ប្រធាន គ.ជ.ប បង្ហាញពីសារៈសំខាន់ចំនួន៤ចំណុចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងដំណាក់កាលនៃបោះឆ្នោត
FN ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានបង្ហាញពីសារៈសំខាន់ចំនួន៤ចំណុចរបស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងដំណាក់កាលនៃបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។ តាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ មិនអាចដំណើរការទៅកើតទេ បើគ្មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ប៉ុន្តែអ្នកសារព័ត៌មាន មិនអាចធ្វើអ្វីប្រាសចាកពីវិជ្ជាជីវៈរបស់ខ្លួនបានទេ។ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានលើកឡើងចំណុចសំខាន់៤ចំណុច ដែលឆ្លើយតបទៅនឹងហេតុផល គ.ជ.ប ត្រូវមានក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មានរួមមាន៖ ទី១៖ សារសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំពោះការបោះឆ្នោត ទី២៖ អំណាចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ទី៣៖ ការគោរពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអាជីព ទី៤៖ ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណាក់កាលបោះឆ្នោត។