FN ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្ត សូមមេត្តាយករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត (ឈៀក) ឲ្យបានទាន់ពេលវេលា តាមតំរូវការរបស់ច្បាប់។
ការអំពាវនាវបែបនេះ ក្នុងឱកាសដែលទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធ មណ្ឌលត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត សាខាបឹងស្នោរ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហួសបុរីប៉េងហួត បឹងស្នោរ ប្រហែល១គីឡូម៉ែត្រ ជាប់ចំណតឡានក្រុង វាលស្បូវ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នោះថា «សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្តសូមមេត្តា យកឡានមកឈៀក ឲ្យបានទាន់ពេលវេលាតាមកំណត់ តាមតំរូវការរបស់ច្បាប់យើង។…ឡានខ្លះ៤ឆ្នាំម្ដង ខុសពីឡានថ្មី ដោយខ្លះ២ឆ្នាំ ខ្លះ១ឆ្នាំម្ដង តាមច្បាប់របស់យើង ដែលបានដាក់ឲ្យប្រើប្រាស់ ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះ»។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងទៀតថា កត្តាសព្វថ្ងៃ កត្តាដែលមានការគ្រោះថ្នាក់ចរាចរណ៍ មានការកើតឡើងដោយ កត្ដាមួយចំនួន គឺយើងបើកឡានដោយល្បឿនលឿន បើកនូវភាពស្រវឹង កត្តាមនុស្ស និងកត្តាយានយន្ដដោយយើងមិនបានយកយានយន្ដ មកឈៀកឲ្យបានត្រឹមត្រូវ ហើយឡានយើងមានលក្ខណៈខុសបច្ចេសទេស ឡានខ្លះកែខុសលក្ខណៈបច្ចេកទេស និងមានឡានខ្លះទៀត ភ្លើងក៏មិនភ្លឺ ហ្វ្រាំងក៏មិនស៊ី ។ល។ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅលើតាមដងផ្លូវ។
ក្នុងឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានធ្វើការណែនាំដល់ ក្រុមហ៊ុនដែលពិនិត្យ និងធ្វើឈៀកសូមផ្ដល់សេវា ឲ្យបានល្អ ព្រោះថាពីដើមមានក្រុមហ៊ុនតែ១គត់ ដែលផ្ដល់សេវាឈៀករថយន្តនេះ ឥឡូវមានក្រុមហ៊ុនពីរហើយ ដូច្នោះមានការ ប្រកួតប្រជែង។
សូមជម្រាបថា គោលបំណង នៃការបង្កើតមណ្ឌលត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាថ្មីនេះ គឺដើម្បីពង្រីកនិងបង្ខិតសេវា សាធារណៈ ឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ ពិសេស ប្រជាពលរដ្ឋដែលរស់នៅខណ្ឌច្បារអំពៅ និងខណ្ឌ ដែលនៅជាប់ អាចយកយានយន្តរបស់ខ្លូន មកត្រួតពិនិត្យលក្ខណៈ បច្ចេកទេស នៅទីតាំងថ្មីនេះបាន៕