រដ្ឋមន្រ្តី សាយ សំអាល់៖ កិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា ទទួលជោគជ័យនៅពេលនេះ គឺអាស្រ័យកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់
FN ៖ «កិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជាទទួលបានជោគជ័យរហូតមកទល់ពេលនេះគឺអាស្រ័យដោយ មានកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់មន្ត្រីទាំងអស់ របស់យើងទាំងកម្លាំងបញ្ញា ស្មារតី និងប្រកបដោយការទទួលខុសត្រូវខ្ពស់»។ នេះគឺជាការថ្លែងកោតសរសើររបស់លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានចំពោះមន្ត្រីក្រសួងបរិស្ថាន នៅចំពោះមុខអ្នកចូលរួមជាច្រើននាក់ ក្នុងឱកាសលោកចូលរួមជាអធិបតីក្នុងទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៧ក្រោមប្រធានបទ «ជីវៈចម្រុះ និងទេសចរណ៍ប្រកបដោយនិរន្តរភាព»។ ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ២០១៧ ក្រោមប្រធានបទ «ជីវចម្រុះ និងទេសចរណ៍ប្រកបដោយនិរន្តរភាព» ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនាយកដ្ឋានជីវៈចម្រុះនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាពិសេសអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហគមន៍អ៊ឺរ៉ុប (EU) ហើយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សិស្ស និស្សិតប្រមាណ ៥០០នាក់ផងដែរ។ ថ្លែងសុន្ទរកថា ក្នុងទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងពីតម្លៃ និងសារៈប្រយោជន៍នៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលបានផ្ដល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខមាលភាពមនុស្សនៅលើភពផែនដី។…