FN ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងចងក្រងច្បាប់ ស្ដីពីការពារការពពោះជំនួស ដើម្បីរក្សាផលប្រយោជន៍ពលរដ្ឋ និងការពារទារក ព្រមទាំងស្ដ្រីជាម្ដាយក្នុងករណីនេះ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី ជូ ប៊ុនអេង ត្រូវបានធ្វើឡើងក្រោយបញ្ចប់ ការប្រជុំផ្សព្វផ្សាយពី គោលការណ៍ណែនាំ ស្ដីពីបែបបទ និងនីតិវិធីសម្រាក់ការស្នើសុំទារកករណីពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ដ្រី ថ្នាកដឹកនាំនគរបាលជាតិ តំណាងស្ថានទូតចំនួន១៩នៅកម្ពុជា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកស្រីថ្លែងយ៉ាងដូច្នេះថា «យើងកំពុងតែព្យាយាមធ្វើច្បាប់ ដើម្បីឲ្យការងារពពោះជំនួសនេះ កម្រិតនៅក្នុងលក្ខខណ្ឌមួយថា ប៉ុណ្ណាទៅដែលហៅថាមនុស្សធម៌ ប៉ុណ្ណាជាបទល្មើស ពីព្រោះជីវិតរបស់ទារក ក៏ជាជីវិតរបស់មនុស្សដែរ»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានចេញគោលការណែនាំមួយ ដើម្បីអនុញ្ញាតិឲ្យនាំទារកទៅចិញ្ចឹមនៅក្រៅប្រទេស ប៉ុន្ដែត្រូវបំពេញលក្ខខណ្ឌមួយចំនួន ព្រោះថាកម្ពុជាមានដែនសមត្ថកិច្ចគ្រប់គ្រាន់ ក្នុងការគិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ហើយត្រូវធានាថាកម្ពុជា មិនបានរកទារកធ្វើជាឧបករណ៍ជួញដូរនោះទេ។
លោកស្រីបញ្ជាក់ថា ចំពោះឪពុកដែលចង់បានកូននោះ យកទៅចិញ្ចឹម ត្រូវតែចេញមុខមកបញ្ជាក់ថា ខ្លួនមានមុខរបរពិតប្រាកដ និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីយកកូនទៅចិញ្ចឹម ហើយមួយវិញទៀត ត្រូវតែធានាថា កូនដែលយកទៅ គឺចិញ្ចឹមដោយខ្លួនឯង មិនមែនជាការជួញដូរឡើយ។
យ៉ាងណាមិញ លោកស្រីលើកឡើងដែរថា ចំពោះស្ដ្រីដែលបាននិងកំពុង ឬព្យាយាមក្នុងការពពោះជំនួស ដើម្បីទទួលបានកម្រៃ ដោយហេតុថាក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលផ្ដល់ភាពអនុគ្រោះមួយ ដោយសារតែទារកនោះ បានចាប់កំណើតហើយ ឬក៏បានកើតរួចហើយ ដែលមិនត្រូវបន្ថែមទៀតនោះទេ បើច្បាប់ថ្មីចេញហើយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលប្រឈមនិងទោសព្រហ្មទណ្ឌ និងរដ្ឋប្បវេណីផងដែរ៕