FN ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) បានលុបបំណុលអស់ជាង៧ពាន់លានរៀល ដែលស្មើប្រមាណជិត២លានដុល្លារអាមេរិក ចំពោះអតិថិជនប្រាក់កម្ចី ដែលទទួលមរណភាព នេះបើគិតចាប់តាំងពីឆ្នាំ២០១០ មកដល់បំណាច់ឆ្នាំ២០១៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ AMK ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមីនានេះ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ឆ្នាំ២០១៦ អេ អឹម ខេ បានលុបបំណុល ពីអតិថិជនប្រាក់កម្ចីរបស់ខ្លួន ដែលទទួលមរណភាព ដោយសារជំងឺ និង គ្រោះថ្នាក់ផ្សេងៗ មានទំហំទឹកប្រាក់ជាង ២ពាន់លានរៀល ដែលស្មើនឹងជិត៦០ម៉ឺនដុល្លារអាមេរិក។ ទាំងនេះ គឺជាការរួមចំណែករបស់ អេ អឹម ខេ ដើម្បី សម្រាលបន្ទុកក្នុងក្រុមគ្រួសារអតិថិជនរបស់ខ្លួន ពោលគឺ អ្នកដែលជាប្តី ឬ ប្រពន្ធ ឬ កូន ដែលនៅរស់មិនមានកាតព្វកិច្ច ក្នុងការបង់សងជំនួសឡើយ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា «ជាទូទៅបំណុលដែលនៅសល់របស់អតិថិជន ដែលបានទទួលមរណភាពជាយថាហេតុ បានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរ សម្រាប់អ្នកដែលនៅរស់ក្នុងការបង់សងជំនួស។ នៅពេលដែលគ្រួសារមួយ បាត់បង់ប្រាក់ចំណូល ហើយត្រូវមានកាតព្វកិច្ចសងបំណុលបន្ថែមទៀត បន្ថែមចំណាយផ្សេងៗ នៅក្នុងគ្រួសារទៀតនោះ គ្រួសារនោះពិតជានឹងជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ រហូតដល់លក់របស់របរមានតម្លៃ និងជាជម្រើសចុងក្រោយ អាចចាកចេញពីលំនៅដ្ឋាន ដើម្បីគេចវេះក្នុងការបង់សងបំណុលនោះជាដើម។ ដូចនេះ គោលនយោបាយ លុបបំណុលចោល គឺជារឿងត្រឹមត្រូវបំផុត សម្រាប់ អេ អឹម ខេ ដែលស្របទៅនឹងបេសកកម្ម ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងធ្វើឲ្យជីវភាពរស់នៅប្រសើរឡើង តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ»។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងថា «ហេតុផលចម្បងដែល អេ អឹម ខេ បង្កើតគោលនយោបាយលុបបំណុលចោលនេះ ព្រោះយើងចង់ឃើញជីវភាពរស់នៅ របស់ក្រុមគ្រួសារអតិថិជន អេ អឹម ខេ នៅតែ មានស្ថិរភាព ទោះបីជាមេគ្រួសារ ឬ អ្នកបង្គោលក្នុងគ្រួសារ ដែលបានខ្ចីប្រាក់ពី អេ អឹម ខេ ទទួលមរភាពជាយថាហេតុក៏ដោយ ពោលគឺគ្រួសាររបស់ពួកគេ មិនមានវិបត្តិហិរញ្ញវត្ថុឡើយ»។
លោកបានបន្ថែមទៀតថា ការលុបបំណុលនេះ ចាត់ទុកជាការចូលរួមរំលែកទុក្ខ និង ជាពិសេសចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពផងដែរ។
លោកបានសង្កត់ធ្ងន់ថា «បើពួកគាត់មានទុក្ខហើយ យើងមិនគួរបន្ថែមទុក្ខទៀត ទៅលើអ្នករស់មានជីវិតទេ។ មនុស្សដែលស្លាប់ហើយ គឺគាត់បានសុខហើយ ដូច្នេះយើងត្រូវជួយអ្នកមានជីវិតរស់នៅ តាមរយៈការលុបបំណុលចោលនេះ។ អេ អឹម ខេ ត្រូវបានបង្កើតឡើង មិនមែនត្រឹមតែស្វែងរកប្រាក់ចំណេញទេ ថែមទាំងចូលរួមគាំពាអតិថិជនរបស់ខ្លួន ក៏ដូចជាសង្គមទាំងមូលផងដែរ ដែលនេះជាគោលដៅដ៏ចំបងរបស់យើង»៕