៣ ករណីអំពី មីក្រូហិរញ្ញវត្ថុ
ថ្ងៃទី ១៤ មីនា ឆ្នាំ ២០១៦ ថ្លែងបើកសន្និសីទស្តីពីការអភិវឌ្ឍមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសូមអោយប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្នចំពោះការដែលអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលប្រែទៅជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយនឹងបំណងហាក់បីដូចជា ដើម្បីរឹបអូសផ្ទះសម្បែង និងដីធ្លីរបស់ប្រជាពលរដ្ឋ។ សម្តេចបានទាញអារម្មណ៍ថា ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុទាំងនោះមិនបានគិតគូរថា ការផ្តល់កម្ចីនេះគឺសម្រាប់យកទៅធ្វើអាជីវកម្ម ឬជម្រុញផលិតកម្មរកប្រាក់ចំណូលនោះទេ។ សម្តេចតេជោក៏បានដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាមួយអ្នកដែលហៅខ្លួនឯងថាជាប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ឬអ្នកផ្តល់កម្ចីដែលគ្មានការទទួលស្គាល់ពីច្បាប់, ទោះបីជាពួកគេសន្យាថានឹងផ្តល់ការប្រាក់ខ្ពស់ក៏ដោយ, ប៉ុន្តែ ការពិតមានចរិតជាការបោកប្រាស់។ សម្តេចបានសង្កត់ធ្ងន់ថា «ប្រជាពលរដ្ឋត្រូវតែដឹងឲ្យច្បាស់អំពីការ ឃោសនាបោកប្រាស់របស់បក្សនយោបាយ ឬតំណាងរាស្រ្ត ឬមេបក្សនយោបាយណា ដែលសន្យាថា ពួកគេនឹងលុបចោលរាល់បំណុលទាំងអស់របស់ប្រជាពលរដ្ឋ ដោយចាត់ទុកថាជាបំណុលរបស់រដ្ឋ»។ សម្តេចតេជោ បានជម្រុញឲ្យមានការចាប់ខ្លួននៅនឹងកន្លែង ជនណាម្នាក់ដែលធ្វើសកម្មភាពបោកបញ្ឆោតទាំងនេះ ព្រោះវាជាបទល្មើសជាក់ស្តែង និងបញ្ជាក់ថា ប្រជាពលរដ្ឋនឹងនៅតែជាជនរងគ្រោះ ដោយសារការបន្តទៅខ្ចីលុយ ជាមួយនឹងការគិតថាមិនចាំបាច់សង។ សម្តេចបានផ្តាំផ្ញើ ដល់ប៉ូលីស និងអាជ្ញាធរទាំងអស់ ឲ្យចាប់ខ្លួនភ្លាមៗ ជនណាដែលឃោសនាបែបនេះ ល្អជាងទៅគាំទ្រម្ចាស់ហិរញ្ញវត្ថុ ក្នុងការរឹបអូសយកផ្ទះ/ដី ពីប្រជាពលរដ្ឋ ដោយមិនបានឆ្លងកាត់តុលាការ៕