ការអប់រំ ជាតម្រូវការមូលដ្ឋានចម្បងបំផុតរបស់ពលរដ្ឋទាំងនៅទីក្រុង និងជនបទ
FN៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗបានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិត ជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូដើម្បីឱកាសសិក្សារបស់កូនៗ ខណៈរាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គ្រប់អាណត្តិតែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ។ ការថ្លែងបែបនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា និងបណ្ណាល័យ នៃគ្រឹះស្ថានសិក្សាចំនួន៣ រួមមាន៖ វិទ្យាល័យជាស៊ីមឈូកវ៉ា ខណ្ឌព្រែកព្នៅ វិទ្យាល័យជាស៊ីមសាមគ្គី ខណ្ឌទួលគោក និងសាលាបឋមសិក្សាក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ។ នាឱកាសនោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានពាំនាំនូវការផ្តាំផ្ញើការអបអរសាទរពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនក្នុងថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរសម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចទាំងពីរ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរអំពីការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះធនធានមនុស្ស។…