FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា នឹងចាកចេញពីកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅប្រទេសស្វីស រយៈពេល៤ថ្ងៃ។ នេះបើតាមការឱ្យដឹងពីមន្រ្តីពិធីការ។
តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស៊្វីសឆ្នាំនេះ នឹងប្រារព្ធឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធ ពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»។
នៅអំឡុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំចំនួន៨ក្នុងនោះរួមមាន៖ ទី១. ការដាក់ដំណើរការគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ភារបើកចំហរកិច្ចសហប្រតិបត្តិការរដ្ឋភិបាល-ឯកជន ទី២. ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម៖ ការកសាង និងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ ទី៣. ការប្រជុំពហុភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំពិភពលោក ទី៤. ការប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក៖ ការឆ្លើយតប និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ នៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក ទី៥. អាស៊ានក្នុងរយៈពេល៥០ឆ្នាំ៖ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម្តេច? ទី៦. ការពិភាក្សាឯកជន នៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ស្តីពីការស្រាវជ្រាវឱ្យមានដំណើរការដោយរលូននៃបដិវត្តឧស្សាហកម្មលើកទី៤ ទី៧. វិថីអាស៊ាន ឬផ្លូវហាយវេក្នុងពិភពលោកពោរពេញដោយភាពបែកបាក់ និងទី៨ ការបង្ហាញពីការផលិត៖ តើអាស៊ានជាសហគមន៍មួយហើយឬនៅ?
អាស្រ័យដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នឹងឆ្លៀតយកឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ដើម្បីបង្ហាញពីអាស៊ាន និងផ្សព្វផ្សាយពីប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិសេសមួយដែលមានចំណងជើង «កម្ពុជា៖ ផ្កាយកំពុងរះរបស់អាស៊ាន»។ កម្ពុជាក៏នឹងបញ្ហាជូននូវវីដេអូខ្លីមួយ ស្តីពីការរៀបចំរបស់កម្ពុជា សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានផងដែរ។
ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកសាស្រ្តាចារ្យ ក្លូស ស្វាប ព្រមទាំងបណ្តាថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនផងដែរ។
សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ ដែលអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វ៊ីស នាពេលនេះ រួមមាន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។
កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ គឺជាការជួបប្រជុំថ្នាក់ដឹកនាំពិភពលោកកម្រិតខ្ពស់បំផុត ពីរដ្ឋាភិបាល អ្នកជំនួញ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលប្រព្រឹត្តទៅនៅរៀងរាល់ដើមឆ្នាំ ដើម្បីកំណត់របៀបវារៈពិភពលោក តំបន់ និងឧស្សាហកម្ម៕