កំណើត)។ បើសិនជាគ្មាន(កងទ័ព)ហ្នឹងទេ រណសិរ្សមានតែនយោបាយទេ អត់មានកម្លាំងប្រដាប់អាវុធទេ។ នេះគឺជារឿងពិត។
ខ្ញុំមិនដណ្ដើមស្នាដៃអ្នកណា តែក៏សុំកុំដណ្ដើមយកស្នាដៃរបស់ខ្ញុំ
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដណ្ដើមស្នាដៃអ្នកណា តែក៏សុំកុំដណ្ដើមយកស្នាដៃរបស់ខ្ញុំ។ មើលទៅ។ ក្នុងខ្សែភាពយន្តឯកសារ ហើយសួរទៅមេទ័ពដែលនៅចាស់ៗ ពេញព្រៃចម្ការកៅស៊ូស្នួល ដែលយើងមកធ្វើមិទ្ទិញ ២ ធ្នូ តើជាកងទ័ពរបស់អ្នកណា? នេះជារឿងពិត។ ពេលចូលមកដល់ទីក្រុងភ្នំពេញ ដាក់ ៤ វរសេនាតូចការពារទីក្រុងភ្នំពេញ។ ញឹក ហួន ពេលនោះមកដំបូងគឺកាន់ប្រធានយោធាក្រុង។ ក្រោយមក ប៉េង ប៉ាត់ មកធ្វើប្រធានយោធាក្រុង។ ញឹក ហួន កាន់កងពលតូចលេខ ១ ហើយបង្កើតទៅ ២៩៦។ ញឹក ហួន ធ្វើប្រធានទៀត។ អញ្ចឹង ញឹក ហួន មានប្រវត្តិធ្វើប្រធានអង្គភាពរៀបរយដំបូង។ មិនមែនកងអនុសេនាធំទេ។ ១២៥ កុំច្រឡំថា ១២៥ នាក់។ កងទ័ពនេះមានជាង ២០០ ជិតទៅ ៣០០ នាក់។ រួចហើយមួយផ្នែករក្សាទុកដើម្បីគ្រប់គ្រងបន្ត មួយផ្នែកគឺរៀបចំជាក្រុមប្រតិបត្តិការប្រដាប់អាវុធចូលផ្ទៃក្នុងប្រទេស។ ញឹក ហួន ធ្វើប្រធាន ១១៥ លើកដំបូង បន្ទាប់ទៅធ្វើប្រធានវរសេនាតូចមុនគេ។ មកដល់ទីក្រុងភ្នំពេញធ្វើប្រធានកងពលតូចមុនគេ។ ក្រោយមកឡើងប្រធានកងពលធំមុនគេ ១៩៦។ នេះជាប្រវត្តិរបស់វាយ៉ាងដូច្នេះ។
មើលខ្សែភាពយន្តឯកសារ ឃើញ ហ៊ុន សែន ដើរជាមួយកងទ័ពនៅទីនោះ។ អ្វីដែលសំខាន់ រូបថត ហើយរូបនេះវាទាក់ទងនឹងឈ្មោះរណសិរ្សទៅទៀត។ រណសិរ្ស កើតនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ ឯអង្គភាពរៀបរយគឺបង្កើតនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៧៨។ នៅប៉ាយខាងក្រោយខ្នងដាក់ «ពិធីបុណ្យចាត់តាំងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា»។ អញ្ចឹងពាក្យ សាមគ្គីសង្រ្គោះជាតិកម្ពុជា គឺជាពាក្យរបស់ខ្ញុំតែម្ដង និយាយតាមមួយបែប។ អ្វីដែលខ្ញុំសប្បាយចិត្ត គឺភាគីដទៃទៀតដែលចូលរួមបង្កើតរណសិរ្សទទួលយកនូវឈ្មោះ រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។ អញ្ចឹងយើងមិនចាំបាច់ទៅផ្លាស់ប្ដូរនូវឈ្មោះកងទ័ពរបស់យើងនៅពេលនោះទេ។ នេះជាដំណើររឿងរបស់វា។
ឆ្លងកាត់ដំណាក់កាល ៣
ឥឡូវនេះ ខ្ញុំគួរតែនិយាយ និងបកស្រាយខ្លះទៅលើរដ្ឋធម្មនុញ្ញផង និងទៅលើច្បាប់ស្ដីពីឧត្ដមក្រុមប្រឹក្សាការពារជាតិ ដើម្បីចៀសវាងការភាន់ច្រឡំណាមួយ។ យើងបានឆ្លងកាត់នូវដំណាក់កាល ៣ ហើយ។ ដំណាក់កាលទី ១ គឺដំណាក់កាលផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលអម្បាញ់មិញ ខ្ញុំនិយាយអំពីការរៀបចំកម្លាំងប្រដាប់អាវុធ និងបន្ទាប់ទៅការរៀបចំអង្គការចាត់តាំងខាងនយោបាយ ដែលហៅថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ កិច្ចការនោះ យើងបានធ្វើ ហើយយើងបានសម្រេចបានជោគជ័យក្នុងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧ ខែមករា ១៩៧៩ ដោយមានការឧបត្ថម្ភជ្រោមជ្រែងពីកងទ័ពប្រជាជនវៀតណាម ក្នុងការរំដោះប្រទេស។ យើងមិនបិទបាំងការពិតទៅលើរឿងនេះទេ។ បើពេលនោះ វៀតណាមមិនជួយ តើយើងរំដោះប្រទេសបានទេ? កងទ័ពជាងមួយម៉ឺននាក់ ទល់ជាមួយនឹងកងទ័ព ១៨ ម៉ឺននាក់ តើយើងអាចធ្វើបានទេ? រឿងនេះគឺវាជាសច្ចធម៌ប្រវត្តិសាស្រ្ត។ នៅលើពិភពលោកនេះក៏មិនមែនជារឿងដាច់ដោយឡែកដែរ។ ចិនក៏ធ្លាប់ជួយវៀតណាមក្នុងការរំដោះប្រទេសវៀតណាមដែរ។ រឿងវាតគ្នាអញ្ចឹង … ពួកបណ្ដាប្រទេសសម្ព័ន្ធមិត្តក៏ធ្លាប់វាយពួក Fascist ហ៊ីត្ល៊ែរ វាយពួកជប៉ុន ដើម្បីនឹងរំដោះប្រទេសនានាចេញពីការឈ្លានពានរបស់ពួកហ៊ីត្ល៊ែរ និងពួក (យោធានិយម)ជប៉ុនដែរ។ អត់មានអីត្រូវលាក់លៀមអារឿងនេះទេ …។
ដំណាក់កាលទី ២ គឺដំណាក់កាលការពារ និងស្ដារកសាងប្រទេសឡើងវិញ។ ដំណាក់កាលនៅកន្លែងនេះចែកចេញជា ២ ផ្នែក ដែលយើងត្រូវចាំ។ មួយផ្នែកគឺ (២.១) សង្គ្រាមទាំងស្រុងតែម្ដង វាអត់មាននិយាយគ្នាបានទេ គឺគិតតែពីវាយគ្នាតែម្ដង។ ដំណាក់កាលទី ២ (២.២) គឺវាយផង និងចរចាផង។ ដូច្នេះហើយបានជាពេលនោះ ខ្ញុំត្រូវដូររដ្ឋមន្រ្តី ២ រូប។ ទីមួយ ពេលនោះ ទៀ បាញ់ ពីអគ្គសេនាធិការរងទៅជារដ្ឋមន្រ្តីក្រសួងសាធារណការ។ ខ្ញុំស្នើឲ្យ ទៀ បាញ់ ត្រឡប់មកកាន់ក្រសួងការពារជាតិវិញ។ រដ្ឋមន្រ្តីការបរទេសពេលមុន ខ្ញុំកាន់ជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីការបរទេសផង ប៉ុន្តែក្រោយមក ខ្ញុំប្រគល់ឲ្យ គង់ គាំ។ ប៉ុន្តែ ខ្ញុំមើលឃើញថា វាពិបាកណាស់ ឈានចូលដល់ដំណាក់កាលនៃការចរចា ប៉ុន្តែខ្វះតួអង្គ។ អញ្ចឹងខ្ញុំគ្រប់គ្រងជារដ្ឋមន្រ្តីការបរទេសខ្លួនឯងឡើងវិញ ដើម្បីឲ្យការចរចានេះអាចទៅមុខ។
