FN ៖ រយៈពេល២ខែដើមឆ្នាំនេះ កម្ពុជានាំចេញទំនិញបានទឹកប្រាក់ជាង ៣ ៥៩៥លានដុល្លារ កើនឡើង២១.២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែជាង ២ ៩៦៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ។
តាមទិន្នន័យដែលទទួលបាននេះ ទំនិញចម្បងដែលរកចំណូលឱ្យកម្ពុជាច្រើនជាងគេ គឺការនាំចេញសម្លៀកបំពាក់មានតម្លៃជាង ១.៤ពាន់លានដុល្លារ ស្បែកជើងជាង២៧៨ លានដុល្លារ, គ្រាប់ធញ្ញជាតិជាង ២១៨លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ២៣០លានដុល្លារ, បន្លែជាង១២៨លានដុល្លារ, ផ្លែឈើជាង ៧៩លានដុល្លារ, គ្រឿងសង្ហារឹមផ្សេងជាង១០៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ ៣,៥៩៥,៧៦០,០០០ ដុល្លារ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះថា កំណើននៃការនាំចេញទំនិញនេះ ដោយសារតែយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩បានជោគជ័យ និងការដាក់ដំណើរសេដ្ឋកិច្ចឡើងវិញ ដែលធ្វើឱ្យមានការបញ្ជាទិញពីប្រទេសផ្សេងៗជាច្រើនមកកម្ពុជា ស្របពេលដែលបណ្តាប្រទេសមួយចំនួនទៀត មិនអាចទទួលការបញ្ជា ទិញពីទីផ្សារបរទេសបាន ដោយសារតែជួបបញ្ហាវិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច និងវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឱ្យអ្នកបញ្ជាទិញងាកមកកម្ពុជា។
លោកន៍ថា បើទោះបីជាឆ្នាំនេះ កម្ពុជាអាចនឹងជួបបញ្ហាប្រឈមមួយចំនួនដូចជា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនៃថ្លៃដឹកជញ្ជូន ដែលប៉ះពាល់ដល់ថ្លៃដើមផលិតកម្មក៏ដោយ តែកំណើននៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅតែល្អប្រសើរ។
លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ២០២២នេះ យើងឃើញមានសញ្ញាល្អ។ ភាពប្រឈមវាមានតិចតួច ប្រឈមនឹងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ធ្វើឱ្យប្រេងឡើងថ្លៃ អាចប៉ះពាល់ដល់ថ្លៃដើម ការដឹកជញ្ជូន ការផលិត ប៉ុន្តែទន្ទឹមពេលដែលយើងបើកដំណើរការសេដ្ឋកិច្ច ដែលគ្រប់គ្រងបញ្ហាកូវីដនេះបានផង និងការដែលយើងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ និងRCEP ។ មិនត្រឹមប៉ុណ្ណឹងទេយើង នៅមានភាពអនុគ្រោះពន្ធ EBA, GSP ខ្ញុំជឿថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២នៅតែមានកំណើន»។
តាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល ក្នុងរយៈពេល២ខែនេះ កម្ពុជាបាននាំចេញទំនិញផ្សេងៗ មានតម្លៃជាង៥ពាន់លានដុល្លារ កើនឡើង១០.៥%៕