FN ៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យលោក បេនដូ តាដាសាប៊ូរូ នាយកក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ជួបធ្វើកិច្ចពិភាក្សាជាមួយ ដើម្បីវិនិយោគលើខ្សែកាប្លិ៍ ឬទោងទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិភ្នំគូលេន។
លោក ឃឹម ប៊ុន សុង ក៏បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ដែលមានគម្រោងវិនិយោគ សម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប នៅរមណីយដ្ឋានភ្នំគូលេន ក្នុងការទាក់ទាញដល់ភ្ញៀវបាន ស្នាក់នៅបានយូថ្ងៃទៀតផង។
អភិបាលខេត្តសៀមរាប បានជម្រាប់ដល់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់លើការសិក្សាឲ្យហ្មត់ចត់ នឹងស៊ីជម្រៅទៅលើផលប៉ះពាល់បរិស្ថាន និងការងារទេសចរណ៍ រួមទាំងកសិកម្មមុននឹងកិច្ចដំណើរការ វិនិយោគ លើខ្សែកាប្លិ៍ ឬទោងទេសចរណ៍។ ម៉្យាងទៀតក្រុមហ៊ុន ក៏ត្រូវធ្វើការទំនាក់ទំនង ជាមួយក្រសួងបរិស្ថាន ទេសចរណ៍ និងកសិកម្ម ដើម្បីទទួលបានការអនុញ្ញាតច្បាប់ ក្នុងការធ្វើអាជីវកម្មទោងទេសចរណ៍ នៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលេន រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
លោក តាកេសស៊ី កាវ៉ាម៉ូតូ ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុន ប៊ូគេន បានបញ្ជាក់ថា គម្រោងនេះជាការបង្កើននូវការងារដល់ប្រជាពលរដ្ឋ មានភាពញញឹម ដោយផ្សាភ្ជាប់ទៅនឹងរុក្ខជាតិ និងបរិស្ថាន។
លោកក៏បានលើកអំពីទស្សនៈរបស់គម្រោង ដែលមានកត្តា៤យ៉ាង ដោយផ្តោតលើការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្ត ប្រកបដោយភាពញញឹម និងបង្កើតទេសចរណ៍ធម្មជាតិ ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានភាពញញឹម ដើម្បីទទួលស្វាគមន៍ភ្ញៀវ ក្នុងភាពញញឹមដែលបានការងារធ្វើ និងបង្កើតការងារឲ្យបានច្រើន ជូនដល់បងប្អូននៅក្នុងតំបន់នោះផងដែរ ហើយគម្រោងនេះបានធ្វើឲ្យភ្ញៀវទទួលបានការ សិក្សាស្វែងយល់តាមរយៈទេចរណ៍បែបធម្មជាតិ ដោយប្រើប្រាស់ធនធានព្រៃឈើ ក្នុងតំបន់ភ្នំគូលេនដើម្បីឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ នៅខេត្តសៀមរាប។
លោកក៏បានលើកផងដែរ អំពីបេសកកម្មនេះ ក៏បានធ្វើការអប់រំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ដោយបង្កើតជាទោង ខែ្សកាប្លិ៍ទេសចរណ៍ និងសកម្មភាពបែបទេសចរ ដើម្បីឲ្យគេចូលរួមតាមរយៈទេសចរណ៍ធម្មជាតិ។
លោក តាកេសស៊ី កាវ៉ាម៉ូតូ ក៏គូសបញ្ជាក់ថា គម្រោងនេះជាការចាប់ផ្តើមដំបូងនៅកម្ពុជា ចូលទៅក្នុងប្រព័ន្ធ នៃតំបន់អាស៊ាន ហើយក៏មិនត្រឹមបង្កើនការងារដល់ប្រជាពលរដ្ឋ នៅកម្ពុជាមួយប៉ណ្ណោះទេ គឺនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងមូល ហើយគោលដៅសំខាន់ៗ ក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់ភ្នំគូលេន ទាំងការអភិវឌ្ឍន៍ និងអភិរក្សនៅក្នុងតំបន់នោះ។ ម៉្យាងទៀតក៏ធ្វើឲ្យបងប្អូនក្នុងតំបន់នោះ ទទួលបានផលប្រយោជន៍ ពីការបម្រើសេវាកម្មទេសចរណ៍ ក្នុងការផលិត ផលកសិកម្មឲ្យបានច្រើន ប្រកបដោយគ្មានជាតិគីមី និងដើម្បីរៀបចំទំនាក់ទំនងពីប្រព័ន្ធកសិកម្ម ទៅជាភូមិ ដែលទាញផ្តល់សេវាកម្ម ផ្នែកឧបត្ថម្ភផលផេ្សងៗ នៅក្នុងតំបន់នោះ។
ដូច្នេះគោលដៅរបស់ក្រុមហ៊ុន និងរៀបចំតំបន់ភ្នំគូលេន ឲ្យទៅជាតំបន់មួយដែលប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ ក្នុងការដើរកម្សាន្ត និងមកដោះជំរុំស្នាក់នៅ និងធ្វើឲ្យភ្នំគូលេនទៅជាប្រព័ន្ធដែនទេសចរណ៍ធម្មជាតិ៕