(ទៀ) បាញ់ នៅចាំទេ នៅពេលដែលខ្ញុំដាក់ចេញនូវគោលដៅដំបូង ខ្ញុំប្រើពាក្យថា “ត្រូវ(ធ្វើ)អព្យាក្រឹត្យភាវូនីយកម្មកម្លាំងប្រដាប់អាវុធ” … ហើយប្រគល់ភារកិច្ចឲ្យ ទៀ បាញ់ ជាអ្នកទំនាក់ទំនងជាមួយនឹងរដ្ឋបាលថៃ ដើម្បីកាត់បន្ថយការធ្វើអន្តរាគមន៍នានាពីកងទ័ពថៃមកលើយើង ពេលដែលយើងវាយខ្មែរក្រហមនៅតាមព្រំដែន។ ក្រោយមក យើងបានចរចាការបើកផ្លូវសម្រាប់ការចរចា ដែលគេនិយមហៅថា «សីហនុ-ហ៊ុន សែន ហ្វ៊ែរអង់តាដឺណ័រ»។ ការចរចានោះបានរីកបន្តិចម្ដងៗពីភាគីខ្មែរ រហូតទៅដល់ភាគីខ្មែរជាមួយអាស៊ាន។ ទស្សនកិច្ចរបស់ខ្ញុំនៅឆ្នាំ ១៩៨៩ ខែ មករា នៅទីក្រុងបាងកក មិនមែនជារឿងចៃដន្យទេ។ ពេលនោះ នាយករដ្ឋមន្រ្តី Chatichai Choonhavan មេបញ្ជាការជើងគោក Chavalit Yongchaiyudh បានជួបគ្នាជាសម្ងាត់ជាមួយខ្ញុំនៅឯវៀងចន្ទន៍ ឆ្នាំ ១៩៨៨ … ក្រោមការជួយរៀបចំរបស់អតីតអគ្គលេខាបក្ស និងជានាយករដ្ឋមន្រ្តី(ឡាវ) Kaysone Phomvihane ហើយអ្នកដែលជួយរៀបចំផ្ទាល់ដើម្បីឲ្យមានជំនួបគឺប្រធានាធិបតី និងអគ្គលេខាបក្សបច្ចុប្បន្ន Thongloun Sisoulith។ យល់គ្នាបានហើយ គឺឧត្ដមសេនីយ Chavalit Yongchaiyudh រុញឲ្យមានទស្សនកិច្ចរបស់ខ្ញុំ។ រឿងនេះវាប្រហាក់ប្រហែលគ្នាខ្លាំងណាស់ជាមួយនឹងស្ថានភាពដែលខ្ញុំត្រៀមបម្រុងទៅមីយ៉ាន់ម៉ានៅប៉ុន្មានថ្ងៃខាងមុខ។ ពេលនោះ Chatichai Choonhavan មិនអាចមកកម្ពុជាបានទេ អញ្ចឹងមានតែអញ្ជើញខ្ញុំដើម្បីទៅពិភាក្សានៅបាងកក។ នេះជារបៀបមួយដែលត្រូវមើលឃើញពីអតីតកាល នៃបទពិសោធន៍។ បើមិនជួបគ្នា គឺមិនអាចយល់ពីគ្នាបានទេ។ អញ្ចឹងបានជាខ្ញុំនៅតែនិយាយពាក្យដដែលថា «ទុកឲ្យខ្ញុំធ្វើសិន»។ បើខ្ញុំមិនទាន់បានធ្វើផង ម៉េចក៏ចាំបាច់លើកពីត្រង់នេះត្រង់នោះ ទុកឲ្យខ្ញុំធ្វើសិន។
(២.២) ដំណាក់កាលវាយផង និងចរចាផង ត្រូវបានអូសបន្លាយ ប៉ុន្តែ ហោចណាស់គឺក្នុងស្ថានភាពវាមិនមែនជាការប្រឈមមុខទាំងស្រុង។ តែវាមានឱកាសនៃការចរចាផង និងមានឱកាសនៃការប្រយុទ្ធគ្នាផង។ យ៉ាងណាក៏ដោយ យើងបានជម្នះនូវការលំបាកទាំងអស់ ហើយឈានមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស ២៣ តុលា ១៩៩១។ នេះក៏ជាចំណុចដែលយើងត្រូវឃើញអំពីក្របខណ្ឌនៃដំណើរការពីសង្គ្រាមទាំងស្រុងទៅកាន់ការចរចាផងនិងវាយផង។ នៅក្នុងក្របខណ្ឌអាស៊ីអាគ្នេយ៍ ដែលមុននេះបែងចែកជាប្លុក ២ ពីការប្រឈមមុខដាក់គ្នាទាំងស្រុង ទៅកាន់ការប្រឈមមុខផង និងចរចាផង។ និន្នាការជាសកលក៏មានកម្រិតដូចគ្នា ពីការប្រឈមមុខដាក់គ្នាទាំងស្រុង ទៅកាន់ការប្រឈមមុខផង និងការចរចារសម្រុះសម្រួលផង។ នេះគឺជាដំណើរការនៅពេលនោះ។
ចំណុចទាំងអស់នេះក៏ជាបទពិសោធន៍ មេរៀន សម្រាប់ពួកនិស្សិត ឬអ្នកដែលចូលចិត្តទាក់ទិនជាមួយនឹងការវិភាគ ទាក់ទិននឹងការសិក្សាស្រាវជ្រាវ និងក្រុមរៀបចំគោលនយោបាយកិច្ចការបរទេស ដែលត្រូវសម្លឹងមើលទិដ្ឋភាពរួមជាក្របខណ្ឌម៉ាក្រូ ទូលំទូលាយទូទាំងពិភពលោក និន្នាការរបស់ប្រទេសធំ និន្នាការនៅក្នុងតំបន់ ហ្នឹងដើម្បីយើងជ្រើសរើសយកការសម្រេចចិត្តនៅខាងក្នុង។ គិតតែវាយគ្នាមិនចេះចប់? ឬក៏ត្រូវរកដំណោះស្រាយនយោបាយ? ខ្ញុំមិនដែលមានជំនឿណាមួយថា យកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ ប៉ុន្តែអ្វីដែលខ្ញុំជឿជាក់គឺសង្គ្រាមត្រូវដោះស្រាយតាមរយៈនៃការចរចាដោយសន្តិភាព។ ទីចុងបំផុត យើងរកបានហើយ។ ទោះបីថាកិច្ចព្រមព្រៀងប៉ារីស មិនបានផ្តល់ឲ្យយើងគ្រប់គ្រាន់ អនុវត្តមិនបានពេញលេញ ហើយមិនបានគ្រប់គ្រាន់ក៏ដោយចុះ ក៏ប៉ុន្តែជាមូលដ្ឋានមួយធ្វើឲ្យយើង(ថយ)មកនៅ ២ ភាគី។ សង្គ្រាមបានកាត់បន្ថយ។ យើងថា សន្តិភាពមានកើតនៅចំណែកភាគច្រើននៃពេលវេលានិងដែនដី ឯសង្គ្រាមកើតដាច់ដោយដុំ និងពេលវេលាខ្លះ។ អញ្ចឹងតាមរយៈនៃការស្រុះស្រួលរវាង ៣ ភាគី បង្កើតរាជរដ្ឋាភិបាល យើងបានកាត់បន្ថយនូវទំហំទឹកដី ដែលពួកខ្មែរក្រហមកាន់កាប់ និងកាត់បន្ថយនូវពេលវេលាដែលមានជម្លោះប្រដាប់អាវុធ យើងប្រើនយោបាយឈ្នះឈ្នះ រហូតនាំមកនូវសន្តិភាពពេញលេញ។ នេះជាដំណាក់កាលទី ២ របស់យើង ជាមួយនឹងការខិតខំកសាងប្រទេស។
ឯដំណាក់កាលទី ៣ គឺការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មី ដែលមានលក្ខណៈប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយបដិវត្តពណ៌ ពោលគឺដំណាក់កាលថែរក្សាសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន ដើម្បីធានាការអភិវឌ្ឍប្រទេស។ ក្នុងនេះខ្ញុំចង់បញ្ជាក់ បដិវត្តពណ៌នៅលើលោក អត់ទាន់ចប់ទេ ហើយជម្រុញកាន់តែខ្លាំងទៀតផង។ ខ្ញុំចង់យកបញ្ហានេះ យកមកនិយាយជាមួយកងទ័ពរបស់យើងឲ្យបានច្បាស់។ គ្រាន់តែមេបញ្ជាការជើងគោកនិយាយថ្ងៃមុន គេនាំយកទៅវិភាគ … គ្រាន់តែនិយាយ(ថា)ត្រូវការពារមេដឹកនាំ ត្រូវការពារស្ថាប័ន គេថាអត់ត្រូវ។
