ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃនេះ, ចៅសង្កាត់មកពីគណបក្សប្រជាជន បន្តកាន់កាប់តំណែង៤អាណត្តិជាប់គ្នា
FN ៖ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃព្រែកតាសេកជាផ្លូវការ។ លោក អឿន ស៊ីផុន បានជាប់ឆ្នោតជាចៅសង្កាត់ព្រែកតាសេក ក្នុងអាណត្តិទី៤នេះ មកពីគណបក្សប្រជាជនកម្ពុជា ពោលបានកាន់កាប់តំណែង៤អាណត្តិជាប់គ្នាៗ។ ស្ថិតក្នុងឱកាសនោះ អភិបាលខណ្ឌ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសង្កាត់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យរីកចម្រើន ហើយបន្តកិច្ចការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសត្រូវដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការនិងសេវាសំណូមពរ គឺធ្វើយ៉ាងណាកុំឲ្យពលរដ្ឋថ្នាំងថ្នាក់។ លោក ឃ្លាំង ហួត បានបញ្ជាក់ថា «សមាជិកក្រុមប្រឹក្សាសង្កាត់ មិនត្រូវប្រកាន់និន្នការបក្ស ក្នុងម៉ោងបំពេញការងារនោះទេ និងត្រូវរួបរួមសាមគ្គីគ្នាធ្វើការបម្រើ ប្រជាពលរដ្ឋឲ្យបានល្អ និងសង្គមជាតិ»។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំដល់លោកចៅសង្កាត់បន្តការងារកាន់តែខ្លាំង លើការដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋជាក់ស្តែងតាមមូលដ្ឋាន និងបង្កើនបម្រើសេវាសាធារណៈកាន់តែប្រសើរ មានប្រសិទ្ធភាពជូនពួកគាត់៕