សារលើហ្វេសប៊ុក អំពីការភ្នាល់ជាមួយជនពាល សម រង្ស៊ី លើការដោះលែង កឹម សុខា
ថ្ងៃនេះ ខ្ញុំបានឃើញវីដេអូមួយ ដែលគេបានបង្ហោះតាម YouTube អំពី ជនពាល សម រង្ស៊ី ដែលបានសរសេរក្នុង Facebook បបួលខ្ញុំភ្នាល់អំពីការដោះលែង កឹម សុខា។ ការបកស្រាយក្នុងវីដេអូឃ្លីបនេះគឺបានបង្ហាញនូវហេតុផលត្រឹមត្រូវខាងផ្លូវច្បាប់ ដែលខ្ញុំបាននិយាយទាក់ទងជាមួយដែនសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី ដែលគ្មានចំណុចណាមួយបំពានដល់សមត្ថកិច្ចរបស់តុលាការទាល់តែសោះ។ នាយករដ្ឋមន្ត្រីពុំមានសិទ្ធិស្នើសុំលើកលែងទោសអោយអ្នក ដែលមិនទាន់បានកាត់ទោស ឬសាលក្រមមិនទាន់ចូលស្ថាពរនោះទេ (ទោះសេះដុះស្នែងក៏មិនកើតឡើងទេ)។ យោងតាមច្បាប់ជាធរមានទោះ ១០០០ ឆ្នាំ ទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសអោយអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់អោយមានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង។ តែមនុស្សដែលចូលចិត្តវាយប្រហារខ្ញុំគេអត់ចេះស្តាប់ និងសិក្សាពីសំដីដែលបង្កប់ដោយន័យនយោបាយ និងផ្លូវច្បាប់ ដែលខ្ញុំបាននិយាយនោះទេ ដូចនេះទើបគេរៀបអន្ទាក់ដាក់ខ្ញុំ ពេលនេះ គេដើរជាន់អន្ទាក់ខ្លួនឯងហើយ។ ដោយសារការភ្នាល់លើកនេះ ជាការភ្នាល់ដាក់ជីវិតនយោបាយដែលអ្នកបបួលខ្ញុំភ្នាល់ គឺជាជនពាលខាងនយោបាយ ដូចនេះតម្រូវអោយខ្ញុំត្រូវមានភស្តុតាង និងសូមស្នើអោយមេធាវីខ្ញុំ រក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់។ វីដេអូឃ្លីបនេះ ខ្ញុំនឹងបង្ហោះក្នុង Facebook ខ្ញុំរហូតដល់ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩ ហើយនៅពេលនោះតើនឹងមានអ្វីកើតឡើងដូចដែលជនពាលនេះបានបបួលខ្ញុំភ្នាល់នៅក្នុង Facebook គាត់មែន ឬអត់៕