ដើម្បីឈ្នះបដិវត្តពណ៌ កាន់កម្លាំងប្រដាប់អាវុធឲ្យជាប់
ខ្ញុំសុំបញ្ជាក់ ដើម្បីឈ្នះបដិវត្តពណ៌ វិធីតែមួយគត់ គឺកាន់កម្លាំងប្រដាប់អាវុធឲ្យជាប់។ យើងទទួលស្គាល់នូវអព្យាក្រឹត្យភាពនៃកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលចំពោះមុខបក្សនយោបាយ ប៉ុន្តែយើងមិនអាចអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល រវាងរដ្ឋាភិបាល ជាមួយបក្សនយោបាយបានទេ។ សុំចាំកន្លែងហ្នឹង។ ពួកគេអាចធ្វើឈ្នះនៅកន្លែងមួយចំនួន ប៉ុន្តែមិនអាចធ្វើឈ្នះនៅកម្ពុជា។ ដោយសារអី? បទពិសោធន៍នេះត្រូវចងចាំ ហើយត្រូវធ្វើបន្តទៅមុខ។ (កងកម្លាំង)យើងត្រូវអព្យាក្រឹត្យចំពោះមុខបណ្តាបក្សនយោបាយទាំងអស់ដូចៗគ្នា យើងការពារឲ្យដូចៗគ្នា បម្រើឲ្យ ឧទាហរណ៍ថា កម្លាំងនគរបាលត្រូវការពារនូវការជួបជុំណាមួយរបស់បក្សនយោបាយក្នុងការឃោសនាបោះឆ្នោត ឬក្នុងកិច្ចការរបស់គេ ត្រូវការពារឲ្យ។ បក្សកាន់អំណាចក៏យើងការពារ បក្សមិនមែននៅក្នុងអំណាចក៏យើងការពារ។ ក៏ប៉ុន្តែរវាងរាជរដ្ឋាភិបាលជាមួយនឹងបណ្តាបក្សនយោបាយ រាប់ទាំងបក្សកាន់អំណាច គឺអត់មានត្រូវអព្យាក្រឹត្យជាមួយទេ។
ខ្ញុំមើលឃើញនៅពេលដែល CNN ផ្សាយបន្តផ្ទាល់ចេញពី Tbilisi, Georgia ក្នុងពេលដែលពួកបាតុករចូលក្នុងវិមានប្រធានាធិបតី Eduard Shevardnadze ដែលជាមិត្តចាស់របស់ខ្ញុំម្នាក់ដែរនោះ គឺកងទ័ពអត់ធ្វើអន្តរាគមន៍សោះ។ នៅកម្ពុជាដាច់ខាតអត់បាន។ ឆ្នាំ ២០១៣ មានអគ្គរដ្ឋទូតប្រទេសមហាអំណាចមួយប្រាប់កូនរបស់ខ្ញុំថា បើសិនជា(មានបាតុករ)លោតចូលទៅក្នុងទីតាំងរបស់រដ្ឋាភិបាល សុំកុំអាលបាញ់។ ខ្ញុំបានប្រាប់កម្លាំងប្រដាប់អាវុធទាំងអស់ហើយ ថាបន្ទាត់ក្រហមនៅកន្លែងណា។ អត់មានឲ្យអ្នកឯងមករញ៉េរញ៉ៃ។ ចូលបានតែចេញទៅវិញអត់បាន តិចតែហ៊ានទៅសម្លាប់មន្ត្រី សម្លាប់តំណាងរាស្ត្រ អត់ទេ បញ្ចប់សភាពការណ៍ភ្លាម ដាក់កំណត់គ្នាអញ្ចឹងហ្មង។
តួនាទីនិងភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាការពារជាតិ
ព្រោះអី? អ្នកឯងមើលក្នុងរដ្ឋធម្មនុញ្ញ ហើយអ្នកឯងមើលក្នុងច្បាប់ឲ្យច្បាស់។ រដ្ឋធម្មនុញ្ញមាត្រា ២៣ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើង ដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទ។ ហ្នឹងមាត្រា ២៣។ មាត្រា ២៤ ព្រះមហាក្សត្រទ្រង់គង់ជាអធិបតី នៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។ ឥឡូវច្បាប់នេះ មានចឹង។ លោកឯងគិតថាម៉េច? ឲ្យខ្ញុំមានសិទ្ធិបញ្ជាទ័ពឬអត់? ច្បាប់នេះចែងដំបូងបំផុត ជំពូកទី ១ បទបញ្ញត្តិទូទៅ មាត្រា ១ ត្រូវបានបង្កើតឧត្តមក្រុមប្រឹក្សាការពារជាតិ ដើម្បីធានាការពាររដ្ឋធម្មនុញ្ញ ការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងធានាការអនុវត្តតួនាទី ភារកិច្ច សមត្ថកិច្ចរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងពិនិត្យ និងអនុម័តគោលនយោបាយការពារជាតិ និងផែនការការពារជាតិ។
ដំបូងបំផុតបង្កើតឡើង ដើម្បីការពាររដ្ឋធម្មនុញ្ញ អ្នកឯងយល់ថាម៉េចរដ្ឋធម្មនុញ្ញ ស្ថាប័នរដ្ឋធម្មនុញ្ញទាំងអស់ត្រូវបានការពារ។ ដល់ពេលសមាសភាព មាត្រា ២ ឧត្តមក្រុមប្រឹក្សាជាតិ មានសមាសភាពដូចខាងក្រោម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអធិបតី, នាយករដ្ឋមន្ត្រី អនុប្រធាន, រដ្ឋមន្ត្រីការពារជាតិ សមាជិក, រដ្ឋមន្ត្រីមហាផ្ទៃ សមាជិក, រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក, រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ សមាជិក, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក, អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សមាជិក។
មាត្រា ៣ ព្រះមហាក្សត្រទ្រង់គង់ជាអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ព្រះអង្គទ្រង់មានព្រះរាជសិទ្ធិចាត់តាំងនាយករដ្ឋមន្ត្រី ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ឲ្យធ្វើជាអធិបតីនៃអង្គប្រជុំរបស់ឧត្តមក្រុមប្រឹក្សាការពារជាតិ។ ឥឡូវចំណុចទាំងនេះ អ្នកឯងយល់យ៉ាងម៉េច? អ្នកឯងមិនចង់ឲ្យខ្ញុំបញ្ជាផ្ទាល់ អ្នកឯងចង់ដកសិទ្ធិខ្ញុំយ៉ាងម៉េច ដែលនិយាយអំពីនាយករដ្ឋមន្ត្រីពាក់ខោអាវទាហាន បញ្ជាទាហាន ខ្ញុំធ្វើតាមក្របខណ្ឌរដ្ឋធម្មនុញ្ញ អ្នកណាក៏ដោយដែលប៉ះពាល់រដ្ឋធម្មនុញ្ញ កម្លាំងប្រដាប់អាវុធត្រូវកម្ទេចចោល។ ឧទាហរណ៍ រដ្ឋប្រហារ មិនថាមកពីខាងណាទេ ត្រូវធ្វើសកម្មភាពភ្លាម បំផ្លាញចោល អត់មានឲ្យអ្នកឯងមកបង្កើតបដិវត្តពណ៌រញ៉េរញ៉ៃ។
