សម្តេចតេជោ ហ៊ុន សែន៖ «កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស»
FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាអត់មានវិបត្តិផ្ទៃក្នុងនោះទេ មានតែលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកាត់ទោស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស។ លោកនិយាយថា ម្ខាងមានទ័ព ម្ខាងមានប្រជាជនគឺខុសហើយ។ ធម្មតាបក្សកាន់រដ្ឋាភិបាលមានប្រជាជនគាំទ្រច្រើនជាងបក្សប្រឆាំង។ រដ្ឋាភិបាលមានទាំងប្រជាជនទាំងកម្លាំងប្រដាប់អាវុធ ទើបរក្សាសន្តិភាពឲ្យប្រទេសបាន»។ ការលើកឡើងរបស់សម្តេចតេជោ នៅពេលនេះធ្វើឡើងដោយឆ្លើយតបចំពោះអ្នក Comment ដែលចូលទៅកាន់ Facebook របស់សម្តេច ឈ្មោះ Ekareach Thach ដោយបានសរសេរថា «សម្តេចជាទីគោរពរាប់អាន ខ្ញុំនៅកម្ពុជាក្រោម តែងតាមដានជាប់ជានិច្ចនូវព្រឹត្តិការណ៍ពីប្រទេសកម្ពុជា ហើយក៏តែងតែដឹងច្បាស់ថា យួនវាកំពុងមើលងាយសម្តេចរឿងសមុទ្រចិនខាងកើត។ វាឃើញសម្តេច និង សម រង្ស៉ី…