FN ៖ រដ្ឋាភិបាលកាណាដា បានសម្រេចផ្តល់ជំនួយនូវទឹកប្រាក់ចំនួនជាង១៣ម៉ឺនដុល្លារ ដើម្បីជួយសម្រួលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបោសសំអាតមីន និងជួយជនក្រីក្ររងគ្រោះដោយសារគ្រាប់មីន។ ការផ្តល់ជំនួយរបស់កាណាដាដល់កម្ពុជានេះ ធ្វើឡើងក្នុងរវាងលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីន ជាមួយលោកស្រី ALLISION STEWART តំណាងស្ថានទូតកាណាដា ប្រចាំនៅប្រទេសកម្ពុជា នាពេលថ្មីៗនេះ។ ថ្លែងក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ថវិកាមួយចំនួនធំនៃជំនួយ នឹងត្រូវផ្តល់ឲ្យទៅប្រតិបត្តការជាតិ របស់ CMAC ដើម្បីបោសសម្អាតដី ដែលមានមីន និសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមជូនប្រជាជនក្រីក្រ ហើយជំនួយមួយចំនួនទៀត នឹងជួយដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះល់ពីសង្គ្រាមនៅកម្ពុជា។ លោកបន្ថែមថា គម្រោងសកម្មភាពសម្រាប់ប្រើប្រាស់ជំនួយនេះ ត្រូវបានឯកភាពរួចហើយ ដើម្បីយកទៅអនុវត្តជាប្រយោជន៍របស់ប្រជាជនកម្ពជា។ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសកាណាដា ដែលបានគាំទ្រដល់វិស័យបោសសម្អាតមីននៅកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ននេះ។ ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា «នេះជាជំហានថ្មីមួយទៀត…