អ្នកការពារប្រទេស ការពាររដ្ឋធម្មនុញ្ញ ត្រូវក្តាប់ឲ្យជាប់កម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិល
ចំណុចស្នូលនៃមេបដិវត្តពណ៌ … កុំក្តាប់វាច្រើនពេក។ ក្តាប់ចំណុចស្នូលរបស់វានៅកន្លែងណា។ ចំណុចស្នូលរបស់វា គឺធ្វើអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ ចំណុចស្នូលពួកមេដើរផ្តួលរំលំគេ។ សម័យមុន សម័យលើកទ័ពចូលឈ្លានពាន។ សម័យចុងក្រោយនេះ គឺសម័យបដិវត្តពណ៌។ មេបដិវត្តពណ៌របស់វា គឺដំបូងឡើយចាប់ផ្តើមធ្វើយ៉ាងម៉េចឲ្យមានអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ នៅទីនេះអត់ទេណា។ យើងឲ្យអព្យាក្រឹត្យតែជាមួយបក្សនយោបាយនិងបក្សនយោបាយ។ ការពារឲ្យដូចគ្នា។ រវាងរាជរដ្ឋាភិបាលជាមួយនឹងបក្សនយោបាយ អត់មានអព្យាក្រឹត្យទេ។ សុំកុំមកបំពានលើក្រសួងការពារជាតិ។ កុំទៅបំពានលើស្ថាប័នរបស់រដ្ឋ។ កុំចូលសាលាខេត្តតែផ្តេសតែផ្តាស កុំចូលទីស្តីការគណៈរដ្ឋមន្ត្រី។ កុំលុកលុយចូលសភា … តែលេងប្រដាប់អាវុធ លេងដុំថ្មអីចូលហើយ អាហ្នឹងគេត្រូវការពារខ្លួនហើយ។ ខ្ញុំសុំប្រាប់គន្លឹះ គន្លឹះរបស់មេបដិវត្តពណ៌ គឺគន្លឹះអព្យាក្រឹត្យប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ ឯគន្លឹះនៃអ្នកការពារប្រទេស ការពាររដ្ឋធម្មនុញ្ញ គឺត្រូវតែក្តាប់ឲ្យជាប់កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។
ឥឡូវអ្នកឯងធ្វើអីខ្ញុំ ខ្ញុំប្រកាសថ្ងៃហ្នឹងឲ្យច្បាស់ឲ្យហើយ ប្រាប់ថាខ្ញុំមានយុទ្ធសាស្ត្រទប់ទល់ … ខ្ញុំឃើញអ្នកខ្លះសរសេរពីបដិវត្តពណ៌ មានទ្រង់ទ្រាយអញ្ចេះ ធ្វើអញ្ចេះធ្វើអញ្ចុះ។ ខ្ញុំថាកុំរវល់ច្រើនពេក … គន្លឹះរបស់វា នៅកន្លែងធ្វើម៉េចពេលដែលវាធ្វើសកម្មភាព ឲ្យកងទ័ព ឲ្យកម្លាំងប្រដាប់អាវុធ នៅទ្រឹង។ នេះជាគន្លឹះរបស់វា។ នៅក្នុងអំណាចរបស់ខ្ញុំ មេទ័ពឬមេប៉ូលីសណាមិនព្រមធ្វើសកម្មភាព សុំទោស បើអនុក្រឹត្យត្រឹមតែ ៥ នាទី ទៅ ១៥ នាទី គឺចប់ហើយ។ ប្រកាសដកចោល។ ចៅហ្វាយខេត្តក៏ដោយ និយាយគ្នាត្រង់ៗចឹងតែម្តង។ មេកងពល មេភូមិភាគ ឧត្តមសេនីយ បើមិនធ្វើសកម្មភាពទប់ស្កាត់ គឺដកចេញពីតំណែង ដាក់មេទ័ពថ្មីចូល។ រឿងវាត្រូវអញ្ចឹង។ បើគេដាច់ខាតផ្ដួលរំលំយើង យើងត្រូវដាច់ខាតកម្ទេចគេចោលវិញ។ យើងអត់មានជម្រើសទេ។ ចង់ផ្តួលប៉ុន្មានឆ្នាំហើយ? ចង់ផ្តួល អា(ឆ្នាំ)២០១៣ ចង់ផ្តួលដាក់ទាំងផែនការថ្ងៃ ២៩ ខែធ្នូ។ ស្តាប់មើលទៅ។ យកអាឃ្លីប(video)បាតុកម្មហ្នឹងត្រឡប់មកវិញមក … “ហ៊ុន សែន ចុះចេញទៅៗ”។ ខ្ញុំនៅក្នុងអំណាចសោះ បោះឆ្នោតរួចហើយ អ្នកឯងមកទារខ្ញុំឲ្យចុះចេញពីអំណាច។ អញ្ចឹងមានន័យថាម៉េចអាហ្នឹង? អ្នកឯងយល់ទេ? អ្នកដែលធ្លាប់ស្រែក ហ៊ុន សែន អើយចុះចេញទៅ រាជរដ្ឋាភិបាលទើបនឹងបង្កើតក្រោយបោះឆ្នោត អ្នកឯងមកអំពាវនាវ។ ម៉ែអ្នកណាទៅធ្វើបាតុកម្មម៉ោង ២ ភ្លឺ … ហើយយកនំប៉័ងទៅចែក គោលដៅអី?
… នៅទីនេះ ខ្ញុំអានឲ្យស្តាប់ថែម មាត្រា ៤ ជំពូកទី ៣ តួនាទី និងភារកិច្ច នៃឧត្តមក្រុមប្រឹក្សាការពារជាតិ។ ក្រុមប្រឹក្សាការពារជាតិ មានតួនាទីដូចតទៅ។ ធានាការពារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានន័យថាម៉េច? រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សូម្បីតែស្ថាប័នរដ្ឋធម្មនុញ្ញ អ្នកឯងប៉ះពាល់អត់បានដាច់ខាត។ មន្រ្តីដែលការពាររដ្ឋធម្មនុញ្ញ មិនអាចឲ្យអ្នកឯងមកឆ្គងបានទេ។ បន្ទាប់ទៅធានាការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ធានាអព្យាក្រឹត្យភាពនៃការអនុវត្តតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់កងយោធពលខេមរភូមិន្ទ ធានាអនុវត្តគោលនយោបាយការពារជាតិ និងផែនការការពារជាតិ។ ខ្ញុំបានបញ្ជាក់ហើយ ធានាអព្យាក្រឹត្យភាពនៃការអនុវត្តតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់កងយោធពលខេមរភូមិន្ទ។ ខ្ញុំឲ្យអព្យាក្រឹត្យទៅអស់លោក តែជាមួយនឹងការការពាររវាងបក្សនយោបាយនិងបក្សនយោបាយ តែមិនឲ្យអស់លោកអព្យាក្រឹត្យរវាងបក្សនយោបាយ និងរាជរដ្ឋាភិបាលទេ។ អ្នកខ្លះ នៅពេលឃើញមេទ័ពរបស់យើងនិយាយអំពីការការពារមេដឹកនាំ គេថាប្រទេសនេះអត់មានសន្តិភាព។ ប្រទេសរបស់ពួកឯង ដែលពួកឯងនៅសព្វថ្ងៃហ្នឹង តើគេការពារមេដឹកនាំរបស់គេទេ? សូម្បីតែយើងជាភ្ញៀវទៅប្រទេសនានា គេការពារយើងហ្មត់ចត់ណាស់។
មិនបណ្តោយឲ្យមានបដិវត្តពណ៌នៅលើទឹកដីកំសត់
