កម្ពុជា-ប្រ៊ុយណេ ចុះកិច្ចព្រមព្រៀង ជៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធ លើប្រាក់ចំណូល
FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងប្រ៊ុយណេ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងការជៀសវាង ការយកពន្ធត្រួតគ្នា និងការបង្ការ ការកឹបកេងបន្លំពន្ធពាក់ព័ន្ធលើប្រាក់ចំណូល។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក ប៉ិន ងឺរ៉ាន់ កាសមៀរហាន់ ពិន ប៉ិនងឺរ៉ាន់ ហាជី មូហាំម៉ាត់ តាហៀរ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសប្រ៊ុយណេ ដារូបសាឡឹមប្រចាំកម្ពុជា តំណាងរដ្ឋាភិបាលប្រ៊ុយណេ។ កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី៣ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសដៃគូ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជា ហត្ថលេខីលើកិច្ចការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជា ក្នុងការកំណត់សិទ្ធិ នៃការយកពន្ធដែលជាមូលដ្ឋានសំខាន់សម្រាប់ ទាក់ទាញវិនិយោគបរទេសដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរ បច្ចេកវិទ្យា និងជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធ…