ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ តម្លៃជិត៥៧លានដុល្លារ ចាប់ផ្ដើមសាងសង់បណ្ដើរៗ រពឹងនឹងជួយកាត់បន្ថយការចំណាយថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែឆ្លងតាមទូកដ និងសាឡាង
FN ៖ សមិទ្ធផលថ្មីក្នុងខេត្តកំពង់ចាម ដែលផ្តល់សារៈប្រយោជន៍ជូនប្រជាជនកម្ពុជា គឺស្ពានឆ្លងទន្លេមេគង្គ ស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ ដែលត្រូវចំណាយថវិកាជិត៥៧លានដុល្លារអាមេរិក សណ្ដូកលើផ្ទៃទន្លេមេគង្គប្រវែងជាង១គីឡូម៉ែត្រ និងទទឹងជាង១៣ម៉ែត្រ បានចាប់ផ្តើមសាងសង់បណ្តើរៗហើយ ខណៈការបើកការដ្ឋានសាងសង់ផ្លូវការ អាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ខាងមុខ។ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះថា ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារមួយខ្សែនេះ នឹងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ពោលគឺមិនត្រឹមតែប្រជាពលរដ្ឋ ដែលរស់នៅស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់ប៉ុណ្ណោះទេ ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងប្រជាពលរដ្ឋខេត្តដទៃៗតទៀត ក៏អាចធ្វើដំណើរកាត់ស្ពានមួយនេះបានដែរ នៅពេលពួកគាត់ចង់ធ្វើដំណើរ ទៅរាជធានីភ្នំពេញ។ លោកអភិបាលខេត្តបន្តថា នៅពេលស្ពានថ្មីនេះ សាងសង់រួចប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកា ដែលកាលពីមុខប្រជាពលរដ្ឋត្រូវចំណាយថវិកា ដើម្បីជិះសាឡាងកាត់ទន្លេមេគង្គទៅមក ដែលជាហេតុនាំឲ្យមានការលំបាកច្រើន និងមានការយឺតយ៉ាវផងដែរ។ បើតាមលោកអភិបាលខេត្ត ការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ បានចាប់ផ្តើមធ្វើការសាងសង់ជាបណ្តើរៗហើយ ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែចំពោះការបើកការដ្ឋាន ផ្លូវការ នឹងធ្វើនៅពេលខាងមុខ តាមការកំណត់របស់ក្រសួងសាធារណការ…