ហេតុអីគេថាយើងអត់ទាន់មានសន្តិភាពបានជាអំពាវនាវឲ្យមានកម្លាំងមកការពារ។ ចុះអានេះឆ្កួតឬស្អី? ខ្លះបណ្ឌិតទៅទៀត។ បើអញ្ចឹង យកល្អអញ្ចេះ មើលក្រុមគ្រួសារវានៅកន្លែងណា ដកកម្លាំងចេញ ទុកឲ្យចោរចូលប្លន់ បានទេ? សួរត្រឡប់ទៅអញ្ចេះវិញ។ ពាក់ស័ក្តិទាហានមកត្រូវនិយាយខ្លាំង … មេទាហានត្រូវនិយាយខ្លាំង បានគេហៅថាមេទាហាន។ បើមេទាហានរៀនស្មូតដដែល ទៅនៅវត្តទៅ។ ឥឡូវកំពុងតែខ្វះអាចារ្យផង។ ឥឡូវ បើអ្នកឯងចង់សាក ដើម្បីថាកុំឲ្យប្រទេសមានសន្តិភាព ហើយនៅពេលដែលយើងនិយាយអំពាវនាវឲ្យមានការការពារ បែរជាថាប្រទេសនេះ អត់ទាន់មានសន្តិភាព ចុះប្រទេសនានានៅលើពិភពលោកបោះបង់ចោលកងទ័ពហើយឬនៅ? ដែលមានសន្តិភាពរាប់រយឆ្នាំហើយនោះ គេនៅពង្រឹងសមត្ថភាពកងទ័ពរបស់គេ ម៉េចបានកម្ពុជាគ្រាន់តែនិយាយអំពីរឿងការពារមិនបាន។ នេះជាការបង្ករឿងឬស្អី? សុំកុំភាន់ច្រឡំ លើតួនាទីភារកិច្ចដែលត្រូវធ្វើឲ្យសោះ។
ថ្ងៃនេះ ខ្ញុំដឹងថាមិត្តភក្តិដែលមានអនុពន្ធយោធានៅទីនេះ និងស្តាប់សម្លេងខ្ញុំឲ្យច្បាស់។ យើងមិនបណ្តែតបណ្តោយឲ្យអ្នកណាធ្វើបដិវត្តពណ៌នៅលើទឹកដីកំសត់របស់យើងនោះទេ។ យើងស្គាល់រសជាតិនៃការឈឺចាប់នៃប្រទេសដែលកើតសង្គ្រាម។ យើងមិនធ្វេសប្រហែសជាមួយនឹងការគិតគូរទាំងឡាយទៅលើសន្តិសុខជាតិរបស់យើងនោះទេ។ គ្រាន់តែគេប្រកាសថ្ងៃ ២៣ (តុលា) ខួប ៣០ ឆ្នាំ នៃកិច្ចព្រមព្រៀងប៉ារីស គេប្រកាសថាត្រូវរំលាយចោលរាជានិយម ជារបស់យើងទាំងអស់គ្នា បង្កើតសាធារណរដ្ឋ។ ត្រូវចាំ ប្រទេសកម្ពុជាត្រូវគេធ្វើរដ្ឋប្រហារ។ ដោយសារតែរដ្ឋប្រហារនោះហើយ បានជាយើងមានបញ្ហារហូតមកដល់សព្វថ្ងៃ។ អញ្ចឹងកុំធ្វេសប្រហែស។ ប្រទេសនានាគេគ្រប់គ្រងកងទ័ពរបស់គេ ជាសមត្ថកិច្ចរបស់គេ។ ហេតុអីបានជាយើងមិនអាចគ្រប់គ្រងកងទ័ពបាន? ឥឡូវអ្នកឯងចង់និយាយអី និយាយទៅ។ ខ្ញុំបញ្ជូនអាហ្នឹងដើម្បីឲ្យអ្នកឯងវិភាគ(ឱ្យ)ឡប់ ព្រោះឥឡូវខ្ញុំចូលដល់ដំណាក់កាលរុញទូកបណ្តោយទឹក។ ម្សិលមិញខ្ញុំនិយាយលេងទេ។ ឃើញអាកូនហ្នឹងវាបង្ហោះអាហ្នឹងចេញទៅ ដល់ឃើញអញ្ចឹងទៅ ខ្ញុំដាក់ថាស្តាប់ក្មេងប្រដៅចាស់ពាល។ ល្អដែរ ដែលយកកូនក្របីទៅជល់ជាមួយនឹងក្របីចាស់។ លេងកុំខឹង ខឹងកុំលេង។
ខ្ញុំគួរតែនិយាយអារឿងហ្នឹងបន្តិច រឿងហ្នឹងក្បាច់អាញ្ជ័យ រឿងធនញ្ជ័យ មិនដឹងថារឿងហ្នឹងរឿងអ្នកនិពន្ធ ឬរឿងពិតទេ ប៉ុន្តែខ្ញុំគិតថាវាជារឿងអ្នកនិពន្ធ។ អ្នកប្រាជ្ញ ធនញ្ជ័យ ទៅដល់ស្រុកចិន បង្រៀនចិនឲ្យចេះស៊ីនំបញ្ចុក។ ប៉ុន្តែអ្នកប្រាជ្ញ ធនញ្ជ័យ ព្រះមហាក្សត្រឲ្យ ធនញ្ជ័យ យកក្របីយកមកជល់ អាញ្ជ័យ អត់មានក្របី រួចហើយគេហាមឃាត់កុំឲ្យ ធនញ្ជ័យ ទិញក្របីបាន កុំឲ្យ អាញ្ជ័យ ខ្ចីក្របី អញ្ចឹង ធនញ្ជ័យ វារត់ទៅរកកូនក្របីមួយ បង្អត់ទឹក បង្អត់កុំឲ្យបៅ ដល់ចាប់ផ្តើមដល់ម៉ោងជល់ ធនញ្ជ័យ យកកូនក្របីដែលវាស្រេកទឹក វាឃ្លានបៅ ទៅដល់ឃើញក្របីមេ កូនក្របីវាដេញ មេហ្នឹងវាចេះតែរត់ទៅ ព្រោះវាឃ្លានបៅ។ អញ្ចឹងអាកញ្ចាស់ខ្លះល្មមដឹងខ្លួនហើយ។ ហើយមានរឿងមួយទៀត ចង់ធ្វើបាប អាញ្ជ័យ ឲ្យមុជទឹកទៅងើបឡើងត្រូវតែមានពងមាន់មួយ គេគ្រប់គ្នាទាំងស្រីទាំងប្រុសងើបឡើងតុក្កតតពងមួយ ធនញ្ជ័យ ឃើញគេអញ្ចឹងមុជព្រឹបទៅក្នុងទឹក ងើបឡើងកូគីកែកឺត មាន់ឈ្មោលធ្វើម៉េចវាពង អាហ្នឹងគេហៅថាល្បិចអ្នកប្រាជ្ញ រឿងនេះ វាអញ្ចឹង។
ដរាបណាខ្ញុំមិនទាន់ដកខ្លួនចេញពីតំណែងនាយករដ្ឋមន្រ្តី ខ្ញុំនៅតែមានសិទ្ធិបញ្ជាកងទ័ព
ឥឡូវបកមកនិយាយអានេះវិញ។ ដរាបណាខ្ញុំមិនទាន់ដកខ្លួនចេញពីនាយករដ្ឋមន្រ្តីទេ ខ្ញុំនៅតែមានសិទ្ធិបញ្ជាកងទ័ព នគរបាល និយាយរួមកម្លាំងទាំងអស់ដែលចំណុះនីតិប្រតិបត្តិ គឺខ្ញុំបញ្ជាទាំងអស់។ មិនស្តាប់គឺដកចេញ តែប៉ុណ្ណឹង។ បើអ្នកឯងធ្វើខុស មានរឿងទៀត។ អញ្ចឹងត្រូវចាំ កុំមកចង់ធ្វើបដិវត្តពណ៌មកចាប់ ហ៊ុន សែន … ធ្វើតាំងពីយកក្បាលនេះជាដើមទុនរំដោះប្រទេស យកក្បាលនេះ ចូលទៅក្នុងព្រៃ ដើម្បីនាំបងប្អូនចេញមកដើម្បីឲ្យប្រទេសឯកភាព ឲ្យសន្តិភាព ដល់ម៉ោងនេះ មានអគារធុននេះ … អញ្ចឹង ចាំតែឱ្យឯងធ្វើលេងតើ។ ហ្នឹងជាការបញ្ជាក់របស់ខ្ញុំ ដែលខ្ញុំចង់គូសបញ្ជាក់នៅថ្ងៃនេះឲ្យបានច្បាស់។ សុំកុំអព្យាក្រឹត្យជាមួយបក្សនយោបាយ។ មិនថាបក្សកាន់អំណាច ឬបក្សប្រឆាំងទេ។ អាហ្នឹងផ្នែកកម្លាំង។ បានសេចក្តីថា បើពួកអ្នកឯងធ្វើខុស បក្សកាន់អំណាច ឬបក្សប្រឆាំងចាប់ទាំងអស់។ បើការពារ ការពារឲ្យទាំងអស់។ ហ្នឹងន័យអព្យាក្រឹត្យ។ ប៉ុន្តែ បើសិនជាចេញមកផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវតែធ្វើសកម្មភាពភ្លាម។ បើសិនជាអ្នកឯងមានជំងឺឡប់ ហើយនៅពេលដែលអ្នកឯងវិភាគចាកឆ្ងាយពីរដ្ឋធម្មនុញ្ញ និងពីច្បាប់ អ្នកឯងមិនស័ក្តិសមដែលគេហៅថាបណ្ឌិតទេ។ ឥឡូវហ្នឹងគឺនៅលើសកលលោក បើនៅសហរដ្ឋអាមេរិក និងអង់គ្លេសមានសញ្ញាបត្រ ២ ប្រភេទ ឯណោះ។ កោតតែនិយាយទៅរួច។ អញ្ចឹងអាមេរិកត្រូវដោះស្រាយខ្លួនឯងទៅ អង់គ្លេសត្រូវដោះស្រាយខ្លួនឯងទៅ ចេញមកវាទៅជាសាលាអី។ អាសញ្ញាបត្រប្រភេទពីរ ប្រភេទបី ឯណាស្អី។ មួយជីវិតគិតតែពីឡប់មិនខិតខំធ្វើរករឿងខ្លួនឯងទេ មកខិតខំតែរករឿងគេ។
