ដកស្រង់ប្រសាសន៍ សារសំឡេងពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពកូវីដ-១៩ នៅ កម្ពុជាដែលបានកំពុងរីករាលដាលខ្លាំងឡើងៗ
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ថ្ងៃនេះ សភាពការណ៍ក្នុងប្រទេសយើងពិតជាមិនធម្មតា។ រហូតមកដល់ម៉ោងនេះ ការរកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ រហូតដល់ ៤៩ នាក់ គិតតែនៅទីក្រុងភ្នំពេញ ខេត្ដព្រះសីហនុ និងមកពីខេត្តព្រៃវែង និងអាចមានផ្នែកខ្លះនៅក្នុងខេត្តកណ្ដាលតែប៉ុណ្ណោះ។ សភាពការណ៍នេះ បានដាក់ចេញជាចំណោទធំៗសម្រាប់យើងក្នុងការបន្ដជំហានប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអំពាវនាវផង និងចេញបញ្ជាផង។ ការចេញបទបញ្ជា គឺសុំឲ្យស្ថាប័ននីមួយរបស់រាជរដ្ឋាភិបាល និងសុំអំពាវនាវស្ថាប័ននីតិបញ្ញតិ្ដ សុំផ្អាកបណ្ដោះអាសន្ននៅស្ថាប័ន តែយ៉ាងហោចណាស់យើងត្រូវមានមនុស្សធ្វើការតិចតួច ដោយ(ឲ្យ)មនុស្សភាគច្រើនធ្វើការតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ ថ្ងៃ។ ក្រោយ ៧ ថ្ងៃ ខ្ញុំព្រះករុណាខ្ញុំនឹងជូនដំណឹងទៅស្ថាប័នទាំងនោះ។ ធ្វើយ៉ាងដូច្នេះ យើងនឹងបញ្ចៀសបាននូវហានិភ័យ ដែលយើងមិនទាន់ស្គាល់នូវអ្នកដែលមានការពាក់ព័ន្ធ ព្រោះមានការច្របូកច្របល់ខ្លាំងណាស់នៅពេលនេះ។ មានការឆ្លងនៅក្នុងក្របខណ្ឌនគរបាល មន្ដ្រីរាជការ រហូតដល់សិល្បករ សិល្បការិនីផងដែរ។ ដូចនេះ ការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុងទេ ក៏ប៉ុន្ដែសុំឲ្យកាត់បន្ថយចំនួនមនុស្សយ៉ាងតិច ៩០% ហើយមានមនុស្សមួយចំនួនតួចតែប៉ុណ្ណោះ ដែលនៅប្រចាំការធ្វើការតាមស្ថាប័ន។ សម្រាប់វិស័យឯកជន ខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់ បើអាចធ្វើបានសុំកាត់បន្ថយបុគ្គលិក(មកធ្វើការ ដោយ)ផ្លាស់ប្ដូរវេនគ្នា ដើម្បីបញ្ចៀសភាពកកកុញរបស់មនុស្សនៅតាមកន្លែងធ្វើការផង និងតាមផ្លូវផង។ ខ្ញុំសូមអំពាវនាវក្រុមគ្រួសារ សុំកុំអោយកូនៗ ចេញក្រៅផ្ទះ…