រដ្ឋមន្រ្តីកសិកម្ម ដាក់ចេញគោលការណ៍សំខាន់ៗ៤ចំណុច ដើម្បីកាត់បន្ថយការនាំចូលបន្លែ និងធានាប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម
FN ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីតាំងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រវែង។ ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ខិតខំឲ្យអស់លទ្ធភាព ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ដើម្បីធានា បាននូវតម្លាភាពទីផ្សារ សច្ចភាព និងយុត្តិធម៌ក្នុងការប្រកួតប្រជែង។ លោករដ្ឋមន្រ្តីក៏បានផ្ញើសារជូនកសិករ សហគមន៍ផលិតនៅទីនេះ និងនៅទូទាំងប្រទេសថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភថវិកាក្នុងគោលបំណងផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលធានា និរន្តរភាព នៃប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ លោករដ្ឋមន្រ្តី តាមរយៈអគ្គនាយកដ្ឋានកសិកម្ម បានណែនាំឲ្យមន្រ្តីអនុវត្តន៍គម្រោង ផលិតករ និងសហគមន៍ផលិត ត្រូវអនុវត្តន៍តាមគោលនយោបាយរបស់ក្រសួងដូចជា៖ ទី១៖ ធ្វើការបង្វែទិសដៅផលិត ពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតដើម្បីធ្វើកសិពាណិជ្ជកម្ម កែប្រែសួនបន្លែទៅជាចំការបន្លែ។…