នឹងសម្រេចបំណងរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្តី
ឥឡូវមកឌឺដងឲ្យខ្ញុំ។ អត់អីទេអាពៅ។ ប្រកាសទុកឲ្យហើយ។ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឲ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្តី។ ខ្ញុំនឹងធ្វើជូន។ ឥឡូវអ្នកឯងចង់បានអាយុប៉ុន្មាន? ប្រាប់មកម្តងទៀត។ ថ្ងៃមុនខ្ញុំឃើញគេបង្ហោះ គេថាច្បាប់សញ្ជាតិតែមួយសម្រាប់គ្រប់គ្រងស្ថាប័ន ៤ មិនសំខាន់ទេ សំខាន់អាណត្តិនាយករដ្ឋមន្ត្រី និងអាយុ។ អាណត្តិនាយករដ្ឋមន្ត្រីអត់មានកំណត់់បានទេ ព្រោះគេបោះឆ្នោតគេបោះរើសសមាជិកសភាតើ។ គេមិនមែនបោះឆ្នោតផ្ទាល់រើសប្រធានាធិបតីឯណា។ សភាទេដែលបោះឆ្នោតរើសនាយករដ្ឋមន្ត្រី។ គេមានបោះឆ្នោត Direct ដើម្បីឲ្យមនុស្សហ្នឹងក្លាយទៅ(ជា)នាយករដ្ឋមន្ត្រីឯណា? រឿងអ្នកណាធ្វើនាយករដ្ឋមន្ត្រីនៅពេលណាគឺជារឿងបក្សរបស់គេ។ ហ្នឹងរឿងវាអញ្ចឹង។ កាលនោះគេថាកំណត់អាយុនាយករដ្ឋមន្រ្តី។ អូខេ! ចាំពេលហ្នឹងបោះឆ្នោតជ្រើសរើសផ្តល់ការទុកចិត្តឲ្យរដ្ឋាភិបាលថ្មីហើយ ចេញមកយើងជាសមាជិកសភា គិតថាបបួលគ្នាប៉ុន្មាននាក់យើង ពេលដែលយើងចេញមកប្រជុំកាសែតទាំងអស់គ្នា ហើយយើងផ្តួចផ្តើមគំនិតស្នើសុំធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី។ ធ្វើឲ្យវាចប់ ដាក់យកត្រឹម ៧០ ឆ្នាំ ទៅបានហើយ។ បើជិតឆ្នាំ ២០២៣ បើសិនជាខ្ញុំចាកចេញ អាហ្នឹងឧទាហរណ៍ទេណា ខ្ញុំទើប ៧១ ឆ្នាំ។ អញ្ចឹងលើសបន្តិចអត់អីទេ។ ឥឡូវបើចង់ដាក់ ៧២ឆ្នាំ ក៏បានដែរ។ អត់អីទេ។ ប៉ុន្តែអាអ្នកដែលកំពុងស្នើហ្នឹងវា(អាយុ) ៧៣ឆ្នាំ ហើយឥឡូវហ្នឹង។ អ្ហែងធ្វើហ្នឹងអ្ហែងធ្វើងាប់ខ្លួនឯងតើ។ កាលសញ្ជាតិមួយក៏អ្ហែងងាប់។ ចោទអញមានសញ្ជាតិបរទេស។ អញ្ចឹងទីចុងបំផុតឡងខ្លួនឯងវិញ។ ឥឡូវនេះដល់អាយុនេះត្រូវឡងខ្លួនឯង។ នឹងដាក់ជូន ៧២ ឆ្នាំទៅចុះ។ ឧទាហរណ៍។ អញ្ចឹង ព្រោះពេលហ្នឹងខ្ញុំទើប ៧១ ឆ្នាំ។ អញ្ចឹងយើងចូលនិវត្តន៍មុន ១ ឆ្នាំទៅទៀតពីនាយករដ្ឋមន្ត្រី។ ត្រង់រឿងគេដាក់អ្នកណាអាហ្នឹងរឿងបក្សរបស់គេតើ។ អ្នកឯងដាក់មក។
ខ្ញុំអបអរសាទរនឹងការបញ្ចេញយុវជនជំនាន់ក្រោយដើម្បីបន្តវេន។ ឲ្យចេញឲ្យអស់មក ឬអ្នកឯងគ្មានធនធានមនុស្សបន្ត។ ខ្ញុំសូមបញ្ជាក់ណា ពេលនេះខ្ញុំជានាយករដ្ឋមន្រ្តី។ ក្រោយឆ្នាំ ២០២៣ ខ្ញុំទៅជាឪនាយករដ្ឋមន្រ្តី។ បើឆ្នាំ ២០៤០ ខ្ញុំនឹងក្លាយទៅជាជីតានាយករដ្ឋមន្រ្តី ចាំមើលៗ។ ថ្ងៃមុនអាចៅមួយកំពុងរៀនមហាវិទ្យាល័យនៅក្រៅប្រទេស វាមកលេងស្រុក។ អង្គុយបាយជាមួយគ្នា ២០ ឆ្នាំទៀត ចៅឯងត្រូវប្រជែងតំណែងជានាយករដ្ឋមន្ត្រី ហើយត្រូវរៀនយកបណ្ឌិតឲ្យបាន មិនបានបណ្ឌិតមិនឲ្យមកស្រុក។ ហើយមកត្រូវប្រជែងយកតំណែងនាយករដ្ឋមន្ត្រី។ អញ្ចឹងឥឡូវខ្ញុំកំពុងជានាយករដ្ឋមន្ត្រី។ ប៉ុន្មានឆ្នាំក្រោយទៀតខ្ញុំនឹងក្លាយជាឪនាយករដ្ឋមន្ត្រី បន្តទៅទៀតខ្ញុំនឹងក្លាយជាជីតារបស់នាយករដ្ឋមន្ត្រី។ ពីមុននេះខ្ញុំជា ឪបណ្ឌិត ដោយសារខ្ញុំមានកូនបណ្ឌិត ឥឡូវខ្ញុំជាជីតាបណ្ឌិតទៀត ព្រោះដោយសារចៅខ្ញុំមួយវាបានបណ្ឌិតច្បាប់អន្តរជាតិកូន(នេត សាវឿន) អាហ្នឹងវាចៅខ្ញុំដែរ។ ឥឡូវខ្ញុំជាឪរបស់បណ្ឌិត នៅពេលខាងមុខខ្ញុំនឹងក្លាយជាជីតាបណ្ឌិត ប្រាប់ផ្ញើសារឲ្យលោកឯងអញ្ចឹងប្រឹងឲ្យកូនចៅរៀនទៅ កុំប្រឹងជេរពេក។
ទោះបី ហ៊ុន សែន ឈប់ធ្វើនាយករដ្ឋមន្រ្តី ក៏នៅជាប្រធានបក្សនយោបាយកាន់អំណាច
នេះជាចំណុចខ្ញុំគួរតែនិយាយ ហើយវាត្រូវតែនិយាយ ដើម្បីយើងយល់ទាំងអស់គ្នា ហើយឲ្យសារទៅ។ ជនបរទេសទាំងឡាយដែលមានចេតនាចង់ធ្វើបដិវត្តពណ៌នៅកម្ពុជាសុំកុំសង្ឃឹម។ បើទោះបី ហ៊ុន សែន ដកខ្លួនចេញឈប់ធ្វើនាយករដ្ឋមន្រ្តី ក៏ ហ៊ុន សែន នៅធ្វើជាប្រធានបក្សនយោបាយមួយ សូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភ ខ្ញុំនៅតែជាប្រធានបក្សនយោបាយមួយ គឺប្រធានបក្សនយោបាយកាន់អំណាច។ ប៉ុន្តែដោយសារមានតម្រូវការ មិនមែនអ្នកឯងទាមទារទេ តែខ្ញុំមានតម្រូវការ ព្រោះខ្ញុំបានប្រកាសហើយ ធ្វើទាល់តែខ្ញុំឈប់ចង់ធ្វើ។ អាពាក្យហ្នឹងមានន័យថាម៉េច? ពីមុនខ្ញុំប្រើថាឆ្នាំនេះ ខ្ញុំធ្វើ ១០ ឆ្នាំទៀត ក្រោយមកខ្ញុំប្រើពាក្យថា ធ្វើទាល់តែខ្ញុំឈប់ចង់ធ្វើ។ មានន័យថា អាពាក្យឈប់ចង់ធ្វើជួនកាល ១ ឆ្នាំទៀត ឈប់ចង់ធ្វើ ២ ឆ្នាំទៀត ឈប់ចង់ធ្វើ ៣ឆ្នាំទៀត ឈប់ចង់ធ្វើ ឬក៏ ២០ ឆ្នាំទៀត ឈប់ចង់ធ្វើ។ ស្រេចតែខ្ញុំតើ យល់ន័យអាហ្នឹងឲ្យច្បាស់។
ត្រូវប្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក
ស្អីឡើងប្រមាថព្រះមហាក្សត្រ។ ខ្ញុំសូមផ្តាំ ប្រទេសនេះជាប្រទេសរាជានិយម។ យើងមានបាវចនា ៣ ដែលសំខាន់ ជាតិ សាសនា ព្រះមហាក្សត្រ។ អស់លោកនាយទាហាន ពលទាហាន នាយទាហានរង ទាំងអស់ត្រូវប្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្កឲ្យខាងតែបាន។ ការប្រមាថណាមួយចំពោះព្រះមហាក្សត្រគឺមិនអាចអត់ឱនឲ្យបានទេ។ ការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការប៉ុនប៉ងផ្តួលរាជបល្ល័ង្កមិនអាចអត់ឱនឲ្យបានទេ។ ការវាយមកលើខ្ញុំគឺជាការបើករបងវាយទៅលើរាជបល្ល័ង្ក។ ប៉ុន្តែសច្ចាប្រណិធានរបស់យើង គឺយើងបានសច្ចាប្រណិធានសម្រាប់ការពារទឹកដី ការពាររបប។ ថ្ងៃនេះ(ស្លៀកពាក់)ខោអាវទាហានមករាងដូចកាចបន្តិច ប៉ុន្តែអត់មានកាចដាក់កងទ័ពផង។ គ្រាន់តែប្រាប់កងទ័ពថា កុំអព្យាក្រឹតរវាងរដ្ឋាភិបាលជាមួយបក្សនយោបាយ។ តាមការចង់បានរបស់ពួកអ្នកគេហៅស្ថាបនិក អ្នករៀបចំយុទ្ធសាស្ត្រសម្រាប់ផ្តួលរំលំ(រាជរដ្ឋាភិបាល)នោះ យើងកុំច្របល់ច្រើនពេកធ្វើស្អីក៏ដោយ ត្រូវក្តាប់ស្នូលរបស់វាថានៅកន្លែងណា។ ស្នូលរបស់វាគោលដៅរបស់វាគឺមកបង្រៀនយើងឲ្យអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។
បន្តកែទម្រង់ ពង្រឹងសមត្ថភាពកម្លាំងប្រដាប់អាវុធ ពង្រឹងខឿនការពារជាតិប្រជាជន
ច្បាប់ស្តីពីសហលក្ខន្តិកមន្រ្តីរាជការ(ស៊ីវិល) និងកម្លាំងប្រដាប់អាវុធយើងមានអព្យាក្រឹត យើងអត់មានចាត់តាំងបក្សនៅក្នុងអង្គភាពទ័ពទេ ក៏ប៉ុន្តែសេរីភាពររបស់បុគ្គលមានសិទ្ធិកាន់បក្សណា គឺជាសេរីភាពបុគ្គល។ វិទ្យុនានាយកទៅវិភាគ ឲ្យអ្នកឯងរត់តាមខ្ញុំវិភាគតែម្តង ដើម្បីភ្លេចការងារដទៃទៀត។ ខ្ញុំបានរុញទូកបណ្តោយទឹកហើយ។ ថ្ងៃនេះខ្ញុំដាក់ជូនឲ្យអ្នកឯងធ្វើជាប្រធានបទ សម្រាប់ការវិភាគបាន ២ អាទិត្យទៀត ឲ្យអ្នកឯងរត់។ ឥឡូវរត់ទី ១ រត់តាម ហ៊ុន សែន រត់ទី ២ រត់តាម ហ៊ុន ម៉ាណែត … ហើយវាភ្លេចការងារអីទាំងអស់ ឲ្យវានាំគ្នាភ្លេចទៅ។ រឿងអ្នកឯងសូមកុំភាន់ច្រឡំ។ យើងត្រូវបន្តធ្វើការកែទម្រង់កងទ័ពតទៅទៀត ក្នុងការកែទម្រង់កងទ័ពរបស់យើង យើងបានធ្វើច្រើនហើយ ប៉ុន្តែការចាំបាច់របស់យើងត្រូវបន្តការកែទម្រង់តទៅទៀត ពង្រឹងសមត្ថភាពកម្លាំងប្រដាប់់អាវុធរបស់យើង ឲ្យបានរឹងមាំឡើង។ ត្រូវតែពង្រឹងនូវនយោបាយ ខឿនការពារជាតិរបស់ប្រជាជន។
ចំណុចនេះ យើងមានមោទនភាពចំពោះជាតិសាសន៍របស់យើង នៅពេលមានកិច្ចការកើតឡើង ដូចជាសភាពការណ៍នៅព្រំដែន កម្លាំងពីក្រោយខ្នងធំណាស់ ធំមហាសាល ដែលផ្សារភ្ជាប់ខ្លួនជាមួយកងទ័ព បណ្តាអង្គភាពខេត្ត រាជធានី ត្រូវផ្សារភ្ជាប់ខ្លួនជាមួយបណ្តាកងពល និងយោធភូមិភាគ បណ្តាក្រុមហ៊ុននានាបានផ្សារភ្ជាប់ខ្លួនជាមួយអង្គភាព និងកងពល។ នោះហើយជាចំណុចលេចធ្លោនៃខឿនការពារជាតិរបស់ប្រជាជន។ បើយើងអនុវត្តបានល្អត្រឹមត្រូវលើរឿងនេះ ការផ្សារភ្ជាប់ខ្លួនរវាងកងទ័ព និងប្រជាជនគឺល្អ ប្រជាជនគឺជាប្រភពមិនចេះរីងស្ងួត នៃការផ្គត់ផ្គង់កម្លាំងដើម្បីចូលបម្រើក្នុងកងទ័ព ជាប្រភពនៃកម្លាំងនៃការបម្រើឱ្យវិស័យការពារជាតិ។ កែទម្រង់អីកែទម្រង់ចុះ ក៏ប៉ុន្តែចំណុចស៊ីជម្រៅរបស់វាត្រូវពង្រឹងទៅលើនយោបាយខឿនការពារជាតិរបស់ប្រជាជន ព្រោះនេះជាសេចក្ដីសុខសម្រាប់ទាំងអស់គ្នា។ ប្រទេសមួយចំនួនកងទ័ពចេញច្បាំងធ្វើបាតុកម្មប្រឆាំងសង្គ្រាម ប៉ុន្តែដោយសារប្រទេសអស់ហ្នឹងនាំកងទ័ពទៅឈ្លានពានប្រទេសគេបានគេធ្វើបាតុកម្មប្រឆាំង។ ហ្នឹងវាមិនមែនខឿនការពារជាតិ … ខ្ញុំមិននិយាយសំដៅទៅលើប្រទេសណាទេ ប៉ុន្តែប្រទេសណាដែលមានកងទ័ពចេញទៅច្បាំងនៅក្រៅប្រទេសតែងតែមានបាតុកម្មក្នុងស្រុក។
កងទ័ពដើរតួនាទីជាស្នូល និងឆ្អឹងខ្នងសម្រាប់សន្តិភាព
សម្រាប់យើង យើងអត់មានកងទ័ពក្រៅតែពីកម្លាំងកងទ័ពចេញទៅប្រតិបត្តិការរក្សាសន្តិភាពនៅប្រទេសក្រៅ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ យើងមិនបានបញ្ជូនកងទ័ពទៅឈ្លានពានប្រទេសណាមួយទេ។ អញ្ចឹងទេ អត់មានរឿងអីដែលយើងត្រូវព្រួយអំពីការប្រឆាំងរបស់ប្រជាជន ចំពោះនយោបាយការពារជាតិរបស់យើងទេ។ ផ្ទុយទៅវិញ កម្លាំងកងទ័ពប្រភពពីខាងក្រោយធំណាស់ សម្រាប់វិស័យការពារជាតិរបស់យើង។ បណ្ដាក្រុមហ៊ុនរកស៊ីបាន ដោយសារប្រទេសមានសន្តិភាព។ អ្នកណាដែលរកសន្តិភាពគឺកងទ័ពជាអ្នកដើរតួនាទីស្នូល ឆ្អឹងខ្នងសម្រាប់សន្តិភាពរបស់ប្រទេស សម្រាប់ការពារសេចក្ដីសុខរបស់ប្រជាជន។ សុំបន្តធ្វើការកែទម្រង់បន្តទៅទៀត ហើយការហ្វឹកហ្វឺនត្រូវធ្វើឱ្យបានជាប់ជាប្រចាំ។ ឥឡូវនាយទាហ៊ានរបស់យើងគ្រាន់តែដុះក្បាលពោះប្រហែលជាង ៥០%។ អ្នកដែលដុះក្បាលពោះ មិនថាគេថាខ្ញុំដល់អាយុវាអញ្ចឹង។ ព្រឹកមិញដោះខ្សែក្រវាត់តើ ព្រោះចង្កេះខោកាលពីមុនត្រូវ ឥឡូវវាតឹងដល់ដាក់ខ្សែក្រវាត់ទៅប៉ោងថែម ដោះខ្សែក្រវាត់ចេញបាត់ …។
ថ្ងៃនេះ ខ្ញុំមើលផ្សាយបន្តផ្ទាល់ខ្លួនឯង ព្រោះនៅនេះអ៊ីនធើណិតវាល្អ BTV កំពុងផ្សាយបន្តផ្ទាល់ចេញពីទីនេះ។ ធម្មតាទៅណាខ្ញុំបើកមើល។ មានអ៊ីនធើណិតរបស់ខ្ញុំ។ ប៉ុន្តែក្នុងនេះមានអ៊ីនធើណិតខ្លាំង។ អញ្ចឹងខ្ញុំបើកមើល BTV ផ្សាយបន្តផ្ទាល់។ ប៉ុន្តែអស់លោកចេះប្រើឬមិនចេះប្រើរឿងរបស់អស់លោកទៀត។ ជួនកាលអត់ចេះ Download ប្រដាប់ត្រូវយកមកមើល។ ខ្ញុំបានប៉ុន្មានប៉ុស្តិ៍ឯណោះ។ ទូរទស្សន៍ជាតិក៏មាន ទូរទស្សន៍បាយ័នមាន ២ ប៉ុស្តិ៍ BTV និងបាយ័ន។ CNC,CTN គេដកចេញពី(app)អាហ្នឹង។ អញ្ចឹងខ្ញុំមើលរូបរាងខ្ញុំទៅដូចមិនទាន់ចាស់ណាប៉ុន្មានទេ។ កូនសឹងតែចាស់ជាង តែមិនព្រមលាបសក់។ មានគេចូលមកខម្មិនខ្ញុំបង្ហោះហ្វេសប៊ុកទៅដាក់រូបខ្ញុំជាមួយប្រពន្ធខ្ញុំ ដាក់រូបកូនជាមួយប្រពន្ធ គេបង្ហោះទៅមានគេចូលមកខម្មិនថា សម្ដេចសង្ហាដូចបងប្រុស។ បានខ្ញុំឆ្លើយទៅវិញថា តើសម្ដេចបង្កើតបងប្រុស ឬបងប្រុសបង្កើតសម្ដេច? បានសេចក្ដីថាគាត់ចង់និយាយថា ខ្ញុំសង្ហាដូចម៉ាណែត … អញ្ចឹងយើងឆ្លើយត្រឡប់ទៅវិញថា តើអ៊ំបង្កើតម៉ាណែតឬម៉ាណែតបង្កើតអ៊ំ? ទាល់តែឪពុកវាសង្ហា បានកូនវាសង្ហា។ និយាយអួតខ្លួនបន្តិចទៅចុះ។ ប្រពន្ធខ្ញុំកំពុងតែមើល ប៉ុន្តែបើខ្ញុំមិនសង្ហាប៉ុណ្ណឹងធ្វើម៉េចប្រពន្ធខ្ញុំយក។ និយាយឲ្យពិតគេស្រីស្អាតដែរ។ យើងជាជនពិការម្នាក់នៅពេលនោះ គេមិនមែនស្រលាញ់ខ្ញុំដោយបុណ្យស័ក្តិខ្ញុំជានាយករដ្ឋមន្ត្រីទេ គេយកខ្ញុំតាំងពីពិការឯណោះ ហើយអនាគតមិនច្បាស់លាស់ទៅទៀតនៅពេលនោះ … ប៉ុន្តែយើងក៏មិនអន់និយាយតាមមួយបែប អាហ្នឹងបានជួបគ្នាកើត។
ថ្លែងអំណរគុណ
អរគុណណាស់ ថ្ងៃនេះខ្ញុំគិតថាប៉ុនហ្នឹងទៅចុះដើម្បីទុកពេលវេលាស្អែកឱ្យ (សម្ដេចពិជ័យសេនា) ទៀ បាញ់ លេងមួយគ្របទៀត … ទៅផ្សាយបន្តផ្ទាល់។ យប់ស្អែកកុំភ្លេចបាញ់កាំជ្រួច។ នាំគ្នាទៅលេងនៅវិមានឈ្នះឈ្នះ។ ប្រជាពលរដ្ឋរបស់យើងទៅលេងល្ងាចទៅ។ បាញ់កាំជ្រួចទៅរួចនៅហ្នុង។ ពហុកីឡដ្ឋានដែលសម្ពោធថ្ងៃមុន ដែលមិត្តចិនជួយកសាងហើយនិងផ្នែកកីឡាដទៃទៀត នៅជុំវិញមួយជុំទាំងអស់នៅហ្នឹង បាញ់កាំជ្រួចអបអរសាទរខួប ២៣ ឆ្នាំ នៃថ្ងៃបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ។ សុំអរគុណជាមួយនឹងការគាំទ្រទាំងឡាយ ហើយជាពិសេសអរគុណ សម្ដេចពិជ័យសេនា ដែលបាននៅកៀកកិតជាមួយខ្ញុំមកដល់ពេលនេះ។ បើនិយាយទៅ ៤២ ឆ្នាំ ហើយជិតដល់ ៤៣ ឆ្នាំ។ ហ្នឹងនិយាយនៅពេលចាប់ផ្ដើម។ ប៉ុន្តែបើនិយាយនៅពេលធ្វើរដ្ឋមន្ត្រីការពារជាតិរហូតមកដល់ពេលនេះជាង ៣០ ឆ្នាំហើយ។ ដូចខ្ញុំនិយាយនៅវិមានឈ្នះឈ្នះ ឆ្នាំ២០១៨ ដូចជាទេវតាឱ្យតួអង្គ ២ នាក់នេះបានមកជួបគ្នាដោះស្រាយរឿងលំបាកៗបំផុត។ ពេលដែលគ្រោះថ្នាក់បំផុតគឺមាន ទៀ បាញ់ នៅជាមួយ។ អញ្ចឹងបាននៅពេលដែលស្វែងរកនាមដើម្បីដាក់ក្នុងពេលដែលឡើងគោរមងារជាសម្ដេច តើដាក់អី? គឺសម្ដេចពិជ័យសេនា។ បង សាយ ឈុំ សម្ដេចវិបុលសេនាភក្តី។ ជ្រើសរើសរកពាក្យដើម្បីដាក់គោរមងារ ដើម្បីថ្វាយព្រះមហាក្សត្រ។ ឯព្រះមហាក្សត្រព្រះអង្គពេលដែលប្រទានគោរមងារចំពោះសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងចំពោះខ្ញុំ ព្រះអង្គបានថ្វាយសម្ដេចព្រះសង្ឃរាជដើម្បីពិនិត្យថា ឈ្មោះណាសមស្រប ឈ្មោះណាយ៉ាងម៉េចអីយ៉ាងម៉េច ដល់ ហ៊ុន សែន ចំតេជោ … ហើយការរៀបចំនានាបានដំណើរការល្អ។ ជូនពរចំពោះជោគជ័យទាំងឡាយដែលកងទ័ពយើងសម្រេចបាន មិនមែនជារឿងតូចតាចទេ រឿងធំសម្រាប់កិច្ចការរបស់យើង ហើយខឿនការពារជាតិរបស់ប្រជាជន។ ខ្ញុំបាននិយាយរឿងនេះ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១០ នៅកងវរសេនាតូច ៤២២ ពេលដែលយើងទៅពិនិត្យព្រំដែន ក្នុងពេលដែលមានបញ្ហានៅប្រាសាទព្រះវិហារ។ ខ្ញុំបានដើរមួយជួរនៅតាមព្រះវិហារនៅពេលនោះ។
ម្សិលមិញនេះបានរក file ចំរៀងដែលនិពន្ធ … ខាងស្រីគេធ្វើសកម្មភាពគេគគោក ទៅសួរកងទ័ពជីកអណ្ដូងនៅកោះវ៉ៃមិនមែនប្រុសៗយើងទេ។ ស្រីៗទេ។ គេទៅគេឆ្ងល់។ មុនដំបូងកោះវ៉ៃរបស់យើងនាំគ្នាផឹកតែទឹក … ដល់ស្រីៗទៅគេថាចេកក៏ដុះ ដូងក៏ដុះ។ រឿងអីជីកអណ្ដូងមិនចេញ ដល់គេរុញគ្រឿងចាក់ទៅជីកអណ្ដូងចេញ។ ឥឡូវកោះវ៉ៃទៅជាកន្លែងដោះដូរ។ អ្នកនេសាទទាំងឡាយខ្វះទឹកសាប គេចូលមកបានត្រីដូរ។ ដូរទាំងប្រេងទៀត។ ជាមួយការអបអរសាទរខួបលើក ២៣ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ និងជាមួយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល សាលប្រជុំ នៃទីស្ដីការក្រសួងការពារជាតិ ខ្ញុំសូមប្រសិទ្ធពរជូនសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមជួបតែពុទ្ធពរនិងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